សារព័ត៌មានវៀតណាម VN Express បានឲ្យដឹងថា បច្ចុប្បន្ន វៀតណាមកំពុងប្រឈមនឹងការកើនឡើងការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាងដូចជាកម្ពុជា និងថៃ កាន់តែខ្លាំងឡើងៗ ក្នុងការនាំចេញផ្លែឈើទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលទីផ្សារចិននេះ គឺជាទីផ្សារធំបំផុតសម្រាប់ផលិតផលផ្លែឈើរបស់វៀតណាម ក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ
កសិករនៅតំបន់ភាគខាងត្បូងនៃខេត្តឡុង អានប្រទេសវៀតណាមបានលើកឡើងប្រាប់សារព័ត៌មានវៀតណាម VN Express ថា ចំនួនឈ្មួញចិនដែលចូលមកក្នុងប្រទេសវៀតណាម ដើម្បីទិញផ្លែឈើ មានការធ្លាក់ចុះជាលំដាប់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលវាក៏បានធ្វើឲ្យ តម្លៃផ្លែឈើក៏មានការធ្លាក់ចុះទៅតាមនោះដែរ។
ប្រជាកសិករវៀតណាមកំពុងមានការជាក់គាំងនៅឆ្នាំនេះ ក្នុងការនាំចេញផ្លែឈើមួយចំនួនទៅកាន់ទីផ្សារចិនដូចជា ផ្លែស្វាយ ខ្នុរ ផ្លែប៊័រ និងឪឡឹកជាដើម ដោយសារតែមានការប្រកួតប្រជែងទីផ្សារខ្លាំងជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ តួយ៉ាង ថ្មីៗនេះដែរ កម្ពុជាទើបតែបាននាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារចិនផ្លូវការជាលើកដំបូង ក្នុងបរិមាណជាង២០០តោន។ ប៉ុន្ដែ មកទល់ពេលនេះ កម្ពុជាកំពុងខ្វះស្វាយនាំចេញទៅចិនបន្ថែមទៀត ដ្បិតថារដូវប្រមូលផលស្វាយបានផុតទៅហើយ។ កម្ពុជារំពឹងថា នឹងអាចនាំចេញផ្លែស្វាយទៅចិនបានប្រមាណ១០ម៉ឺនតោនក្នុងមួយឆ្នាំ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម វេងសាខុន ដែលបានប្រាប់ខេមបូណូមីសថ្មីៗនេះ។
តាមការគូសបញ្ជាក់នៅក្នុងសារព័ត៌មានវៀតណាមបានឲ្យដឹងថា ប្រទេសចិនបានមើលឃើញពីគុណភាពខ្ពស់របស់ផ្លែស្វាយកម្ពុជា ហើយបានអនុញ្ញាតឲ្យកម្ពុជានាំចេញស្វាយទៅចិនបានប្រមាណកន្លះលានតោនក្នុងមួយឆ្នាំ។
ក្រៅពីកម្ពុជា ប្រទេសថៃ ក៏ជាដៃគូប្រជែងមួយទៀតរបស់វៀតណាមដែរ ហើយថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានព្រមានថា អ្នកនាំចេញទុរេន ក្រូចថ្លុង មង្ឃុត នឹងត្រូវប្រឈមនឹងការប្រកួតប្រជែងខ្លាំងជាមួយនឹងប្រទេសថៃ។
អ្នកបញ្ជាទិញចិន ហាក់មានចំណាប់អារម្មណ៍ចំពោះទុរេននាំចូលពីថៃ និងម៉ាឡេស៊ី ដោយសារតែតម្លៃមានការធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានប្រៀបជាងទុនរេនវៀតណាម។
បើទោះបីជាការនាំចេញផ្លែឈើរបស់វៀតណាម ទៅចិនមានការលំបាកក៏ដោយ ប៉ុន្ដែ បើមើលទៅលើការនាំចេញផ្លែឈើទៅប្រទេសផ្សេងទៀតហាក់មានកើនឡើងគួរឲ្យកត់សម្គាល់តួយ៉ាង ដូចជាការនាំចេញទៅប្រទេសរុស្ស៊ី ជប៉ុន អាមេរិក និងអូស្ត្រាលីជាដើម ដោយមានអត្រាកំណើនចន្លោះពី ៣០ទៅ៥០ភាគរយ។
នៅក្នុងរយៈពេល៥ខែដំបូងនៅឆ្នាំ២០២១ វៀតណាមបាននាំចេញផ្លែឈើសរុបកើនឡើង១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពិឆ្នាំមុន ដោយមានតម្លៃជាទឹកប្រាក់ប្រមាជិត១ពាន់៨រយលានដុល្លារ ក្នុងនោះទីផ្សារចិនមានចំណែកដល់ទៅ៦៣% នៃការនាំចេញផ្លែឈើសរុប៕