ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក Vietnam Express លោក ដាង វ៉ាន់ សុន អនុប្រធាន និងជាលេខាទូទៅនៃសមាគម VPPA បាននិយាយថា គ្មានក្រុមហ៊ុនណាចង់បានថ្ងៃឈប់សម្រាកបីថ្ងៃបន្ថែមទៀតនោះទេ។ លោក ដាង វ៉ាន់ សុន បានបញ្ជាក់ថា សំណើដោយសហព័ន្ធការងារទូទៅវៀតណាម ដើម្បីបង្កើតថ្ងៃឈប់សម្រាក៣ថ្ងៃថ្មីបន្ថែមទៀតនោះ គឺ មិនអាចអនុវត្តបានទេឥឡូវនេះ ដោយសារតែផលិតភាពការងារវៀតណាមគឺនៅទាប ហើយសេដ្ឋកិច្ចប្រទេសមិនទាន់អភិវឌ្ឍ បានដូចប្រទេសជិតខាងនៅឡើយ។
លើសពីនេះទៀត លោក សុន បានលើកឡើងថា ម្ចាស់អាជីវកម្មនឹងមានបញ្ហាកាន់តែច្រើនទ្វេដង ដោយសារតែពួកគេត្រូវចំណាយបន្ថែមដល់និយោជិតដែលមកធ្វើការនៅថ្ងៃឈប់សម្រាកនោះ។
តាមច្បាប់ការងារនៅវៀតណាម ប្រាក់ឈ្នួលថែមម៉ោងអំឡុងថ្ងៃចុងសប្ដាហ៍ គឺមានយ៉ាងហោចណាស់២០០ ភាគរយនៃអត្រាធម្មតា ហើយវាអាចកើនឡើងដល់ ៣០០ភាគរយ អំឡុងថ្ងៃឈប់សម្រាក។
លោក ក្វៀន សៀន ដុង ប្រធានសមាគម អាជីវកម្មខេត្ត ហួង យិន និងជាម្ចាស់សហគ្រាសកាត់ដេរមួយដែរនោះ បាននិយាយថា វៀតណាម មានថ្ងៃឈប់សម្រាកសមរម្យ ដោយមាន២២ថ្ងៃ។ វាអាចជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់អាជិវកម្ម ប្រសិនបើបន្ថែមថ្ងៃឈប់សម្រាក៣ថ្ងៃបន្ថែមទៀត។
សហព័ន្ធការងារទូទៅវៀតណាម បានអំពាវនាឲ្យបង្កើនចំនួនថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ដោយបានអះអាងថា វៀតណាម គឺមានចំនួនថ្ងៃឈប់សម្រាកតិចជាងគេនៅអាស៊ីអាគ្នេយ៍នេះ ដែលមានត្រឹមតែ១០ថ្ងៃ ខណៈដែលកម្ពុជា មាន ២៨ថ្ងៃ ថៃ និងឥណ្ឌូនេស៊ី មាន១៦ថ្ងៃ ប្រុយណេ មាន១៥ថ្ងៃ មាឡេស៊ីមាន១៤ថ្ងៃ និងសិង្ហបុរីមាន១១ថ្ងៃ។
សហព័ន្ធការងារទូទៅវៀតណាម កាលពីពេលថ្មីៗនេះ ក៏បានដាក់សំណើឲ្យមានការកាត់បន្ថយម៉ោងការងារពី ៤៨ម៉ោង ក្នុងមួយសប្ដាហ៍ មកនៅត្រឹម៤៤ម៉ោងផងដែរ ប៉ុន្ដែ សំណើរនេះ ត្រូវបានបដិសេធ ដោយវិស័យឯកជន។
ថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើនបានចាត់ទុកការលើកឡើងនូវសំណើរបស់សហព័ន្ធការងារទូទៅវៀតណាម ថាជារឿងមិនត្រឹមត្រូវ ដោយសារតែផលិតភាពការងារវៀតណាម គឺស្ថិតនៅកម្រិតទាបបំផុតនៅក្នុងតំបន់ ចំនួនប្រជាជនសរុបរបស់វៀតណាមឈរលំដាប់ទី១៥ នៃប្រទេសមានចំនួនប្រជាជនច្រើនបំផុតរបស់ពិភពលោក ប៉ុន្ដែ ចំណូលសម្រាប់ប្រជាជនម្នាក់ៗរបស់វៀតណាម គឺស្ថិតស្ថិតនៅលំដាប់លេខទី ១៣១ ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី ក្វៀន ធីគីម ងាន បានបញ្ជាឲ្យធ្វើការសិក្សាលើផលព៉ះពាល់សេដ្ឋកិច្ចសង្គមនៃសំណើនេះ ខណៈដែលសហព័ន្ធ គ្រោងនឹងបញ្ជូនអនុសាសន៍របស់ខ្លួនទៅរដ្ឋសភានៅខែក្រោយនេះដែរ៕