អ្នកជំនួញនាំចេញគ្រឿងសមុទ្រធំៗរបស់វៀតណាមបានឱ្យដឹងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានកាលពីថ្ងៃទី ១ ខែមករាកន្លងទៅនេះ នឹងជួយក្រុមហ៊ុននាំចេញគ្រឿងសមុទ្រទាញយកអត្ថប្រយោជន៍កាន់តែច្រើន និងលើកទឹកចិត្តពួកគេឱ្យអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយនិរន្តរភាពជាមួយនឹងទំហំផលិតកម្មកាន់តែធំស្របទៅតាមច្បាប់អន្តរជាតិ។
សូមជម្រាបថា ក្រុមហ៊ុនអាហារសមុទ្រត្រូវបានកំណត់ថា នឹងស្ថិតក្នុងចំណោមអ្នកទទួលបានផលប្រយោជន៍ដ៏សំខាន់ ខណៈដែលប្រទេសជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ភាគច្រើន លើកលែងតែកូរ៉េខាងត្បូងមួយ បានយល់ព្រមកាត់បន្ថយពន្ធលើអាហារសមុទ្រដល់សូន្យភាគរយភ្លាមៗនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មចូលជាធរមាន។ទន្ទឹមនេះ ក្រុមហ៊ុននាំចេញផ្លែឈើមានក្ដីរំពឹងថា តាមរយៈកិច្ចព្រមព្រៀង RCEP នឹងអាចជួយពួកគេនាំចេញផ្លែឈើកាន់តែច្រើនទៅក្រៅប្រទេស។ ជាក់ស្ដែង ជាឧទាហរណ៍ប្រទេសចិនគ្រោងនឹងនាំចូលជាផ្លូវការនូវផ្លែឈើបន្ថែមទៀតពីប្រទេសវៀតណាម រួមមាន ធុរេន ផ្លែល្ហុង ក្រូចថ្លុង ផ្លែបឺរ និងផ្លែប៉ោម។ យ៉ាងណាមិញ ក៏មានឧស្សាហកម្មជាច្រើនផ្សេងទៀត ដូចជា សម្លៀកបំពាក់ ស្បែកជើង ឈើ សេវាកម្ម និងការផលិតផ្សេងទៀត ក៏នឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះផងដែរ។
សូមជម្រាបថា វៀតណាមនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលពឹងផ្អែកលើពាណិជ្ជកម្មច្រើនជាងគេនៅក្នុងពិភពលោក។ បច្ចុប្បន្ន ការនាំចេញរបស់វៀតណាមទៅកាន់បណ្ដាប្រទេសជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP មានដល់ទៅ ៥២ភាគរយនៃការនាំចេញសរុប។ ដោយឡែក ទំហំពាណិជ្ចកម្មវៀតណាមជាមួយប្រទេសជាដៃគូ សម្រេចបានដល់ ៦៦៨ពាន់លានដុល្លារកើនជាង ២២% ក្នុងឆ្នាំ ២០២១។ វៀតណាមក៏រំពឹងដែរថា កិច្ចព្រមព្រៀង RCEP នឹងអាចផ្ដល់នូវសម្ទុះសម្រាប់ការងើបឡើងនៃសេដ្ឋកិច្ចក្រោយការរាតត្បាតកូវីដ១៩ផងដែរ។
សូមរំឮកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ដ៏ធំ RCEPនេះ ត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន ១៥ ដែលគ្របដណ្តប់សរុបប្រហែលមួយភាគបីនៃចំនួនប្រជាជនពិភពលោក ដែលអនុញ្ញាតឱ្យអាជីវកម្មមានការកាត់បន្ថយពន្ធនាំចូលដល់ទៅ ៩២% ខណៈដែលវាបង្កើតបានជាទីផ្សារនៃអ្នកប្រើប្រាស់រហូតដល់ជាង២ពាន់២រយលាននាក់ និងជាប្លុកពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅក្នុងពិភពលោក៕អត្ថបទ ស៊ើង និមល់