ក្រុមប្រឹក្សាខេត្តអានចាង (An Giang) របស់វៀតណាម កាលពីថ្ងៃទី២៤ ខែតុលា បានអនុម័តគម្រោងសាងសង់ខ្សែរថភ្លើងក្រោមដីកោះត្រល់ប្រវែងប្រមាណ១៨គីឡូម៉ែត្រ ដែលមានតម្លៃប្រមាណ៣៦០លានដុល្លារ។ នៅក្នុងដំណាក់កាលដំបូង ផ្លូវរថភ្លើងនេះនឹងតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិ ហ៊្វូគុក ទៅកាន់មជ្ឈមណ្ឌលសន្និសីទ APEC។ ផ្លូវរថភ្លើងក្រោមដីនេះ នឹងរួមបញ្ចូលទាំងផ្លូវរត់លើស្ពានអាកាសចម្ងាយជាង១គីឡូម៉ែត្រ ផ្លូវរត់លើដីចម្ងាយជាង១៤គីឡូម៉ែត្រ និងផ្លូវក្រោមដីចម្ងាយ២គីឡូម៉ែត្រ ដែលឆ្លងកាត់តំបន់ក្រុងស្ថិតនៅភាគកណ្តាលវៀតណាម។
គម្រោងផ្លូវរថភ្លើងនេះនឹងមានការសាងសង់ស្ថានីយរថភ្លើងចំនួន៦កន្លែង និងកន្លែងថែទាំរថភ្លើងចំនួនមួយកន្លែង ដោយរថភ្លើងនីមួយៗមានទូរថភ្លើងពី៣ ទៅ៥ទូ ដោយទូនីមួយៗមានប្រវែងជាង៣៤ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានប្រមាណ១៨០នាក់។
ដំណើការសាងសង់ផ្លូវរថភ្លើងនេះ គ្រោងចាប់ផ្ដើមពីត្រីមាសទី៤ ឆ្នាំ២០២៥ បន្តដល់ត្រីមាសទីពីរឆ្នាំ២០២៧។ អាជ្ញាធរវៀតណាម បានអះអាងថា ខ្សែរថភ្លើងក្រោមដីថ្មីនេះនឹងជួយគាំទ្រដល់បណ្តាញដឹកជញ្ជូនសាធារណៈទំនើបសម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរ ខណៈកំពុងបម្រើដល់កិច្ចប្រជុំកំពូល APEC ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅកោះត្រល់ក្នុងឆ្នាំ២០២៧។
ផ្លូវរថភ្លើងនេះ ត្រូវបានគេរំពឹងដែរថា នឹងជួយកាត់បន្ថយការកកស្ទះ និងការបំភាយឧស្ម័ន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍទីក្រុងបៃតង និងទេសចរណ៍ប្រកបដោយចីរភាពនៅលើកោះនេះរហូតដល់ឆ្នាំ២០៣០ផងដែរ៕
ដោយ៖ សុខ មង្គល