ថ្វីត្បិតតែឲ្យកាតលឿង និងទាមទារឲ្យវៀតណាមដោះស្រាយបញ្ហានេសាទខុសច្បាប់ ប៉ុន្តែ សហភាពអឺរ៉ុបមិនបានដាក់ឱសានវាទជាក់លាក់ ឲ្យវៀតណាមដោះស្រាយបញ្ហានេះឡើយ។
សហភាពអឺរ៉ុបនិយាយថា សកម្មភាពនេសាទខុសច្បាប់ដោយទូកនេសាទវៀតណាមកំពុងបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
យោងតាមអង្គការស្បៀងនិងកសិកម្ម សហប្រជាជាតិ (FAO) វៀតណាមស្ថិតក្នុងចំណោមប្រទេសផលិតផលិតផលគ្រឿងសមុទ្រធំបំផុតទាំង១០ នៅលើពិភពលោក។
បន្ទាប់ពីកាតលឿង ប្រសិនបើវៀតណាមមិនចាត់វិធានការទៅតាមការកំណត់របស់សហភាពអឺរ៉ុបទេ វៀតណាមអាចនឹងត្រូវពិន័យកាតក្រហម ដែលនឹងឈានទៅដល់ការហាមឃាត់ពាណិជ្ជកម្មលើផលិតផលសមុទ្រ ជាមួយប្រទេសវៀតណាម។
សហភាពអឺរ៉ុបជាផ្សារនាំចូលត្រីដ៏ធំបំផុតនៅលើពិភពលោក ហើយកាលពីឆ្នាំ២០១០ សហភាពអឺរ៉ុបបានអនុម័តច្បាប់មួយ រឹតត្បិតលើការនាំចូលគ្រឿងសមុទ្រពីប្រទេសណាដែលមានការប្រព្រឹត្តសកម្មភាពនេសាទខុសច្បាប់ បំផ្លិចបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ។
សមាគមអ្នកកែច្នៃនិងនាំចេញគ្រឿងសមុទ្រវៀតណាម និយាយថា ការពិន័យកាតលឿងចំពោះវៀតណាម ពីសំណាក់សហភាពអឺរ៉ុប នឹងបង្កជាភាពប្រឈមធំមួយ ចំពោះវិស័យនេសាទរបស់ប្រទេសនេះ ព្រោះវានឹងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះអាហារសមុទ្ររបស់វៀតណាម និងនាំឲ្យការនាំចេញទៅផ្សារអឺរ៉ុបធ្លាក់ចុះ៕