ផែនការដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលវៀតណាមកាលពីល្ងាចថ្ងៃចន្ទ ក្នុងសប្ដាហ៍នេះ នឹងប្រែក្លាយប្រទេសវៀតណាមពីតួអង្គដ៏តូចមួយនៅក្នុងទីផ្សារឧស្ម័ន ឱ្យទៅជាអ្នកប្រើប្រាស់ធំបំផុតមួយនៅក្នុងតំបន់។
ការនាំចូលឧស្ម័នធម្មជាតិរាវនេះត្រូវបានព្យាករថានឹងកើនឡើងពីសូន្យនាពេលបច្ចុប្បន្នឡើងទៅដល់បរិមាណដែលនឹងគ្របដណ្តប់ជិត ១៥% នៃតម្រូវការថាមពលដែលកំពុងរីកចម្រើនក្នុងប្រទេស នាចុងទសវត្សរ៍នេះ។ នេះបើតាមគោលដៅដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលនិងដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។
រដ្ឋាភិបាលវៀតណាមបាននិយាយថា ឧស្ម័នដែលផលិតក្នុងស្រុកនឹងផ្តល់អាទិភាពលើឧស្ម័នធម្មជាតិរាវ ដោយសារគេរំពឹងថា ទិន្នផលនឹងកើនឡើងប្រហែល ៦៥% ដោយឡើងដល់ ១៥ ជីហ្គាវ៉ាត់ នៅឆ្នាំ ២០៣០ ប៉ុន្តែចំណែករបស់ឧស្ម័ននេះនៅក្នុងទីផ្សារថាមពលចម្រុះរបស់វៀតណាម នឹងធ្លាក់ចុះពី ១៣% កាលពីឆ្នាំ២០២០ មកនៅត្រឹម ១០% នៅឆ្នាំ ២០២៣ នេះ។
អ្នកជំនាញបានព្រមានថា គោលដៅទាំង ២ នេះ មានឧបសគ្គធំៗមួយចំនួន ដោយសារការនាំចូលឧស្ម័នធម្មជាតិរាវអាចមានតម្លៃថ្លៃចំពេលមានតម្រូវការសកលខ្ពស់ រីឯការផលិតឧស្ម័នរបស់វៀតណាមតែងតែប្រឈមនឹងសម្ពាធពីប្រទេសចិន ដែលជំទាស់នឹងការទាញយកធនធានរ៉ែនៅតាមតំបន់ជាច្រើនក្នុងសមុទ្រចិនខាងត្បូង ទីដែលចិនទាមទារយកតែឯង។
ដើម្បីផលិតថាមពលបន្ថែមទៀត វៀតណាមនឹងសាងសង់រោងចក្រថាមពលឧស្ម័នធម្មជាតិរាវចំនួន ១៥ កន្លែង នៅឆ្នាំ ២០៣៥ ហើយក្នុងនោះយ៉ាងហោចណាស់ក៏មានស្ថានីយបង្ហូរឧស្ម័នធម្មជាតិរាវចំនួន ២ និងរោងចក្រថ្មីជិត ១០ កន្លែង ដែលប្រើឧស្ម័នផលិតក្នុងស្រុក។ រោងចក្រទាំងនេះនឹងត្រូវប្តូរទៅប្រើអ៊ីដ្រូសែនបៃតងក្នុងរយៈពេលជាច្រើនទសវត្សរ៍ទៅមុខទៀត។
វិទ្យាស្ថានសម្រាប់សេដ្ឋកិច្ចថាមពល និងការវិភាគហិរញ្ញវត្ថុ (IEEFA) បានព្រមានថា ផែនការនេះមិនបង្ហាញពីតម្លៃប៉ាន់ស្មាននៃការនាំចូលឧស្ម័នធម្មជាតិរាវទេ។ តម្លៃបានកើនឡើងយ៉ាងឆាប់រហ័សកាលពីឆ្នាំមុន នៅពេលដែលបណ្តាប្រទេសសហភាពអឺរ៉ុបស្វែងរកជម្រើសជំនួសឧស្ម័នរបស់រុស្ស៊ី។ នេះជានិន្នាការមួយដែលត្រូវបានគេរំពឹងថានឹងបន្តកើនឡើងថែមទៀត។
លោក សាន នាំង (San Naing) អ្នកវិភាគជាន់ខ្ពស់នៃក្រុមហ៊ុនស្រាវជ្រាវ ប៊ីអិមអាយ (BMI) បាននិយាយថា វៀតណាមអាចប្រឈមមុខទាំងស្រុងទៅនឹងទីផ្សារទំនិញដ៏សំខាន់បំផុត និងការប៉ះទង្គិចផ្នែកតម្លៃ ដោយសារតែពួកគេមិនមានកិច្ចព្រមព្រៀងលក់ និងទិញឧស្ម័នធម្មជាតិរាវរយៈពេលយូរ។
លោក អាឡិក ស៊ីអូ មកពីក្រុមហ៊ុនប្រឹក្សាយោបល់ អាយស៊ីអាយអេស (ICIS) បាននិយាយថា ប្រសិនបើពួកគេមិនបានចុះកិច្ចសន្យាឧស្ម័នធម្មជាតិរាវឱ្យបានគ្រប់គ្រាន់ទេ ពេលនោះវាជារឿងធម្មតាសម្រាប់ពួកគេ ដែលត្រូវត្រលប់ទៅប្រើធ្យូងថ្មវិញ ដើម្បីកាត់បន្ថយការចំណាយច្រើនលើឧស្ម័នធម្មជាតិរាវ ដែលចេះតែកើនខ្ពស់បែបនេះ។ ទោះយ៉ាងណា លោក អាឡិក បានកត់សម្គាល់ថា តម្លៃឧស្ម័នធម្មជាតិរាវត្រូវគេរំពឹងថានឹងធ្លាក់ចុះនៅក្រោយឆ្នាំ ២០២៥៕