របាយការណ៍ដែលបានចេញផ្សាយថ្មីៗនេះ ដោយស្ថាប័នស្រាវជ្រាវ និងប្រឹក្សាយោបល់ឧស្សាហកម្មវៀតណាម (VIRAC) បានឲ្យដឹងថា និន្នាការធ្លាក់ចុះនៃកំណើនតម្រូវការស្រាបៀរក្នុងស្រុក អាចនឹងបន្ដរហូតដល់ឆ្នាំខាងមុខៗទៀត បើទោះបីជាប្រទេសនេះ មានកំណើនប្រជាជនគ្រប់អាយុអាចមានសិទ្ធិផឹកស្រាប្រហែល ១លាននាក់ក្នុងមួយឆ្នាំក៏ដោយ។
របាយការណ៍បានប៉ាន់ប្រមាណថា កំណើនប្រចាំឆ្នាំ នៃឧស្សាហកម្មស្រាបៀរក្នុងស្រុក មានប្រមាណ ៦ ទៅ៧ ភាគរយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺតម្លៃភាគហ៊ុននៃឧស្សាហកម្មនេះ គឺមានការធ្លាក់ចុះជិត ១៣% កាលពីឆ្នាំមុន ហើយបើតាមការគូសបញ្ជាក់របស់របាយការណ៍ អាជីវកម្មខ្នាតតូច គឺទំនងជានឹងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែការធ្លាក់ចុះកំណើនទីផ្សារស្រាបៀរនេះ។
កាលពីឆ្នាំ២០១៩ ប្រជាជនវៀតណាមបានផឹកស្រាបៀរអស់ជាង ៤,៦ ពាន់លានលីត្រ កើនឡើងប្រមាណ១០% ធៀបនឹងឆ្នាំ២០១៨ ហើយបើតាមទិន្នន័យ ស្រាវជ្រាវរបស់ស្ថាប័នមួយប្រចាំប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា ចំណូលពីការលក់ស្រាបៀរនៅវៀតណាម មានការកើនឡើង ៦,៨៨% ក្នុងមួយឆ្នាំ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៧,៧៥ ពាន់លានដុល្លារអាមេរិក។
ហេតុផលចម្បង ដែលធ្វើឲ្យឧស្សាហកម្មស្រាបៀរវៀតណាម ធ្លាក់ចុះ គឺដោយសារតែការអនុវត្តនូវច្បាប់ចរាចរណ៍ថ្មី ដែលបានចូលធរមានកាលពីថ្ងៃទី ០១ ខែ មករា ឆ្នាំ២០២០ ដោយបានផាកពិន័យធ្ងន់ធ្ងរចំពោះអ្នកបញ្ជាយានយន្ដ ដែលស្ថិតក្នុងស្ថានភាពស្រវឹង។ អ្នកជិះកង់ និងកង់អេឡិចត្រូនិក ក៏នឹងត្រូវពិន័យចំពោះការបើកបរក្រោមឥទ្ធិពលស្រវឹងផងដែរ។
តាមច្បាប់ចរចារណ៍ថ្មីរបស់វៀតណាមនោះ អ្នកបើកបរម៉ូតូ និងរថយន្ដ ក្នុងស្ថានភាពស្រវឹង អាចនឹងត្រូវពិន័យដល់ទៅ ១.៣០០ ទៅ ១.៧២៥ ដុល្លារអាមេរិក ដែលចំនួននេះ គឺមានការបន្ថែមការផាកទ្វេដង ធៀបនឹងច្បាប់ចាស់ដែលមានកន្លងមក ហើយបណ្ណបើកបររបស់ពួកគេ ក៏នឹងត្រូវព្យួររយៈពេល ២២ ទៅ ២៤ខែផងដែរ។
តាមការអង្កេតមើលពីឧស្សាហកម្មដទៃទៀត បង្ហាញថា ការរីករាលដាលនៃមេរោគកូវីដ-១៩ ក៏ទំនងជាបាននិងកំពុងធ្វើឲ្យកំណើនទីផ្សារស្រាបៀរវៀតណាម ត្រូវថយចុះផងដែរនៅឆ្នាំនេះ។
ទោះបីជាវាមានបញ្ហាប្រឈមច្រើនក៏ពិតមែន ប៉ុន្ដែ វាក៏នៅមានឱកាសកំណើនសម្រាប់ឧស្សាហកម្មស្រាបៀរវៀតណាមដែរ គឺឱកាសសម្រាប់នាំចេញ។ នេះបើតាមរបាយការណ៍។
របាយការណ៍បានឲ្យដឹងទៀតថា ទីផ្សារនាំចេញស្រាបៀរវៀតណាម មានដូចជាប្រទេសចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រទេសទាំងនេះ គឺកំពុងមានកំណើនតម្រូវការប្រើប្រាស់ម្ហូបអាហារ និងភេសជ្ជៈយ៉ាងខ្លាំង។ បន្ថែមពីនេះ វៀតណាម ក៏អាចនាំចេញដោយមិនជាប់ពន្ធ ទៅកាន់ទីផ្សារមួយចំនួន ដែលមានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាផងដែរ។
វៀតណាម កាលពីឆ្នាំ២០១៩ បាននាំចេញស្រាបៀរប្រមាណជា ៤៩លានលីត្រ ឬស្មើនឹងតម្លៃជាទឹកប្រាក់ប្រមាណ ជិត ៤៦ លានដុល្លារអាមេរិក៕