ប្រទេសវៀតណាម ដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម និងផលិតកម្មឧស្សាហកម្ម បាននាំចេញបន្លែផ្លែឈើបានរហូតដល់ទៅ៣,៤ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ ដោយក្នុងនោះការនាំចេញកាហ្វេមានភាពលេចធ្លោជាងគេ។ សមាគមបន្លែ និងផ្លែឈើវៀតណាម បានអះអាងថា ទីផ្សារធំៗដូចជាប្រទេសចិន ថៃ និងកូរ៉េខាងត្បូង បានបង្កើនការនាំចូលបន្លែ និងផ្លែឈើពីប្រទេសវៀតណាមពី៣០% ទៅ៦០% ហើយទីផ្សារសំខាន់ៗមួយចំនួនផ្សេងទៀត បានបង្កើនពី១០% ទៅ៥០%។
សូមបញ្ជាក់ថា ការនាំចេញបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាម ទៅកាន់ប្រទេសចិន ដែលមានប្រជាជនច្រើនបំផុតទី២របស់ពិភពរហូតដល់ទៅជាង១,៤ពាន់លាននាក់ បន្ទាប់ពីប្រទេសឥណ្ឌា មានទំហំរហូតដល់ទៅ១,៧ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤។
លោក ដាង ហ្វុក ង្វៀន (Dang Phuc Nguyen) អគ្គលេខាធិកាសមាគមបន្លែ និងផ្លែឈើវៀតណាមបានគូសបញ្ជាក់ថា ប្រទេសវៀតណាម មានលក្ខណសម្បត្តិល្អច្រើនទាក់ទិននឹងការនាំចេញទៅកាន់ប្រទេសចិន ដោយសារជាប្រទេសក្បែរខាងគ្នា និងភាពស្រដៀងគ្នានៃមុខម្ហូបដែលពលរដ្ឋនៃប្រទេសទាំងពីរទទួលទាន ហើយលោកបានបន្ថែមថា ទុរេនក៏មានតម្រូវការខ្លាំងដែរ នៅក្នុងប្រទេសចិន។ លោកបានបន្តថា ប្រទេសចិន នឹងចុះហត្ថលេខាលើពិធីសារដែលអនុញ្ញាតឱ្យវៀតណាម អាចនាំចេញទុរេនក្លាស្សេ និងផលិតផលកសិកម្មមួយចំនួនទៀតដូចជាឱសថរុក្ខជាតិ ដូង និងផ្លែឈើបង្កកជាដើម។
លោកបានបង្ហាញសុទិដ្ឋិយមថា ប្រសិនបើក្រុមហ៊ុននានារបស់វៀតណាម គោរពបានខ្ជាប់ខ្ជួនតាមបទប្បញ្ញត្តិតឹងរ៉ឹងតម្រូវដោយប្រទេសចិន និងធានាថា ទំនិញរបស់ពួកគេមានគុណភាព និងមានសុវត្ថិភាពខ្ពស់ នោះការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម អាចនឹងកើនឡើងពី១៥% ទៅ២០% ក្នុងឆមាសទី២ ហើយទំហំនាំចេញអាចនឹងកើនលើស៧ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៤ នេះ។
ទន្ទឹមនេះ លោក ដាង ហ្វុក ង្វៀន (Dang Phuc Nguyen) បានព្រមានថា បណ្ដាក្រុមហ៊ុនវៀតណាម ណាដែលគ្មានទំនួលខុសត្រូវនៅក្នុងការនាំចេញ ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន នឹងត្រូវប្រឈមការពិន័យ៕
ដោយ: តែម សុខុម