ការនាំចេញកសិផលរបស់វៀតណាម បានកើនឡើង២៤,៤% ឈានរហូតដល់ជាង១៥ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ ដោយក្នុងនោះការនាំចេញកាហ្វេ កៅស៊ូ អង្ករ ផ្លែឈើ និងបន្លែ និងគ្រាប់ស្វាយចន្ទីសុទ្ធតែមានតម្លៃមិនក្រោមពាន់លានដុល្លារអាម៉េរិកនោះឡើយ។
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ការនាំចេញកាហ្វេ បានកើនឡើងច្រើនជាងគេបំផុតដល់ទៅ៣៤,៦% ឈានដល់ជាង៩០ម៉ឺន២ពាន់តោនជាមួយទំហំទឹកប្រាក់ជាង៣ពាន់លានដុល្លារ ដោយសារតម្លៃហក់ឡើងខ្លាំង។ ការនាំចេញអង្ករសរុបបានចំនួនជាង៤លាន៦សែនតោន ក្នុងទំហំទឹកប្រាក់សរុបជិត៣ពាន់លានដុល្លារ ដោយកើនឡើង៣២% ដោយសារតម្រូវការនៅក្នុងទីផ្សារធំៗដូចជាហ្វីលីពីន ឥណ្ឌូនេស៊ី ចិន និងអាហ្វ្រិកមានកំណើនពីរខ្ទង់។
ទន្ទឹមនេះ បន្លែ និងផ្លែឈើក្នុងទំហំប្រមាណជាង៣,៣ពាន់លានដុល្លារ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិផ្សេងៗ មានការកើនឡើងជាង២៤% ដោយក្នុងនោះទុរេន ក៏នាំចេញបានច្រើនដែរ ហើយប្រទេសចិន ជាអ្នកទិញទុរេនវៀតណាម ច្រើនជាងគេ។ ទិន្នន័យបង្ហាញថា តម្លៃនាំចេញជាពិសេសទុរេន ស្រកានាគ ស្វាយ និងចេកនៅឆ្នាំនេះ ក៏មានការឡើងថ្លៃផងដែរ បើធៀបនឹងឆ្នាំមុន។
ទន្ទឹមនេះ ការនាំចេញគ្រាប់ស្វាយចន្ទី សម្រេចបាន៣៥ម៉ឺនតោន ក្នុងទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារ ដោយកើនឡើងជាង១៧% ខណៈការនាំចេញកៅស៊ូ បានកើនឡើងតិចតួចត្រឹមតែជាង៤,៥%ឈានដល់ប្រមាណជាង១ពាន់លានដុល្លារប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការនាំចេញកសិផលវៀតណាម បានកើនឡើងខ្លាំងដោយសារតម្រូវការខ្ពស់ពីបណ្ដាដៃគូពាណិជ្ជកម្មធំៗដូចជាចិន សហរដ្ឋអាម៉េរិក ហ្វីលីពីន ជប៉ុន និងកូរ៉េខាងត្បូង ជាដើម៕
ដោយ: តែម សុខុម