លោក Le Tien Truong នាយកប្រតិបត្តិក្រុមវាយនភណ្ឌ និងកាត់ដេរជាតិវៀតណាម ដែលមានមូលដ្ឋាននៅ ហាណូយ បាននិយាយថា ការប៉ាន់ប្រមាណពីការចំណាយរបស់វិស័យឧស្សាហកម្មវាយនណ្ឌដែលមានតម្លៃ ជាង ៤៧០ លានដុល្លារអាមេរិកនេះ គឺផ្អែកលើការសន្និដ្ឋាន បញ្ហាការរីករាលដាលនៃ Covid-19 អាចគ្រប់គ្រងបាន នៅក្នុងខែឧសភា ហើយសេដ្ឋកិច្ចសកលចាប់ផ្ដើមប្រសើរឡើងវិញនៅក្នុងខែមិថុនា។
រោងចក្រផលិតអាវ នៅហានូយ Garment 10 Jsc ដែលមានបានផលិតអាវ ៤ម៉ឺនអាវរួចហើយនោះ មិនទាន់ត្រូវបានអ្នកបញ្ជាទិញពីកូរ៉េខាងត្បូងទិញអាវពួកគេយកទៅនៅឡើយទេ ហើយក្រុមហ៊ុនបញ្ជាទិញ ក៏បានលុបចោលការកម្ម៉ង់សម្លៀកបំពាក់ ៣,៩ ម៉ឺនសម្រាប់ នៅខែក្រោយផងដែរ។
លោក Than Duc Viet នាយកប្រតិបត្តិក្រុមហ៊ុន Garment 10 Jsc បាននិយាយថា អ្នកបញ្ជាទិញពីអាមេរិក ក៏ប្រាប់ឲ្យរោងចក្រលោកព្យួរផលិតកម្ម ដែលកំពុងផលិតផលិតផល រាប់ម៉ឺនផលិតផលផងដែរ។
លោក Viet ថា «យើងមិនចង់លើព័ត៌មាន នៃការព្យួរការនាំចូលពីអ្នកបញ្ជាទិញទាំងនោះតទៅទៀតទេ។ ផលខូចខាតនឹងធ្ងន់ធ្ងរ ប្រសិនបើរឿងនេះកើតឡើងក្នុងទ្រង់ទ្រាយធំ»។
រោងចក្រកាត់ដេរ Hoa Tho Textile and Garment Jsc ដែលមានមូលដ្ឋាននៅក្រុងដាណាង ក៏បានរាយការណ៍ដែរថា មានទំនិញ ៥០ម៉ឺនមុខទំនិញ ត្រូវបានលុបចោល និងពន្យារពេល។
បញ្ហាស្ដុកទំនិញ ក៏ជាបញ្ហាមួយទៀតដែរ ដោយឧស្សាហកម្មនេះ មានការនាំចូលសម្ភារវត្ថុធាតុដើម ក្នុងតម្លៃ ប្រហែល ១,៥ ពាន់លានដុល្លារអាមេរិកក្នុងមួយខែៗ ប៉ុន្ដែ បើ២០% នៃ កុងត្រាបញ្ជាទិញត្រូវបានលុបចោល នោះមានន័យថាសម្ភារវត្ថុធាតុដើមតម្លៃ ៣០០ លានដុល្លារ គឺជាស្ដុកអត់ប្រយោជន៍ ហើយវានឹងបាត់តម្លៃទៅតាមពេលវេលា។
ឧស្សាហកម្មវាយនភណ្ឌវៀតណាម គឺជាទំនិញនាំចេញមានតម្លៃធំបំផុតទី៣ របស់វៀតណាម ហើយវាបានរាំងស្ទះវត្ថុធាតុដើម ពីប្រទេសចិន កាលពីខែមុន ដោយសារតែបញ្ហាផ្ទុះរាលដាលនៃមេរោគ Covid-19។
ឥឡូវនេះ ខ្សែច្រវាក់ផ្គត់ផ្គង់ត្រូវបានដោះស្រាយហើយ ប៉ុន្ដែ ក្រុមហ៊ុនផលិត បែរជាត្រូវជួបបញ្ហាក្នុងការលក់ផលិតផលទៅកាន់ទីផ្សារសំខាន់ៗ ដូចជា អឺរ៉ុប និងអាមេរិក ដែលមានចំណែកជាង ៦០% នៃការនាំចេញផលិតផលវាយនភណ្ឌសរុប។
លោក Viet បាននិយាយថា ការលុបចោលកិច្ចសន្យាបញ្ជាទិញនឹងធ្វើឲ្យចំណូលប្រចាំឆ្នាំរបស់រោងចក្រផលិតត្រូវបាត់បង់ ហើយការងារនឹងកម្មករនឹងត្រូវបានកាត់ប្រមាណ ៣០ ទៅ៥០ ភាគរយ នៃកម្មករសរុប ក្នុងវិស័យនេះមានប្រមាណ ២,៨លាននាក់ នៅក្នុងរយៈពេល ២ខែខាងមុខនេះ។
សមាគមវាយនភណ្ឌ និងកាត់ដេរ សម្លៀកបំពាក់វៀតណាម ថ្មីៗនេះ បានស្នើដល់ក្រសួងការងារ ជនពិការ និងសង្គមកិច្ច ឲ្យផ្ដល់ ៥០% នៃប្រាក់ខែគោល ដើម្បីជួយដល់កម្មករក្នុងវិស័យវាយនភណ្ឌ ដែលគ្មានការងារ ព្រោះតែបញ្ហា Covid-19។
សមាគមនេះ ក៏បានស្នើដល់រដ្ឋាភិបាល អនុញ្ញាតឲ្យក្រុមហ៊ុនផលិតក្នុងស្រុក នាំចេញផលិតផលការពារការឆ្លងមេរោគ ដូចជាម៉ាស ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេ។
សូមបញ្ជាក់ថា បច្ចុប្បន្ន មានប្រហែល ៦៨០០ អាជីវកម្មវាយនភណ្ឌនៅវៀតណាម។ កាលពីឆ្នាំ២០១៩ ពួកគេបាននាំចេញ ទំនិញតម្លៃជាទឹកប្រាក់ ៣២,៨៥ ពាន់លានដុល្លារអាមេរិក មានកំណើន៧,៨% ធៀបនឹងឆ្នាំ២០១៨។ សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន គឺជាអ្នកបញ្ជាទិញធំបំផុតនៃវិស័យវាយនភណ្ឌវៀតណាម។ នេះបើយោងតាមរបាយការណ៍ពីគយវៀតណាម៕