វិស័យដឹកជញ្ជូន

តើមានកត្តាអ្វីជួយឱ្យវៀតណាម ឈានមុខគេលើការដឹកជញ្ជូនអាហារតាមអនឡាញ នៅតំបន់អាស៊ាន?


ការសិក្សាមួយបានបង្ហាញថា ប្រទេសវៀតណាម បានឈានមុខគេនៅក្នុងតំបន់អាស៊ាន ខាងផ្នែកដឹកជញ្ជូនអាហារតាមប្រព័ន្ធអនឡាញ ដោយកាលពីឆ្នាំ២០២៤ ទីផ្សារដឹកជញ្ជូនអាហារតាមអនឡាញនៅប្រទេសនេះ បានកើនឡើង២៦% ដែលជាអត្រាកើនឡើងលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តើមានកត្តាអ្វីខ្លះជួយឱ្យវៀតណាម ឈានមុខគេបែបនេះ?
វិស័យដឹកជញ្ជូន
ដោយ

ការសិក្សាស្រាវជ្រាវមួយ ស្ដីពីការចែកចាយអាហារតាមអនឡាញ នៅអាស៊ាន ដែលរៀបចំដោយក្រុមហ៊ុនបណ្តាក់ទុន Momentum Works បានរកឃើញថា ទីផ្សារចែកចាយអាហារតាមប្រព័ន្ធអនឡាញនៅប្រទេសវៀតណាម បានកើនឡើង២៦% កាលពីឆ្នាំមុនជាអត្រាលឿនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយកើនឡើងពីចំនួន១,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដល់១,៨ពាន់លានដុល្លារ នៅឆ្នាំ២០២៤។

កំណើនទីផ្សារចែកចាយអាហារនេះត្រូវបានជំរុញដោយកត្តាសំខាន់ៗចំនួន៣ រួមមាន អ្នកប្រើប្រាស់ អាហារដ្ឋាន និងវេទិកា Platform ខណៈជនជាតិវៀតណាម កាន់តែចូលចិត្តបញ្ជាទិញអាហារឆ្អិនស្រាប់តាមរយៈកម្មវិធីអេប ដោយសារងាយស្រួល និងមានការបញ្ចុះតម្លៃ។

សម្រាប់កត្តាអ្នកប្រើប្រាស់ ការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Q & Me បានរកឃើញថា ប្រជាជនវៀតណាម៣០% បានបញ្ជាទិញអាហារថ្ងៃត្រង់តាមអនឡាញ ខណៈដែលអត្រា៤៦%ទៀត បានចម្អិនអាហារដោយខ្លួនឯងនៅផ្ទះ និងអត្រា១២%ទៀត បានចេញទៅហូបអាហារនៅតាមអាហារដ្ឋានផ្សេងៗ។

ជាក់ស្ដែងនៅអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម កាលពីពេលកន្លងទៅ ការស្ទង់មតិរបស់ក្រុមហ៊ុន GrabFood បានបង្ហាញថា អ្នកឆ្លើយតបចំនួន១៩% បានបញ្ជាទិញអាហារតាមអនឡាញសម្រាប់ពិធីជប់លៀងនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនោះ។

ពាក់ព័ន្ធនឹងកត្តាអាហារដ្ឋាន បច្ចុប្បន្នអាហារដ្ឋាននៅវៀតណាម កំពុងដំណើរការយ៉ាងសកម្ម ជាមួយនឹងកម្មវិធីអេបរបស់ពួកគេ ដើម្បីស្វែងរកអតិថិជនផងដែរ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កម្មវិធីអេប GrabFood បានអះអាងថា ចំនួនដៃគូរបស់ខ្លួនបានកើនឡើង៥ដងចាប់តាំងពីការបើកដំណើរការក្នុងខែមិថុនា ឆ្នាំ២០១៨។

ចំណែកកត្តាវេទិកាវិញ ក៏មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងផងដែរ តាមរយៈការបង្ហាញកម្មវិធីបញ្ចុះតម្លៃ ការបង្កើនគុណភាពសេវាកម្មដឹកជញ្ជូន និងការបន្ថែមលក្ខណៈកម្សាន្តផងដែរ។ បើទោះបីជាប្រទេសវៀតណាមបានឈានមុខគេខាងផ្នែកចែកចាយអាហារក៏ពិតមែន ប៉ុន្តែទីផ្សារចែកចាយអាហាររបស់វៀតណាមនៅតូចជាងទីផ្សាររបស់ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន សិង្ហបុរី និងម៉ាឡេស៊ីនៅឡើយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


អាម៉េរិកនឹងកាត់បន្ថយបេសកកម្មការទូតជាមួយចិន រហូតដល់១០%

ប្រភពដែលដឹងពីបញ្ហានេះ បានអះអាងថា សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងកាត់បន្ថយទំហំបេសកកម្មការទូតរបស់ខ្លួននៅក្នុងប្រទេ…

ប្រធានសមាគមធនាគារនៅកម្ពុជា ចាត់ទុកការជំរុញអក្ខរកម្មហិរញ្ញវត្ថុដល់យុវជន ជាផ្នែកមួយជួយកសាងភាពធន់ដល់សេដ្ឋកិច្ច

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងសមាគមធនាគារនៅកម្ពុជា (ABC) បានបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ