តួយ៉ាង ការនាំចេញផ្លែចេកស្រស់របស់កម្ពុជាទៅចិននៅ៥ខែដំបូងនៅឆ្នាំនេះ មានជាង១៨ម៉ឺនតោនថយចុះប្រមាណ ១០%។ ប៉ុន្ដែ បើមើលទៅលើការនាំចេញចេកស្រស់ពីវៀតណាមទៅចិនវិញ នៅតែសម្រេចបានកំណើន១០%។ តើកត្តាអ្វីដែលជំរុញឲ្យវៀតណាម នាំចេកទៅចិនកើនឡើង តែការនាំចេកកម្ពុជាទៅចិន ធ្លាក់ចុះទៅវិញ?
បើយោងតាមសមាគមបន្លែផ្លែឈើវៀតណាម បានបង្ហាញថា វៀតណាម មានការផ្គត់ផ្គង់ចេកទៅចិនច្រើនជាងគេបំផុត ដែលមានប្រមាណ ៧៤ម៉ឺនតោន ឬស្មើនឹង៤៣% នៃការនាំចូលចេកសរុបរបស់ចិន នៅ៥ខែដំបូងនៅឆ្នាំនេះ។ ជាមួយគ្នានោះ ការនាំចេញផ្លែចេករបស់វៀតណាមទៅកាន់ទីផ្សារចិន បានកើនឡើងរហូត១០% នារយៈពេល ៥ខែ ក្នុងឆ្នាំ២០២២នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះជា ស្ថិតក្នុងបរិបទកូវីដ១៩ ហើយចិនបានរឹតបន្តឹងវិធានការនាំចូលក៏ដោយ។ ប្រភពដដែលបានបញ្ជាក់ទៀតថា ទាំងបរិមាណនៃការនាំចេញ និងតម្លៃផ្លែចេកវៀតណាម ក្នុងឆ្នាំនេះ សុទ្ធតែមានសញ្ញាណវិជ្ជមាន។ ប៉ុន្ដែ ការនាំចេញផ្លែចេកស្រស់របស់កម្ពុជា ទៅទីផ្សារចិនវិញ នៅ៥ខែដំបូងនៅឆ្នាំនេះ បានថយចុះគួរឲ្យកត់សម្គាល់ ខណៈតម្លៃឆ្នាំនេះ ក៏ធ្លាក់ចុះបន្តិចដែរ។
ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Longmate Agriculture ដែលមានការវិនិយោគដាំដុះ និងនាំចេញចេកស្រស់ទៅកាន់ទីផ្សារចិនដោយផ្ទាល់ បានគូសបញ្ជាក់ថា រហូតមកដល់ បច្ចុប្បន្ននេះ ការនាំចេញកសិផលមួយចំនួនរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ពិសេសការនាំចេញផ្លែស្វាយស្រស់,ផ្លែចេកស្រស់ ជាដើម នៅតែបន្តជួបនូវឧបសគ្គដដែល ហើយក៏មិនទាន់មានអ្វីជាដំណោះស្រាយនោះដែរ។ បើតាមឧកញ៉ា ហ៊ុន ឡាក់ ការបន្តការរឹតត្បិតវិធានការទប់ស្កាត់កូវីដ១៩ នៅប្រទេសចិន និងការកកស្ទះទូកុងតឺន័រ សុទ្ធជាឧបសគ្គក្នុងការនាំចេញផ្លែចេកស្រស់របស់កម្ពុជាទៅចិន។ ជាក់ស្ដែង នៅរយៈពេល ៥ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញផ្លែចេកស្រស់ ជាង១៨ម៉ឺនតោន ទៅកាន់ទីផ្សារចិន បានថយចុះ១០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ខណៈតម្លៃផ្លែចេកស្រស់វិញ ក៏បានធ្លាក់ចុះបន្តិចបន្តួចដែរ។ នេះបើតាមការគូសបញ្ជាក់របស់ឧកញ៉ា ហ៊ុន ឡាក់។
យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ពីអ្នកជំនាញវៀតណាម នៅក្នុងសារព័ត៌មាន VN Express បានឲ្យដឹងថា ការដាំដុះដំណាំចេកនៅប្រទេសចិន បាននិងកំពុងជួបបញ្ហាមេរោគឆ្លងលើដំណាំចេក ដែលធ្វើឲ្យទិន្នផលចេកឆ្នាំនេះធ្លាក់ចុះ និងប៉ះពាល់ដល់ការប្រមូលផល ដែលជាហេតុផលមួយជំរុញឲ្យចិនមានការនាំចូលចេកមានការកើនឡើងបន្ថែមទៀត។ ប៉ុន្ដែ បញ្ហាដឹកជញ្ជូនឡើងថ្លៃ ក៏នៅតែជាបញ្ហាចម្បងសម្រាប់ក្រុមហ៊ុនដឹកជញ្ជូននាំចេក ទៅកាន់ទីផ្សារចិន ផងដែរ៕