វៀតណាម ជាប្រទេសផលិតកាហ្វេធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ក្នុងនោះប្រទេសក្បែរខាងកម្ពុជានេះអាចផលិត និងនាំចេញកាហ្វេបានសរុបរហូតដល់ទៅជាង១លានតោន ក្នុងមួយឆ្នាំ ហើយឈានដល់ការកាន់កាប់តំណែងកំពូលជាអ្នកនាំចេញកាហ្វេលំដាប់ទី៤ នៅលើពិភពលោក កាលពីឆ្នាំ២០២៣។ទោះបីនៅឆ្នាំ២០២៤ ទិន្និផលកាហ្វេសរុបរបស់វៀតណាម នៅមិនទាន់បានបូកសរុបយ៉ាងណាក៏ដោយ តែ មានសេចក្តីរាយការណ៍ថា ទិន្នផលកាហ្វេវៀតណាមដែលបាននាំចេញក៏មិនអន់ នោះដែរ។
នៅចន្លោះខែមករា ដល់ខែវិច្ឆិកា ប្រទេសនេះនាំចេញកាហ្វេ បានជាង១លានតោន ទៅក្រៅប្រទេសជាមួយនឹងប្រាក់ចំណូលជិត៥ពាន់លានដុល្លារ។ ប៉ុន្តែទម្រាំដល់ដាច់ឆ្នាំបរិមាណនៃការនាំចេញ និងតម្លៃនៃការនាំចេញនឹងបន្តកើនឡើងបន្ថែមមួយកម្រិតទៀត។
លោក ដូ ហា ណាំ (Đỗ Hà Nam ) អនុប្រធានសមាគមកាហ្វេ និងកាកាវវៀតណាម បានចាត់ទុកឆ្នាំ ២០២៤ ជាឆ្នាំពិសេសសម្រាប់ឧស្សាហកម្មកាហ្វេ ដោយសារតម្លៃកាហ្វេវៀតណាម បានឡើងដល់កម្រិតខ្ពស់បំផុតនៅលើពិភពលោកជាលើកដំបូង។ លោកបានអះអាងថា តម្លៃនាំចេញកាហ្វេ Robusta ដែលជាផលិតផលកាហ្វេនាំចេញ៩៧% របស់វៀតណាម បានកើនឡើងមិនធ្លាប់មានពីមុនមក។ នៅក្នុងខែមករា តម្លៃកាហ្វេគឺមានត្រឹមតែជាង៣ពាន់ដុល្លារប៉ុណ្ណោះក្នុង១តោន ប៉ុន្តែវាបានកើនឡើងដល់ជិត៦ពាន់ដុល្លារក្នុងមួយតោនក្នុងខែតុលា។
មកដល់ពេលនេះ អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ គឺជាទីផ្សារធំជាងគេទាំងបីសម្រាប់កាហ្វេវៀតណាម។ ផ្អែកតាមសន្ទុះនៃការនាំចេញ គេប៉ាន់ប្រមាណថា នៅពេញមួយឆ្នាំ២០២៤ វៀតណាមអាចនាំចេញកាហ្វេបាន១,៤តោន ធ្លាក់ចុះជាង១២% ប៉ុន្តែតម្លៃវិញបានកើនឡើងដល់ទៅ៣៣% ដោយរំពឹងអាចរកចំណូលបានជាង៥ពាន់លានដុល្លារ។ កាលពីឆ្នាំ២០២៣ កន្លងទៅ ប្រទេសកំពូលនាំចេញកាហ្វេទាំង៥ រួមមានប្រេស៊ីល ស្វីស អាល្លឺម៉ង់ វៀតណាម និងកូឡំប៊ី៕
ដោយៈ សរ សុជាតិ