កាលពីដើមខែតុលា ក្រសួងសុខាភិបាលវៀតណាម បានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង សម្រាប់កុមារដែលមានអាយុពី ១២-១៧ ឆ្នាំ រួចហើយ ប៉ុន្តែក្រសួងបានផ្តល់អាទិភាពចាក់ដល់អាយុ ១៧-១៨ ឆ្នាំជាមុន។ ទោះយ៉ាងណា ក្រសួងមិនទាន់បានបញ្ជាក់ច្បាស់ថា វ៉ាក់សាំងប្រភេទណាដែលនឹងត្រូវប្រើនោះទេ គ្រាន់តែដឹងថា រហូតមកដល់ពេលនេះ មានតែវ៉ាក់សាំង Pfizer ប៉ុណ្ណោះ ដែលត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) សម្រាប់កុមារ។ ទន្ទឹមនេះ ការចាក់វ៉ាក់សាំងជូនកុមារនេះទៀតសោត ត្រូវតែមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារទាំងនោះផងដែរ។
ក្រុហូជីមិញ បានប្រកាសថានឹងចាក់វ៉ាក់សាំងកុមារចំនួន ១០ម៉ឺន នាក់ដែលមានអាយុពី ១២ ដល់ ១៧ ឆ្នាំ ចាប់ពីថ្ងៃទី២៥ តុលា ប៉ុន្តែផែនការនេះ ត្រូវបានលុបចោលដោយសារខ្វះការណែនាំពីក្រសួង។ ដូចនេះហើយ អ្នកតំណាងនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្របាននិយាយថាក្រុងហូជីមិញ នឹងចាប់ផ្តើមចាក់វ៉ាក់សាំង នៅពេលដែលមានការណែនាំអំពីកាលបរិច្ឆេទចាក់វ៉ាក់សាំង ដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ហើយនៅពេលដែលវ៉ាក់សាំងត្រូវបានចែកចាយ។
សូមជម្រាបថា គណៈកម្មាធិការដឹកនាំទីក្រុងហូជីមិញ សម្រាប់ការបង្ការ និងត្រួតពិនិត្យកូវីដ-១៩ គ្រោងនឹងចាក់វ៉ាក់សាំងជូនកុមារអាយុពី ១២-១៧ ឆ្នាំ ចំនួន ៧៨ ម៉ឺននាក់នៅទូទាំងទីក្រុង។
គួរបញ្ជាក់ថា វៀតណាមបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូស ដល់មនុស្សចំនួនជិត ៥២ លាននាក់ និងអ្នកចាក់វ៉ាក់សាំងគ្រប់ចំនួន ២ ដូសមានជាង ២១ លាននាក់ ខណៈដែលប្រទេសនេះ មានប្រជាជនសរុបជិត១០០លាននាក់៕
អត្ថបទ៖ ស៊ើង និមល់