នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចចំនួន៣ថ្ងៃនៅសង្ហបុរី អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស នឹងបន្ដធ្វើដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមរយៈពេលចំនួន៣ថ្ងៃទៀត ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា មុននឹងធ្វើដំណើរត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ។
វត្តមានរបស់មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិករូបនេះ ត្រូវបានអ្នកជំនាញរំពឹងខ្ពស់អំពីលទ្ធផលផ្លែផ្កាដែលអាចកើតមាននៅក្រោយដំណើរទស្សកិច្ចនេះ។ ពិសេស ទាក់ទងនឹងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរតែម្ដង។
លោក ជែម បូតន់ (JAme Borton) សមាជិកជាន់ខ្ពស់នៃវិទ្យាស្ថានគោលនយោបាយការបរទេស បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស ទំនងជានឹងពិភាក្សាអំពីការផ្តល់វ៉ាក់សាំងដែលជាការសន្យារបស់សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ និងការបន្ថែមមូលនិធិដើម្បីគាំទ្រការប្រែប្រួលអាកាសធាតុនៃប្រទេសតំបន់ដីសណ្ដទន្លេមេគង្គក្រោម តាមរយៈគម្រោងភាពជាដៃគូមេគ្គ-អាមេរិក និង ការលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគផងដែរ។
ទន្ទឹមនេះលោក ផាម ហ្វូងវីញ អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយថាថាសហរដ្ឋអាមេរិកនឹងអាចបំពេញតម្រូវការវ៉ាក់សាំងរបស់វៀតណាមក្នុងពេលខាងមុខនេះ ខណៈសហរដ្ឋអាមេរិក គឺជាអ្នកផ្តល់វ៉ាក់សាំងធំបំផុតសម្រាប់ប្រទេសវៀតណាមក្រោមយន្តការកូវ៉ាក់ជាមួយវ៉ាក់សាំង ៥លានដូស និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ និងការគាំទ្រផ្នែកបច្ចេកទេសក្នុងតម្លៃទឹកប្រាក់ប្រមាណ ២១ លានដុល្លារ។យ៉ាងណាមិញ លោក ផាម ហ្វូងវិញ បានលើកឡើងពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនេះផងដែរ ព្រោះថាប្រទេសទាំងពីរមានសក្តានុពលខ្លាំងក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាក់ស្ដែងពាណិជ្ជកម្មទ្វេភាគីបានកើនឡើងទ្វេដងពី ៤៥ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ដល់ជាង ៩០ពាន់លានដុល្លារនៅឆ្នាំ ២០២០ ។
សូមជម្រាបថា រដ្ឋបាល លោក ប៉ៃដិន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខរវាងសហរដ្ឋអាមេរិកនិងដៃគូសំខាន់ៗនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បន្ទាប់ពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ TPP ដែលវាត្រូវបានគេមើលឃើញថា ជាការបរាជ័យមួយរបស់អាមេរិកក្នុងការបង្កើតទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល៕
អត្ថបទ៖ ស៊ើង និមល់