វ៉ាក់សាំងកូវីដ-១៩

វៀតណាមកំពុងតាមចែចូវនាំយកបច្ចេកទេសផលិតវ៉ាក់សាំងកូវីដ-១៩ មកផលិតក្នុងប្រទេសខ្លួន


ប្រទេសវៀតណាមមួយរយៈចុងក្រោយនេះ កំពុងញាប់ដៃញាប់ជើងខ្លាំងមែនទែន ក្នុងការតាមចរចចាចែចូវ នាំយកបច្ចេកទេសផលិតវ៉ាក់សាំងកូវីដ-១៩ពីក្រៅប្រទេស ដើម្បីមកផលិតក្នុងស្រុក តួយ៉ាងថ្មីៗនេះ វៀតណាមបានស្នើទៅកាន់ក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន៣ហើយ រួមមានដូចជា AstraZeneca, មន្ទីរពិសោធន៍mRNA, និងក្រុមហ៊ុនផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ីជាដើម។
វៀតណាមកំពុងតាមចែចូវនាំយកបច្ចេកទេសផលិតវ៉ាក់សាំងកូវីដ-១៩ មកផលិតក្នុងប្រទេសខ្លួន (រូបភាព៖https://www.sciencemag.org)
ដោយ

ការទទូចស្នើសុំរបស់វៀតណាម ដើម្បីទទួលបាន​​ការផ្ទេរ​បច្ចេកវិទ្យាផលិតវ៉ាក់សាំង​​ពីក្រៅប្រទេសយ៉ាងដូច្នេះ គឺចំពេលដែល ការផ្គត់ផ្គង់វ៉ាក់សាំងសកលលោក​កំពុង​ប្រឈមុខនឹងការរាំងស្ទះ ខណៈដែលមកទល់ពេលនេះនៅ វៀតណាម​មានប្រជាជន​បានចាក់វ៉ាក់សាំងរួច​ប្រមាណតែជាង​១លាននាក់ប៉ុណ្ណោះ នៃចំនួនប្រជាជនសរុបជាង ​៩០លាននាក់។ នេះបើតាម​ការរាយការណ៍​ដោយ​សារព័ត៌មាន​វៀតណាម VN Express។

ការផ្គត់ផ្គង់​វ៉ាក់សាំងនៅទូទាំងសកលលោក​​កំពុង​រាំងស្ទះ​ខ្លាំង ពិសេស​តាមរយៈ​យន្ដ​ការកូវ៉ាក់​របស់​អង្គការសុខភាព​ពិភពលោក​ ដែលជា​ការផ្គត់ផ្គង់​វ៉ាក់សាំង​​ជួយដល់​ប្រទេស​ក្រីក្រ។ ទាក់ទងនឹង​​ការផ្គត់ផ្គត់​វ៉ាក់សាំង​រាំងស្ទះនេះ ត្រូវបានគេមើលឃើញថា ​ក៏ដោយសារតែ ប្រទេសឥណ្ឌា​ដែលជា​ក្បាលម៉ាស៊ីន​ផលិត​ចែកចាយ​វ៉ាក់សាំង​ដ៏ធំ​សម្រាប់​យន្ដយការ​កូវ៉ាក់ កំពុង​ជួបបញ្ហា​រលកឆ្លងកូវីដ-១៩យ៉ាងត្រដាបត្រដួស​ ដែលបង្កឲ្យមាន​ផលប៉ះពាល់​ដល់​ខ្សែចង្វាក់ផលិត​ចែកចាយវ៉ាក់សាំង។ តាំងពីផ្ទុះរលកឆ្លងខ្លាំងមក ឥណ្ឌា​បាន​ផ្អាក​ការនាំចេញវ៉ាក់សាំងទៅក្រៅប្រទេស​​ និងទុក​សម្រាប់​ចាក់ជូនពលរដ្ឋ​ក្នុងស្រុកតែប៉ុណ្ណោះ ទោះយ៉ាងណា វានៅតែមិនគ្រប់គ្រាន់សម្រាប់ឥណ្ឌាដដែល។ យ៉ាងណាក៏ដោយចុះ ថ្មីៗនេះ វិទ្យាស្ថានសេរ៉ូម ដែលជាអ្នក​ផលិតវ៉ាក់សាំងដ៏ធំមួយ​របស់ប្រទេសឥណ្ឌាបានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនរំពឹងថា នឹងអាចផ្គត់ផ្គង់វ៉ាក់សាំងដល់ពិភពលោកឡើងវិញ បាននៅមុនដំណាច់ឆ្នាំ២០២១នេះ។

ចំពោះប្រទេស​វៀតណាមវិញ នៅមួយរយៈចុងក្រោយនេះ បានប្រឹងប្រែងខ្លាំងណាស់​ក្នុងការ​​ចរចា​នាំយក​បច្ចេកវិទ្យាផលិតវ៉ាក់សាំងពីក្រៅប្រទេស​ដើម្បីនាំចូល​មកផលិត​ក្នុងប្រទេសខ្លួន ដើម្បីធានា​ការផ្គត់ផ្គង់វ៉ាក់សាំងក្នុងស្រុកផង និងអាចឈានទៅផ្គត់ផ្គង់ក្នុងតំបន់ផងដែរ។ ប៉ុន្ដែ មកទល់ពេលនេះ នៅមិនទាន់​មានដំណឹង​ផ្លូវការណាមួយថា ខាង​ភាគីក្រុមហ៊ុន​ផលិតវ៉ាក់សាំង យល់ព្រម​លើសំណើរបស់វៀតណាម​នៅឡើយទេ។

កាលពីសប្ដាហ៍មុននេះ រដ្ឋមន្ត្រី​ការបរទេសវៀតណាម​ បានលើកថ្លែងថា វៀតណាម​បាន​ស្វែងរក​​ការផ្ទេរ​បច្ចេកវិទ្យា​សម្រាប់​ការផលិតវ៉ាក់សាំង​ AstraZeneca ពីចក្រភពអង់គ្លេស ហើយ​អង់គ្លេស​នឹងពិចារណា​​អំពីសំណើ​របស់វៀតណាមនេះ។ មែនទែនទៅ ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca នេះ​ បានផ្ដល់សិទ្ធ​ឲ្យក្រុមហ៊ុន​ថៃ ស្យ៉ាម បាយអូសាយអិន (Siam Bioscience) ផលិតវ៉ាក់សាំងនៅក្នុងប្រទេសថៃរួចហើយដែរ ហើយ​វ៉ាក់សាំងដែលផលិតក្នុងប្រទេសនេះ ក៏បាន​ជាប់ការវាយតម្លៃគុណភាព​ពីមន្ទីរពិសោធន៍​នៅអាមេរិក និង​អឺរ៉ុបផងដែរ។ ជាមួយគ្នានេះ​ រដ្ឋាភិបាលថៃ សង្ឃឹមថា​វ៉ាក់សាំង AstraZeneca ដែលផលិតក្នុងស្រុកថៃនេះ នឹងអាច​ចាក់ជូនពលរដ្ឋ​ខ្លួន​នៅត្រឹមខែមិថុនា​ខាងមុខនេះផងដែរ។

ក្រៅតែពីវ៉ាក់សាំង AstraZeneca ប្រទេសវៀតណាម កាលពីសប្ដាហ៍មុននេះ ក៏បាន​ស្វែងរក​ការ​ផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងប្រភេទ mRNA ពីក្រៅប្រទេសផងដែរ ដែលបច្ចេកទេសនេះ ត្រូវបានគេប្រើ​សម្រាប់​ការផលិតវ៉ាក់សាំងដូចជា Pfizer-BioNTech និង Moderna ជាដើម។ តំណាង​អង្គការ​សុខភាពពិភពលោក​ប្រចាំប្រទេសវៀតណាម​ បាន​ចេញមកបញ្ជាក់ដែរថា អង្គការសុខភាពពិភពលោក កំពុង​ពិចារណា​លើសំណើ​របស់វៀតណាមនេះដែរ តែមិនទាន់​មានការសម្រេចបែបណានៅឡើយទេ។ កាលពី២សប្ដាហ៍មុននេះ ក្រុមហ៊ុន​ផលិតវ៉ាក់សាំង Pfizer-BioNTech របស់​អាមេរិក និងអាល្លឺម៉ង់ បាន​សម្រេច​ជ្រើសយក​ប្រទេស​សិង្ហបុរី​​​ជាទីតាំងផលិតវ៉ាក់សាំង​ និងជាទីស្នាក់ការកណ្ដាល​​ប្រចាំតំបន់​អាស៊ីអាគ្នេយ៍។ គម្រោងនេះ នឹងចាប់ផ្ដើមសាងសង់ឡើង​នៅក្នុងឆ្នាំនេះ ហើយ​រំពឹងថា​ នឹងអាច​ចាប់ផ្ដើមប្រតិបត្តិការ​បាន​នៅឆ្នាំ២០២៣។

ជុំវិញនឹងរឿងវ៉ាក់សាំងនេះ មិនមែនតែសំឡឹងឃើញ​តែអាមេរិក និងអឺរ៉ុបទេ វៀតណាម​ក៏កំពុង​លើកដៃ​សុំការគាំទ្រពីរុស្ស៊ីផងដែរ។ បើតាម​ក្រសួងសុខាភិបាល​វៀតណាម បាន​ថ្លែងថា មជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់ក្រសួង កំពុងតែ​ចរចា​ជាមួយនឹង​ក្រុមហ៊ុន​រុស្ស៊ីដែលជាដៃគូ ដើម្បីទទួលបាន​បច្ចេកវិទ្យា​សម្រាប់​ការផលិត​វ៉ាក់សាំង Sputnik V នៅក្នុងឆ្នាំនេះផងដែរ។ ការផ្ទេរបច្ចេកវិទ្យានេះ នឹង​ត្រូវធ្វើឡើងជា​២ដំណាក់កាល ហើយក្នុងដំណាក់កាលទី១​រំពឹងថា នឹងអាច​ផលិតវ៉ាក់សាំងបានដល់ទៅ ៥០លានដូស​ក្នុងមួយឆ្នាំ។ វៀតណាម ក៏មានការអនុញ្ញាត​ឲ្យនាំចូលវ៉ាក់សាំង Sputnik V សម្រាប់ការចាក់ជូនពលរដ្ឋ​​របស់ខ្លួន​ផងដែរ។ វ៉ាក់សាំងរបស់​រុស្ស៊ីមួយប្រភេទនេះ មាន​ប្រទេស​ជាង​៦៥នៅទូទាំងសកលបានចុះបញ្ជី​សម្រាប់​ប្រើប្រាស់​ចាក់ជូនប្រជាជនរបស់ខ្លួន។

សូមបញ្ជាក់ថា បច្ចុប្បន្ន វៀតណាម​បាន​និងកំពុង​ចាក់វ៉ាក់សាំង​ AstraZeneca ដែលផលិត​ដោយក្រុមហ៊ុន​​អង់គ្លេសជាមួយនឹងស៊ុយអែត សម្រាប់​កម្មវិធី​​ចាក់វ៉ាក់វ៉ាក់សាំងទ្រង់ទ្រាយធំ។ ដោយឡែក សម្រាប់​វ៉ាក់សាំងពីប្រទេសចិនវិញ វៀតណាម​ហាក់ដូចជា​មិនមានទំនោរបញ្ជាទិញ​ពីចិននោះទេ បើទោះបីជា​ថ្មីៗនេះ វ៉ាក់សាំងចិន Sinopharm ទើបតែអង្គការសុខភាពពិភពលោក​ប្រកាស​ទទួលស្គាល់​សម្រាប់​ការប្រើប្រាស់​បន្ទាន់​ក៏ដោយ។ ​

ប្រទេសវៀតណាម មកទល់ពេលនេះ បានទទួលវ៉ាក់សាំងប្រមាណ ​២លាន​៦សែនដូស ក្នុងនោះ មានជិត​១២ម៉ឺនដូស​បានមកពីការការទិញ និងនៅសល់ប៉ុន្មាន គឺបានមកពី​យន្ដការកូវ៉ាក់។

ក្រសួង​សុខាភិបាលវៀតណាម បាន​ជាប់គាំង​នៅក្នុង​ការទិញ​វ៉ាក់សាំង AstraZeneca ៣០លានដូស និងការទទួលបា​ន​វ៉ាក់សាំងជិត​៣៩លានដូស​ពីកូវ៉ាក់​ក៏កំពុង​ជាប់គាំងដូចគ្នាដែរ។ វៀតណាម ក៏បាន​ចុះឈ្មោះទិញវ៉ាក់សាំងបន្ថែមពី​កម្មវិធីកូវ៉ាក់​១០លានដូសទៀតដែរ ក្នុងតម្លៃទាប។ ក្រៅពីនេះ ប្រទេសជិតខាង​កម្ពុជា​មយយនេះ ក៏បាន​ចុះឈ្មោះទិញ វ៉ាក់សាំង​៣១លានដូស​ពីក្រុមហ៊ុនអាមេរិក Pfizer នៅក្នុងឆ្នាំនេះផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន វៀតណាម​ក៏កំពុង​តែ​សម្ងំផលិតវ៉ាក់សាំង​កូវីដ-១៩ដែរ ដែលមានដល់ទៅ៤ប្រភេទឯណោះ ដែលកំពុង​ផលិត តែមិនទាន់​មានលទ្ធផល​ផ្លូវការ​នៅឡើយទេ៕

None



អត្ថបទបន្ទាប់


ការចែករំលែកទុក្ខលំបាកក្នុងសហគមន៍ជួយឱ្យលោក អ៊ែល ម៉ាត់ ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart

ការជួយមនុស្សចាស់ជរា កុមារកំព្រា ស្រ្តីមេមាយ និងសហគមន៍មូលដ្ឋាន គឺជាអំពើល្អដែលជួយឱ្យលោក អ៊ែល ម៉ាត់ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងក…

ក្រុមហ៊ុនអាមេរិក Moderna ជ្រើសយកប្រទេសពីរនៅអាស៊ី ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩

ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អាមេរិក Moderna ដែលទើបត្រូវបានអង្គការសុខភាពពិភពលោកប្រកាសទទួលស្គាល់សម្រាប់ការប្រើប្រាស់បន្ទាន់នោះ គ្រោងបង្កើនក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ