ក្រោយពីបញ្ចប់កិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយសមាជិកទាំង ២២ក្រុមហ៊ុនផ្សេងទៀត លោក លី ទៀន ទ្រួង នាយកក្រុមវាយនភ័ណ្ឌ និងសម្លៀកបំពាក់ជាតិវៀតណាម បានពន្យល់ឲ្យដឹងថា មេរោគកូវីដ១៩ កំពុងតែដាក់សម្ពាធធ្ងន់ធ្ងរ មកលើវិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ដោយចាប់តាំងពីដើមខែមីនានេះមក ការកម្ម៉ង់ទិញទំនិញ ត្រូវបានលុបចោល ហើយសម្រាប់ខែមេសា និងខែឧសភាខាងមុខនេះ គឺកាន់តែពិបាកខ្លាំង ដោយក្រុមហ៊ុន ត្រូវជាប់គាំងហិរញ្ញវត្ថុ ដោយសារទំនិញស្តុកទុកច្រើន ហើយកម្មករត្រូវប្រឈមមុខនឹងការបាត់បង់ការងារ។
លើសពីនេះទៅទៀត រោងចក្រជាច្រើននៅប្រទេសចិន បានចាប់ផ្តើមដំណើរការឡើងវិញ ក៏ប៉ុន្តែតម្រូវការប្រើប្រាស់ផលិតផលវាយនភ័ណ្ឌ និងសម្លៀកបំពាក់ទូទាំងសកលលោក គឺមានការធ្លាក់ចុះខ្លាំង ដែលធ្វើឲ្យតម្លៃផលិតសម្រេច ធ្លាក់ចុះលើសពី ២០%ទៅទៀត ហើយបើសិនជាវៀតណាម នៅបន្តផលិតនោះ ពិតណាស់ គឺត្រូវប្រឈមមុខនឹងបញ្ហាធំ។
ដូច្នេះហើយ ក្រុមវាយនភ័ណ្ឌ និងសម្លៀកបំពាក់ជាតិវៀតណាម ស្នើឲ្យរដ្ឋាភិបាលអនុញ្ញាត ដើម្បីឲ្យពួកគេអាចផលិត និងនាំចេញផលិតផលប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ រួមមាន ម៉ាស់មុខពាក់ការពារវីរុស សម្លៀកបំពាក់វេជ្ជសាស្ត្រប្រឆាំងនឹងបាក់តេរី និងសម្លៀកបំពាក់សម្រាប់ប្រើប្រាស់តែម្តង ហើយពួកគេជាអ្នកស្វែងរកទីផ្សារដោយខ្លួនឯង។
បើតាមការប៉ាន់ប្រមាណរបស់ ក្រុមវាយនភ័ណ្ឌ និងសម្លៀកបំពាក់ជាតិវៀតណាម បើសិនជា បញ្ហាមេរោគកូវីដ១៩ ត្រូវបានបញ្ចប់ក្នុងខែឧសភាខាងមុខ នោះវិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម ត្រូវខាតបង់ប្រមាណ ៤៧៤លានដុល្លារអាមេរិក។
គួររម្លឹកបន្តិចដែរថា ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២០នេះ ការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម បានធ្លាក់ចុះប្រមាណ ៣% មកនៅត្រឹម ៥ពាន់ ៣រយលានដុល្លារអាមេរិក ដោយមូលហេតុចំបងបំផុត គឺបណ្តាលមកពីបញ្ហាមេរោគកូវីដ ១៩ ដែលធ្វើឲ្យតម្លៃ និងតម្រូវការធ្លាក់ចុះ ព្រមៗគ្នា៕