
តាមប្រភពព័ត៌មានក្នុងស្រុករបស់វៀតណាម Vietnam Express បានឲ្យដឹងថា របាយការណ៍របស់ក្រសួងផែនការ និងការវិនិយោគរបស់វៀតណាម ដែលផ្ដោតលើការចាត់ចែង និងប្រើប្រាស់ ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នៅក្នុងឆ្នាំ ២០១៨-២០២០ បានកត់សម្គាល់ឃើញថា សភាវៀតណាម បានកំណត់ពិដានបំណុលសាធារណៈឲ្យមាននៅត្រឹមតែ ៦៥% នៃ GDP របស់ប្រទេសនេះ ពោលគឺមិនឲ្យកើនឡើងខ្ពស់ទៀតនោះទេ។
បំណុលរដ្ឋាភិបាលមជ្ឈិម ដែលជាប្រភពបំណុលធំមួយ នៃបំណុលសាធារណៈរបស់រដ្ឋាភិបាលវៀតណាម ត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនដល់ជាង ៥២% នៃ GDP នៅឆ្នាំនេះ ពោលគឺមានតម្លៃជាទឹកប្រាក់ ១២៥ ពាន់លានដុល្លារអាមេរិក។

ការព្យាករណ៍ អំពីបំណុលសាធារណៈរបស់វៀតណាមនេះ គឺផ្អែកលើ កំណើនសេដ្ឋកិច្ចជាង ៦,៥% និងអតិផរណាមានក្រោម ៤%។
តាមរយៈតួលេខនេះ បានឆ្លុះបង្ហាញឲ្យឃើញថា ប្រជាជនវៀតណាមម្នាក់ៗ ទំនងជានឹងត្រូវជំពាក់បំណុលសាធារណៈនេះក្នុងចំនួន ១.៥០០ ដុល្លារអាមេរិក ដែលចំនួននេះ មានការកើនឡើងជិត ១៥០ ដុល្លារបន្ថែមទៀត បើធៀបនឹងកាលពីឆ្នាំមុន។

យ៉ាងណាក៏ដោយចុះ ក្រសួងផែនការ និងការវិនិយោគវៀតណាម បានព្យាករថា កម្រិតបំណុលសាធារណៈអាចនឹងធ្លាក់ចុះមកវិញបន្តិច ពោលគឺមកនៅជាង ៦៣% នៃ GDP នៅឆ្នាំក្រោយ និងនៅត្រឹមជាង ៦២% នៃ GDP នៅត្រឹមឆ្នាំ២០២០។
សូមជម្រាបថា បំណុលសាធារណៈវៀតណាមបានកើនឡើងគួរឲ្យកត់សម្គាល់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺបានកើនឡើង ជិត ៧% គិតតាំងពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧។ ហើយបើតាមការលើកឡើងពី ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះ មូលហេតុចម្បង ដែលធ្វើឲ្យកម្រិតបំណុលសាធារណៈកើនឡើង គឺដោយសារតែរដ្ឋាភិបាលមានការចំណាយលើសលុបពេក៕