សមាគមផលិតផលស្បែក និងស្បែកជើងវៀតណាម បានគូសបញ្ជាក់ថា ផលិតផលស្បែក និងស្បែកជើងរបស់វៀតណាម នៅតែមានឱកាសចូលទៅ បំពេញចំណែកតម្រូវការទីផ្សារសកល ពីព្រោះ ការផ្គត់ផ្គង់របស់ប្រទេសចិន ក៏បានធ្លាក់ចុះពី រង្វង់ ៧០% មកនៅត្រឹម ៥០%ប៉ុណ្ណោះ ដោយសារតែវិបត្តិមេរោគកូវីដ១៩។
ក្រៅពីប្រទេសវៀតណាម ក៏មានប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ជាដើម កំពុងសម្រុកនាំចេញទំនិញប្រភេទនេះ ដើម្បីចាប់យកចំណែកទីផ្សារដែលកំពុងខ្វះខាតការផ្គត់ផ្គង់។
បើតាមប្រធានសមាគមខាងលើ បានលើកឡើងដែរថា វៀតណាម នៅមានសុទិដ្ឋិនិយមខ្ពស់ សម្រាប់វិស័យមួយនេះ ទាំងផលិតកម្ម និងការនាំចេញ បើទោះបីជា ការកម្ម៉ង់ទិញពី ទីផ្សារមានការកាត់បន្ថយច្រើនក៏ដោយ តែការកម្ម៉ង់ទិញពី ប្រទេសវៀតណាម គឺថយចុះបន្តិចប៉ុណ្ណោះ ប្រសើរជាងបណ្តាប្រទេសជាដៃគូប្រកួតប្រជែង។
យ៉ាងណាក៏ដោយ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានអះអាងថា តម្រូវការប្រើប្រាស់ផលិតផលស្បែក និងស្បែកជើង នៅតែបន្តជួបបញ្ហាប្រឈមជាច្រើន ព្រោះវាអាស្រ័យទៅលើ ការគ្រប់គ្រងស្ថានការណ៍នៃមេរោគកូវីដ១៩ នៅអាមេរិក និងអឺរ៉ុប។
សូមជម្រាបថា គោលដៅនាំចេញផលិតផលស្បែក និងស្បែកជើងរបស់វៀតណាម នៅក្នុងឆ្នាំ ២០២០នេះ ទំនងជាមិនអាចសម្រេចទៅបាននោះទេ ព្រោះថា ទីផ្សារសំខាន់ៗ ដូចជា អាមេរិក ចិន ជប៉ុន និងអាល្លឺម៉ង់ សុទ្ធតែបានទម្លាក់ការនាំចូលផលិតផលទាំងអស់នោះ និងពុំទាន់បង្ហាញតម្រុយបញ្ជាទិញកើនឡើងវិញនោះទេ៕