វៀតណាមនឹងបង្កើតរោងចក្រផលិតរថយន្តអគ្គិសនី

វៀតណាមនឹងបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ២ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក


ក្រុមហ៊ុនផលិតរថយន្តប្រើថាមពលអគ្គិសនីដ៏ធំបំផុតរបស់វៀតណាម VinFast បាននិយាយថា ខ្លួននឹងចាប់ផ្ដើមបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងរដ្ឋ ន័សខារ៉ូលីណា (North Carolina) សហរដ្ឋអាមេរិកនៅឆ្នាំនេះដោយគ្រោងវិនិយោគក្នុងទំហំទឹកប្រាក់ ២ ពាន់លានដុល្លារអាមេរិក នៅមុនផែនការបោះផ្សាយលក់មូលបត្រ (IPO) នៅសហរដ្ឋអាមរិក។ នេះបើតាមការរាយការណ៍ ដោយសារព័ត៌មាន Bloomberg។
វៀតណាមនឹងបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ២ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក

រោងចក្រ​ផលិត​រថយន្ដ​អគ្គិសនី​របស់​ក្រុមហ៊ុន​វៀតណាម​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​អាច​ប្រតិបត្តិការ​ផលិត​នៅ​ឆមាស​ទី​២​ឆ្នាំ​២០២៤​ខាង​មុខ​នេះ​។

នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​វៀតណាម VinFast អ្នកស្រី លី ធី ធូ ធុ​យ (Le Thi Thu Thuy) បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ីមែល​ថា រោងចក្រ​នេះ​នឹង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​មួយ​ដែល​មានឈ្មោះ Triangle Innovation Point ក្នុង​រដ្ឋ ន័​ស​ខា​រ៉ូ​លី​ណា (North Carolina) សហរដ្ឋអាមេរិក​។ អ្នកស្រី​បាន​បញ្ជាក់​ថា រោងចក្រ​នេះ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ក្នុង​ឆមាស​ទី​២​នៃ​ឆ្នាំ​២០២៤ ហើយ​ការ​វិនិយោគ​ដំបូង​នឹង​មាន​រហូត​ដល់ ២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កន្លង​មក​ក្រុមហ៊ុន​នេះ បាន​បង្ហើប​ពី​ផែនការ​វិនិយោគ​រោងចក្រ​នេះ​ដល់​ទៅ​តម្លៃ ៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។

អ្នកស្រី ធូ បាន​បន្ថែម​ថា ក្រុមហ៊ុន​វៀតណាម VinFast បាន​ចាប់ផ្តើម​ការ​រចនា​គូរ​ប្លង់​សម្រាប់​រោងចក្រ​នេះ​ហើយ ហើយ​ពួក​គេ​ក៏​កំពុង​ប្រញាប់​បញ្ចប់​គម្រោង​សាងសង់​រោងចក្រ​នេះ​ផង​ដែរ​ព្រោះ​គោលដៅ​នឹង​ចាប់ផ្តើម​ចង្វាក់​ផលិតកម្ម​ចាប់ពី​ខែកក្កដា ឆ្នាំ​២០២៤​តទៅ​។

ស្ថាបនិក​ក្រុមហ៊ុន VinFast លោក ផា​ម ណាត វួ​ង (Pham Nhat Vuong) បាន​ចំណាយ​ទ្រព្យសម្បត្តិ​របស់​លោក​ចំនួន ២ ពាន់​លាន​ដុល្លារ ដើម្បី​លក់​រថយន្ត​អគ្គិសនី​ទៅ​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​ក​។ នេះ​គឺជា​ទ​ង្វើ​មួយ​ដ៏​ក្លាហាន​ប្រកបដោយ​ហានិភ័យ​យ៉ាង​ខ្លាំង​ដោយសារ​ថា មាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ផែនការ​ដ៏​អស្ចារ្យ​ក្នុង​ការ​វិនិយោគ​យ៉ាងច្រើន​ទៅ​លើ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​បែប​នេះ ប៉ុន្តែ​គឺ​មាន​តែ​បរាជ័យ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​ផលិត​រថយន្ដ​អគ្គិសនី​ដែល​ជោ​ជ​គ័យ​លើ​ទីផ្សារ​គឺ​មាន​តិចតួច​ប៉ុណ្ណោះ ក្នុង​នោះ ក្រុមហ៊ុន Tesla របស់​អា​មេ​រិ​ក គឺ​នាំមុខ​គេ​នៅ​លើ​ទីផ្សា​រថយន្ដ​នេះ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក ចូ បៃ​ដិ​ន បាន​និយាយ​នៅ​សេត​វិមាន​សហរដ្ឋ​អាម​រិ​កថា ផែនការ​បង្កើត​រោងចក្រ​របស់​ក្រុមហ៊ុន  VinFast នៅ​រដ្ឋ North Carolina នឹង​បង្កើត​ការងារ​បាន​ជាង ៧ ពាន់​កន្លែង​។

នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​វៀតណាម VinFast បាន​និយាយ​ថា រោងចក្រ​នេះ​នឹង​អាច​ផលិត​រថយន្ត​អគ្គិសនី​បាន​ចំនួន ១៥ ម៉ឺន​គ្រឿងក្នុង​១​ឆ្នាំ ហើយនឹង​អាច​ផលិត​រថយន្តក្រុង​អគ្គិសនី និង​អា​គុយ​ផង​ដែរ​។ រោងចក្រ​នេះ នឹង​ក្លាយជា​រោងចក្រ​ផលិត​រថយន្ត​ទី​២​របស់​ក្រុមហ៊ុន VinFast បន្ទាប់​ពី​រោងចក្រ​របស់​ខ្លួន​នៅ​ទីក្រុង​កំពង់​ផែ ហៃ​ហ្វុ​ង (Haiphong) នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​។

ក្រុមហ៊ុន VinFast មាន​បំណង​ចាប់ផ្តើម​លក់​ចែកចាយ​រថយន្ត​អគ្គិសនី​នៅ​សហរដ្ឋអាមេរិក កា​ណា​ដា បារាំង អា​ល្លឺ​ម៉​ង់ និង​ហូ​ឡង់​នៅ​ចុងឆ្នាំ​២០២២​នេះ ហើយ​តម្លៃ​សម្រាប់​រថយន្ត​អគ្គិសនី​លក្ខណៈ​គ្រួសារ​ស៊េរី VF8 និង VF9 នឹង​មាន​ចាប់ពី​ជាង ៤​ម៉ឺន​ដុល្លារ​ទៅ​ដល់​ជាង ៦​ម៉ឺន​ដុល្លារ​។

ក្រុមហ៊ុន VinFast ក៏​រំពឹង​ដែរ​ថា ខ្លួន​នឹង​លក់​ចែកចាយ​រថយន្ត​អគ្គិសនី​នេះ​ឱ្យ​បាន​ចន្លោះ​ពី ៧០ ម៉ឺន​គ្រឿង​ទៅ ១ លាន​គ្រឿងក្នុង​រយៈពេល​៥​ទៅ​៦​ឆ្នាំ​ខាង​មុខ​ទៀត​៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


វិបត្តិសេដ្ឋកិច្ចនៅប្រទេសស្រីលង្កា ជំរុញឲ្យរដ្ឋនឹងកាត់ផ្ដាច់អគ្គិសនី ១០ម៉ោងជារៀងរាល់ថ្ងៃ

ប្រទេសស្រីលង្កាកំពុងជួបវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ ដោយនៅថ្ងៃពុធសប្ដាហ៍នេះ រដ្ឋាភិបាលប្រទេសដីកោះមួយនេះ បានចាប់ផ្តើមអនុវត្តវិធានការកា…

ការលក់មឈូសនៅហុងកុងកំពុងដាច់ស្ដុក ខណៈអ្នកស្លាប់ដោយសារកូវីដ១៩ កើនឡើងកាន់តែច្រើន

ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩កើនឡើងជារៀងរាល់ថ្ងៃ កំពុងធ្វើឲ្យទីក្រុងហុងកុង កំពុងអស់ក្ដាមឈូសសម្រាប់ដាក់សាកសព ហើយពេលនេះ ខាងអាជ្ញាធរហុងកុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ