សមាគម បានបញ្ជាក់ឲ្យដឹងថា វិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ បានចំណាយទុនប្រមាណ ១៥ពាន់លានដុល្លារអាមេរិក ដើម្បីនាំចូលវត្ថុធាតុដើម សម្រាប់ផលិតកម្មវាយនភណ្ឌ និងសម្លៀកបំពាក់ ក្នុងនោះរាប់បញ្ចូលទាំង ការវិនិយោគដោយផ្ទាល់របស់ ក្រុមហ៊ុនបរទេសផងដែរ ដូច្នេះហើយ វិស័យនេះ រកប្រាក់ចំណេញបានជាង ១០ពាន់លានដុល្លារអាមេរិក។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបញ្ជាក់ថា សហគ្រាសវាយនភ័ណ្ឌ និងសម្លៀកបំពាក់ក្នុងស្រុក ជួបប្រទះនឹងបញ្ហាជាច្រើននៅក្នុងផលិតកម្ម និងសកម្មភាពពាណិជ្ជកម្មរបស់ពួកគេ។
ក្រសួង បន្តថា សង្គ្រាមពាណិជ្ជកម្មសកល បានធ្វើឲ្យប៉ះពាល់ដល់ អត្រាប្តូរប្រាក់ ដែលធ្វើឲ្យតម្លៃទំនិញវត្ថុធាតុដើម ខ្ពស់ជាងមុន ត្រូវការចំណាយច្រើនជាងមុន បើធៀបនឹងបណ្តាដៃគូប្រកួតប្រជែងក្នុងតំបន់ ដូចជា ចិន និងកូរ៉េខាងត្បូង។
ក្រុមអ្នកជំនាញខាងពាណិជ្ជកម្ម បានអះអាងថា ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម កាន់តែទាក់ទាញសម្រាប់ អតិថិជនបរទេស ដោយសារតែ គុណភាព និងតម្លៃ កាន់តែមានភាពប្រកួតប្រជែងខ្លាំង នៅលើទីផ្សារ។
រីឯខ្សែសង្វាក់ផ្គត់ផ្គង់ ក៏បានបញ្ចប់ជាបណ្តើរៗហើយ ដោយសារតែលំហូរមូលធនវិនិយោគ ក្នុងវិស័យវាយនភណ្ឌ មានការកើនឡើង ជាពិសេសគឺការចុះព្រមព្រៀងពាណិជ្ជកម្មរបស់វៀតណាមជាមួយបណ្តាប្រទេសជាច្រើន ដែលជំរុញឲ្យផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម កាន់តែទាក់ទាញ។
យ៉ាងណាមិញ អ្នកជំនាញបានអះអាងថា ការកម្ម៉ង់ទិញផលិតផលវៀតណាម ធ្លាក់ចុះខ្លាំង ហើយមានតែការកម្ម៉ង់ទិញលក់រាយប្រចាំខែ ប៉ុណ្ណោះ ខណៈដែលកាលពីឆ្នាំ ២០១៨កន្លងទៅ គឺមានការកម្ម៉ង់ទិញធំៗ សម្រាប់លក់ដុំ ពេញមួយឆ្នាំតែម្តង។
យោងតាម សមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម បានព្យាករណ៍ សម្រាប់ឆ្នាំ ២០១៩នេះថា នឹងរកចំណូលពីការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ឲ្យបានដល់ ៤០ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើនប្រមាណជិត ១១% ធៀបនឹងឆ្នាំមុន។
ការឈានទៅសម្រេចនូវគោលដៅ ត្រូវបានគេដឹងថា នឹងជួយឲ្យប្រជាជនវៀតណាមប្រមាណ ជិត៣លាននាក់មានការងារធ្វើ នឹងរកអាចចំណូលបានសមរម្យសម្រាប់ជីវភាពគ្រួសារ៕