អនុរដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាម លោក ភូង ឌូចទីន (Phung Duc Tien) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបង្កើតវ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកដោយជោគជ័យ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ សម្រាប់គុណភាពផ្នែកវេជ្ជសាស្ត្រវៀតណាម ខណៈប្រសិទ្ធភាពវ៉ាក់សាំងដែលចាក់ម្តងការពារបាន ៦ខែនេះ នឹងក្លាយជាខែលសម្រាប់ឧស្សាហកម្មចិញ្ចឹមជ្រូក និងផលិតកម្មជ្រូកទូទាំងពិភពលោក។
គួរកត់សម្គាល់ថា វ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកនេះ ត្រូវបានស្រាវជ្រាវ និង អភិវឌ្ឍតាំងពីខែ វិច្ឆិកា ឆ្នាំ ២០១៩ មកម្ល៉េះ ក្នុងភាពជាដៃគូជាមួយអ្នកជំនាញសហរដ្ឋអាមេរិក ដោយមានការសាកល្បងធ្វើតេស្តជោគជ័យចំនួន ៥ ដងមកហើយ។
លោក ឌូចទីន បាននិយាយថា សុវត្ថិភាព និង ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ ត្រូវបានបញ្ជាក់ទទួលស្គាល់ដោយសេវាស្រាវជ្រាវកសិកម្ម ក្រោមក្រសួងកសិកម្មសហរដ្ឋអាមេរិកផងដែរ។ លោកបានបន្ថែមថា ជោគជ័យនេះគឺជាការសម្រេចបានយ៉ាងពិសេស ខណៈវៀតណាមនឹងទទួលបានទីផ្សារនាំចេញវ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ យ៉ាងធំទូលំទូលាយទៅកាន់អន្តជាតិ។
យ៉ាងណាមិញ លោក ឌូចទីន មិនបានផ្តល់ព័ត៌មានពីពេលវេលាជាក់លាក់សម្រាប់ការនាំចេញវ៉ាក់សាំង ឬ ប៉ាន់ប្រមាណសមត្ថភាពផលិតរបស់ប្រទេសវៀតណាមនៅឡើយនោះទេ។
មែនទែនទៅ ជំងឺប៉េស្តជ្រូកមានដើមកំណើតនៅទ្វីបអាហ្វ្រិក មុនពេលរីករាលដាលដល់ទ្វីបអឺរ៉ុប និង អាស៊ី ហើយបានសម្លាប់ជ្រូករាប់រយលានក្បាលទូទាំងពិភពលោក។
ជំងឺប៉េស្តជ្រូក ដែលជាជំងឺរាតត្បាតសត្វដ៏សាហាវបំផុតមួយនេះ ត្រូវបានរកឃើញមានការឆ្លងដំបូងក្នុងប្រទេសវៀតណាមក្នុងខែកុម្ភៈ ឆ្នាំ ២០១៩ ហើយបានធ្វើឲ្យសត្វជ្រូកងាប់ប្រហែល ២០% នៃចំនួនជ្រូកចិញ្ចឹមសរុបនៅក្នុងប្រទេសនេះកាលពីឆ្នាំមុន។
គួរជម្រាបថា នៅក្នុងមួយរយៈពេលចុងក្រោយនេះ ការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកក្នុងប្រទេសវៀតណាមបានធូរស្រាល ដោយអនុញ្ញាតឱ្យកសិករបង្កើតការចិញ្ចឹមជ្រូកក្នុងចំនួនច្រើនឡើងវិញ ក៏ប៉ុន្តែមេរោគនេះនៅតែបង្កគ្រោះថ្នាក់ដល់កសិដ្ឋាននៅក្នុងប្រទេសមួយចំនួនដដែល៕