យោងតាមរបាយការណ៍ពី គយវៀតណាម បានបង្ហាញឲ្យដឹងថា ការនាំចូលគ្រឿងអេឡិចត្រូនិក និងកុំព្យូទ័រ មានតម្លៃជាង ២,២ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៥០ភាគរយ ហើយការនំាចូលកប្បាសឆៅ មានតម្លៃជិត ១ពាន់លានដុល្លារអាមេរិក មានកំណើន ១៤ភាគរយ។
កាលពីឆ្នាំមុន វិស័យឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌវៀតណាម បានធ្វើការនាំចូលកប្បាសឆៅ ជាង ៣ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ វៀតណាម នាំចូលមកពី អាមេរិក ប្រមាណ ១ពាន់ ៤រយលានដុល្លារ ដោយសារតែ កប្បាស មានគុណភាពខ្ពស់។
បើតាមការិយាល័យស្ថិតិទូទៅវៀតណាម បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល ៧ខែនេះ វៀតណាម រកចំណូលពី ការនាំទំនិញចេញទៅ អាមេរិក មានទំហំទឹកប្រាក់ប្រមាណ ៣២ពាន់លានដុល្លារអាមេរិក ឈរលើកំពូលតារាងនៃការនាំចេញរបស់វៀតណាម ខណៈសហភាពអឺរ៉ុប ឈរនៅលេខ ២ និងចិន នៅលេខ ៣។
គួរបញ្ជាក់ដែរថា ចាប់ពីខែមករា ដល់ខែកក្កដានេះ វៀតណាម បានចំណាយទឹកប្រាក់ជាង ១៤៣ពាន់លានដុល្លារអាមេរិកលើការនាំចូល កើនឡើង ៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយកាលពីឆ្នាំ ២០១៨ វៀតណាម បានធ្វើការនាំចូលទំនិញ មកពី សហរដ្ឋអាមេរិក ដែលមានតម្លៃសរុបជាង ១៣ពាន់លានដុល្លារអាមេរិក៕