របាយការណ៍ដដែល បានឲ្យដឹងថា នៅក្នុងកន្លះខែ នៃខែមករានៅឆ្នាំនេះ ការនាំចេញរបស់វៀតណាម មានជាង ៩.២០០លានដុល្លារអាមេរិក ខណៈ ដែលការនាំចូលវិញ មានដល់ទៅ ប្រមាណ ១០.២០០ លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញ មាន ២ ភាគ៣ទៅហើយ គឺបានមកពីក្រុមហ៊ុន ដែលជាការវិនិយោគផ្ទាល់ពីក្រៅប្រទេស។
ត្រូវបាន ដកស្រង់សម្ដីដោយសារព័ត៌មាន Vietnam Express អ្នកជំនាញសេដ្ឋកិច្ចបាន អះអាងថា ប្រទេសវៀតណាម គឺពឹងផ្អែកខ្លាំងទៅលើអាជីវកម្ម ដែលជាការវិនិយោគផ្ទាល់ពីក្រៅប្រទេស ឬហៅថា FDI ដូច្នេះហើយ នៅពេលដែលការនាំចេញ ធ្លាក់ចុះ ឬការនាំចូលកើនឡើងខ្ពស់ នៅក្នុងក្រុមហ៊ុន ដែលជាការវិនិយោគផ្ទាល់ពីក្រៅប្រទេស នោះនឹងធ្វើឲ្យប៉ះពាល់ដល់តុល្យភាពពាណិជ្ជកម្មក្នុងប្រទេស។
នៅក្នុងរយៈពេលកន្លះខែដំបូងនៃឆ្នាំនេះ ការនាំចេញគ្រឿងទូរស័ព្ទ ដែលជាផលិតផលនាំចេញធំជាងគេរបស់វៀតណាម និងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនវិនិយោគពីបរទេសនោះ បានធ្លាក់ចុះជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺនៅមានទំហំទឹកប្រាក់ប្រមាណ ១.៣០០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ រីឯគ្រឿងផលិតផលកុំព្យូទ័រវិញ ក៏មានការនាំចេញធ្លាក់ចុះ ជិត ៥% ផងដែរ។
ក្រុមអ្នកសេដ្ឋកិច្ចវៀតណាម បានព្រមានថា ឱនភាពពាណិជ្ជកម្មនាពេលនេះ គឺជាសញ្ញាមួយបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមត្រូវការកាត់បន្ថយការពឹងផ្អែក លើការវិនិយោគផ្ទាល់ពីក្រៅប្រទេស ព្រោះថា វាអាចនឹងធ្វើឲ្យសេដ្ឋកិច្ចវៀតណាមកាន់តែរងទុក្ខធ្ងន់ធ្ងរជាងនេះ ប្រសិនបើក្រុមហ៊ុនបរទេសទាំងនោះ ដកខ្លួនចេញពីប្រទេសវៀតណាម ទៅកាន់ប្រទេសផ្សេងទៀត ស្របពេលដែលបច្ចុប្បន្ន ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ចាប់ផ្ដើមមានផលិតភាពការងារកាន់តែប្រសើរជាងវៀតណាម។
ហេតុផលមួយផ្សេងទៀត ដែលគេចាត់ទុកថា បានធ្វើឲ្យវៀតណាម មានឱនភាពពាណិជ្ជកម្មក្នុងរយៈពេលកន្លះខែមកនេះ គឺដោយសារតែអាជីវកម្មក្នុងស្រុក បានដាក់ការបញ្ជាទិញ និងនាំចូលច្រើន ដើម្បីត្រៀមរៀបចំនូវពិធីបុណ្យចូលឆ្មាំថ្មីក្នុងប្រទេសនេះ ដែលនឹងធ្វើឡើង នៅខែក្រោយ។
គួរជម្រាបដែរថា តាមការព្យាករពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅឆ្នាំ២០១៩នេះ ប្រទេសវៀតណាម រំពឹងថា នឹងមានឱនភាពពាណិជ្ជកម្មប្រមាណ ៣ ពាន់លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំ ២០១៨ វៀតណាម មានអតិរេកពាណិជ្ជកម្មខ្ពស់បំផុត មិនធ្លាប់មានឡើយ បើគិតត្រឹម ១ទស្សវត្សរ៍កន្លងមកនេះ ពោលគឺមានប្រមាណជាង ៧ពាន់លានដុល្លារអាមេរិក៕