គម្រោងកាត់បន្ថយការនាំចេញអង្កររបស់ប្រទេសវៀតណាមមានគោលបំណង«ជំរុញការនាំចេញអង្ករមានគុណភាពខ្ពស់ ធានាសន្តិសុខស្បៀងក្នុងស្រុក ការពារបរិស្ថាន និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ»។ នេះបើតាមឯកសាររបស់រដ្ឋាភិបាលចុះថ្ងៃទី២៦ ខែឧសភា ដែលទទួលបានដោយសារព័ត៌មានរ៉យទ័រ។
ឯកសារនេះបានឱ្យដឹងថា ប្រាក់ចំណូលពីការនាំចេញអង្ករនឹងធ្លាក់ចុះមកនៅត្រឹមជាង ២ពាន់៦រយលានដុល្លារក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ ២០៣០ ដោយបានធ្លាក់ចុះពីជាង ៣ពាន់៤រយលានដុល្លារក្នុងឆ្នាំ ២០២២។
ពាណិជ្ជករលក់អង្ករម្នាក់នៅទីក្រុងហូជីមិញបាននិយាយពីថ្ងៃសៅរ៍ ទី២៧ ខែឧសភាថា ទោះជាផ្ទៃដីធ្វើស្រែរបស់វៀតណាមកំពុងធ្លាក់ចុះដោយសារតែការប្រែប្រួលអាកាសធាតុ ហើយកសិករមួយចំនួនកំពុងប្តូរទៅដាំដំណាំផ្សេងៗនិងប្ដូរទៅចិញ្ចឹមបង្កងក៏ដោយ ប៉ុន្តែយុទ្ធសាស្ត្រកាត់បន្ថយការនាំចេញអង្ករនេះហាក់ដូចជាមានគំហុកខ្លាំងពេក។
ពាណិជ្ជករដដែលនេះបាននិយាយថា កសិករមួយចំនួននៅតំបន់ដីសណ្ដទន្លេមេគង្គកំពុងប្រែក្លាយដីស្រែរបស់ពួកគេមួយចំនួនទៅជាចម្ការផ្លែឈើដូចជា ស្វាយ ក្រូចថ្លុង ខ្នុរ និងធុរេនជាដើម ប៉ុន្តែភាគច្រើននៅតែពឹងផ្អែកលើដំណាំស្រូវដដែល។
ឯកសាររដ្ឋាភិបាលវៀតណាមបាននិយាយថា វៀតណាមនឹងធ្វើពង្រីកទីផ្សារនាំចេញអង្កររបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗទៀត ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើតែប្រទេសណាមួយ។ ប្រទេសហ្វីលីពីនគឺជាអ្នកទិញអង្ករដ៏ធំបំផុតរបស់វៀតណាមជាយូរមកហើយ ដោយកាលពីឆ្នាំមុនវៀតណាមបាននាំអង្ករចេញទៅហ្វីលីពីនចំនួន ៤៥% នៃការនាំចេញអង្ករសរុបរបស់ខ្លួន។
ឯកសាររបស់រដ្ឋាភិបាលវៀតណាមបាននិយាយទៀតថា នៅត្រឹមឆ្នាំ២០២៥ វៀតណាមនឹងនាំចេញអង្ករទៅកាន់ទីផ្សារអាស៊ីចំនួន៦០% ទៅកាន់អាហ្វ្រិក២២% ទៅកាន់ទីផ្សារអាមេរិក៧% ទៅតំបន់មជ្ឈិមបូព៌ា៤% និងទៅអឺរ៉ុប៣% ហើយនៅត្រឹមឆ្នាំ២០៣០ វៀតណាមនឹងកាត់បន្ថយការនាំចេញទៅទីផ្សារអាស៊ីមកនៅត្រឹម៥៥% ប៉ុន្តែនឹងបង្កើនការនាំចេញទៅអឺរ៉ុបឱ្យដល់៥%។
ឯកសារនេះបានបន្ថែមថា វៀតណាមនឹងស្វែងរកការជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារដែលមានតម្រូវការខ្ពស់សម្រាប់គ្រាប់ធញ្ញជាតិ និងទីផ្សារដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ។
ឯកសារដដែលបាននិយាយដែរថា វៀតណាមក៏នឹងព្យាយាមកាត់បន្ថយសំណល់គីមីចេញពីថ្នាំការពាររុក្ខជាតិ រួមទាំងថ្នាំសម្លាប់សត្វល្អិតនៅក្នុងស្រូវរបស់ខ្លួនផង។
រដ្ឋាភិបាលវៀតណាមបាននិយាយថា ប្រទេសនេះនឹងផ្តោតលើការផលិតអង្ករក្រអូប និងអង្ករដំណើប ដែលមានគុណភាពខ្ពស់ ទន្ទឹមនឹងកាត់បន្ថយការផលិតអង្ករដែលមានគុណភាពទាបឱ្យមកនៅត្រឹម ១៥% នៃទិន្នផលសរុបនៅឆ្នាំ ២០២៥ និងឱ្យមកនៅត្រឹម ១០% នៅឆ្នាំ ២០៣០
អត្ថបទ៖ សុខ ជា