អ្នកជំនាញឧស្សាហកម្មកៅស៊ូវៀតណាម បានអះអាងនៅក្នុងសារព័ត៌មាន Vietnam Plus ថា ការនាំចេញកៅស៊ូវៀតណាមរំពឹងនឹងកើនខ្ពស់នៅឆ្នាំ២០២២ ដល់ទៅ៣ពាន់៥រយលានដុល្លារ ដោយសារតែកង្វះខាតកៅស៊ូធម្មជាតិ និងតម្លៃប្រេងលើពិភពលោកមានការកើនឡើង ដូចនេះហើយតាមរយៈកត្តាទាំងពីរនេះ អ្នកជំនាញជឿជាក់ថា នឹងជំរុញឲ្យតម្លៃកៅស៊ូនឹងងើបឡើងវិញនៅចុងត្រីមាសទីមួយឆ្នាំនេះផងដែរ។
ទន្ទឹមនេះ វិស័យកៅស៊ូរបស់វៀតណាមក៏ត្រូវបានព្យាករដែរថា នឹងទទួលបានអត្ថប្រយោជន៍ពីការវិវិត្តនៃតម្លៃទីផ្សារកើនឡើងជាសកលនៅក្នុងឆ្នាំ ២០២២-២០២៤ ដោយសារតែបណ្តាលមកពីកង្វះខាតផ្គត់ផ្គង់កៅស៊ូ។
យ៉ាងណាមិញ យោងតាមទីភ្នាក់ងារពាណិជ្ជកម្មបរទេសរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាម បានឲ្យដឹងថា វៀតណាមបាននាំចេញកៅស៊ូទៅក្រៅប្រទេសចំនួនជិត ២ លានតោន កើន១៣% ខណៈតម្លៃនាំចេញវិញ ៣ពាន់៣រយលានដុល្លារ កើន ៣៩% បើធៀបទៅនឹងឆ្នាំ២០២០។ សូមជម្រាបថា ទីផ្សារប្រទេសដែលបានបង្កើនការនាំចូលកៅស៊ូពីវៀតណាម រួមមាន ប្រទេសចិន ឥណ្ឌា សាធារណរដ្ឋកូរ៉េ អាមេរិក ឥណ្ឌូនេស៊ី ទួរគី ហូឡង់ សាធារណរដ្ឋឆែក និងកាណាដា។
គួរកត់សម្គាល់ថា ការនាំចេញកៅស៊ូរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបក្នុងខែវិច្ឆិកា មានចំនួន ១០ម៉ឺនតោនកើនជិត៣៤% និងមានតម្លៃនាំចេញ ១៧៥ លានដុល្លារអាមេរិក កើនឡើងជាង ៧២% ។
យ៉ាងណាមិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម ត្រូវបានគេរំពឹងថា នឹងផ្តល់សម្ទុះដល់ការនាំចេញកៅស៊ូរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុប ដែលជាអ្នកនាំចូលធំបំផុតមួយនៃផលិតផលកសិកម្មរបស់វៀតណាមផងដែរ។
ទន្ទឹមនេះ អ្នកជំនាញក៏បានស្នើឱ្យវិស័យកៅស៊ូក្នុងស្រុកលើកកម្ពស់ផលិតកម្មប្រកបដោយចីរភាពស្របតាមស្តង់ដារក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើ ដើម្បីបំពេញតាមតម្រូវការរបស់សហភាពអឺរ៉ុបឱ្យកាន់តែប្រសើរឡើងផងដែរ៕