វាជាលើកដំបូងបង្អស់ហើយ ដែលរដ្ឋាភិបាលវៀតណាម លើកឡើងអំពីគម្រោងមេនៃវិស័យថាមពល នៅក្នុងគម្រោងអភិវឌ្ឍន៍ជាតិឆ្នាំ ២០២១ ដល់ ២០៣០ ដែលកាលពីពេលមុន គម្រោងថាមពល គឺស្ថិតនៅយុទ្ធសាស្រ្ត តាមវិស័យនីមួយៗតែប៉ុណ្ណោះ។
បើតាមរបាយការណ៍ពីក្រសួង បានបង្ហាញថា ទំនោរនៃបរិបទពិភពលោក នឹងផ្តោតទៅលើ ការជំរុញវិស័យថាមពលនាពេលអនាគត និងដាក់ចេញនូវ វិធានការដ៏តឹងរ៉ឹង ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ជាពិសេសគឺធានាឲ្យបាននូវ សន្តិសុខថាមពល ដូច្នេះហើយ ប្រទេសដែលពឹងផ្អែកលើការនាំចូលថាមពល ដូចជា វៀតណាម នឹងរងផលប៉ះពាល់ជាមិនខាន។
អគ្គនាយករងនៃនាយកដ្ឋានប្រេង ឧស្ម័ន និងធ្យូង បានអះអាងថា ដោយសារតែការចូលរួមយ៉ាងសកម្មនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ថាមពលសកល វៀតណាម ជួបប្រទះទាំងបញ្ហាប្រឈម និងទទួលបាននូវ ផលប្រយោជន៍ជាច្រើន ក្នុងការអភិវឌ្ឍប្រព័ន្ធថាមពល ស្របទៅតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានគូសបញ្ជាក់ទៀតថា តម្រូវការប្រើប្រាស់ថាមពលត្រូវបាន គណនា និងប៉ាន់ប្រមាណ សម្រាប់វិស័យទាំងអស់ដែលប្រើប្រាស់ថាមពល រាប់បញ្ចូលទាំង វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងដឹកជញ្ជូនជាដើម។
គួរជម្រាបដែរថា សេចក្តីព្រាងប្លង់មេវិស័យថាមពលអគ្គិសនីវៀតណាមនេះ បានបញ្ចប់ ៥ជំពូកហើយ ក្នុងចំណោម ១៤ជំពូក ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែតុលាខាងមុខនេះ ដើម្បីដាក់ជូនទៅ រដ្ឋាភិបាលវៀតណាមពិនិត្យ និងសម្រេច៕