នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានរ៉យទ័រ លោក Paul Montoya និងភរិយា គឺលោកស្រី Lynn Montoya បានអះអាងថា ពួកគេបានលក់ផ្ទះ និងរថយន្តនៅរដ្ឋ Wyoming សហរដ្ឋអាម៉េរិក ដើម្បីទិញបន្ទប់ស្នាក់នៅលើនាវា Villa Vie Odyssey ក្នុងតម្លៃ ១៧៩ ០០០ ដុល្លារអាម៉េរិក ព្រមទាំងបង់ថ្លៃសេវាប្រមាណ ៦ ០០០ ដុល្លារក្នុងមួយខែ ដើម្បីអាចរស់នៅ និងធ្វើដំណើរជុំវិញពិភពលោកក្រោយចូលនិវត្តន៍។
ប៉ុន្ដែ ក្តីស្រមៃរបស់ពួកគេអាចបន្តបានត្រឹមតែ ១៧ ខែប៉ុណ្ណោះ ខណៈនៅសប្តាហ៍នេះ ក្រុមហ៊ុន Villa Vie Residences ដែលជាប្រតិបត្តិករនាវា បានប្រកាសផ្អាកដំណើរការនាវា ដោយសារការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ។ ការសម្រេចចិត្តនេះ បានបង្ខំឱ្យលោក Paul និងលោកស្រី Lynn រួមទាំងអ្នកស្នាក់នៅប្រមាណ ២០០ នាក់ទៀត ត្រូវចាកចេញពីនាវានៅកំពង់ផែក្នុងខេត្តព្រះសីហនុ ដោយត្រូវនាំយកសត្វចិញ្ចឹម និងសម្ភារផ្ទាល់ខ្លួនដែលអាចយកតាមខ្លួនបាន។
លោក Paul បាននិយាយថា លោកជឿថាក្រុមហ៊ុននាវានេះ កំពុងខ្វះខាតថវិកា រហូតដល់មិនអាចទិញប្រេងឥន្ធនៈបាន ហើយថែមទាំងជួបការលំបាកក្នុងការបើកប្រាក់ឈ្នួលឱ្យបុគ្គលិកនាវាទៀតផង។ ដោយសារហេតុនេះ លោកមិនសូវមានសង្ឃឹមថានឹងអាចទទួលបានប្រាក់ដែលបានវិនិយោគត្រឡប់មកវិញនោះទេ។
យោងតាមលោក Paul បញ្ហានៅលើនាវាបានកើនឡើងជាបន្តបន្ទាប់ ខណៈជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់អូសបន្លាយ និងធ្វើឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង។ លោកបានអះអាងថា ក្រុមហ៊ុនបានស្នើឱ្យអ្នកស្នាក់នៅបង់ប្រាក់បន្ថែម ហើយថែមទាំងស្នើឱ្យពួកគេផ្តល់ប្រាក់កម្ចីសម្រាប់ទិញប្រេងឥន្ធនៈផងដែរ។
លោកបានរំឭកថា នៅពេលនាវាមកដល់កម្ពុជា អ្នកស្នាក់នៅបានជួបបញ្ហាអ៊ីនធឺណិត ខណៈគុណភាពអាហារបានចាប់ផ្តើមធ្លាក់ចុះប្រហែលបីខែមុន។ ស្ថានភាពទាំងនេះបានធ្វើឱ្យពួកគេសង្ស័យថា ក្រុមហ៊ុនកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។
បើតាមរ៉យទ័រ ក្រុមហ៊ុន Villa Vie Residences បានឱ្យដឹងថា ខ្លួនកំពុងស្វែងរកលទ្ធភាពរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ និងស្វែងរកដើមទុនបន្ថែម ដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈម។ ប៉ុន្តែ ក្រុមហ៊ុនបានបញ្ជាក់ថា មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានបញ្ចប់នោះទេ ហើយក៏មិនអាចធានាបានថា ការស្តារអាជីវកម្មឡើងវិញនឹងទទួលបានជោគជ័យដែរ។