តាមរយៈអនុក្រឹត្យថ្មីនេះ ក្រសួងព័ត៌មាន និងទំនាក់ទំនងរបស់វៀតណាម នឹងទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់ចំពោះការគ្រប់គ្រងរាល់ការផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញក្រុមហ៊ុនបរទេសទាំងនោះ ដោយមិនចាំបាច់ត្រូវចែករំលែកទំនួលខុសត្រូវជាមួយនឹងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដូចពីមុននោះឡើយ។
ការផ្សព្វផ្សាយដូចជានៅលើ Google និង Facebook ជាដើមនោះ ត្រូវតែផ្ដល់ព័ត៌មានលម្អិតនៃអាជីវកម្មទាំងនោះ ទៅឲ្យក្រសួងព័ត៌មានក្នុងរយៈពេល១៥ថ្ងៃសិន មុននឹងអាចប្រតិបត្តិការផ្សាយពាណិជ្ជកម្មនៅលើក្រុមហ៊ុនបរទេសទាំងអស់នោះបាន។
ការផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញរបស់ក្រុមហ៊ុនបរទេស ដូចជាGoogle និង Facebookនេះទៀតសោត ត្រូវតែមានការការពារ ឬដកចោលនូវមាតិកាណា ដែលរំលោភបំពានច្បាប់នៅក្នុងប្រទេសវៀតណាម ហើយក្រុមហ៊ុនទាំងនេះ ក៏ត្រូវបង្ហាញព័ត៌មានរបស់ក្រុមហ៊ុន ឬបុគ្គលទាំងឡាយណា ដែលផ្សាយមាតិកាខុសច្បាប់ ទៅឲ្យរដ្ឋាភិបាលវៀតណាមតាមការទាមទារផងដែរ។
រសួងព័ត៌មានរបស់វៀតណាម ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត អាចមានសិទ្ធិរាំងខ្ទប់ការផ្សាយពាណិជ្ជកម្មទាំងឡាយណាដែលខុសនឹងច្បាប់ ប្រសិនបើក្រុមហ៊ុនទទួលការផ្សាយពាណិជ្ជកម្មទាំងនោះ មិនព្រមធ្វើតាមអ្វីដែលការទាមទារពីអាជ្ញាធរទេនោះ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មានវៀតណាមនិយាយថា អនុក្រឹត្យថ្មីនេះ នឹងនាំមកនូវអត្ថប្រយោជន៍ថ្មី សម្រាប់ស្ថាប័នកាសែត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងស្រុក។ ផ្ដល់ប្រយោជន៍ច្រើន ដ្បិតថា វានឹងជំរុញឲ្យមានការផ្សព្វផ្សាយនៅលើបណ្ដាញព័ត៌មានក្នុងស្រុកច្រើនជាងមុន ជាជាងផ្សព្វផ្សយលើបណ្ដាញឌីជីថលជាមួយក្រុមហ៊ុន Google និង Facebookជាដើម ដោយសារតែមានភាពសាំញ៉ាំតាមការតម្រូវពីខាងអាជ្ញាធរ៕