 
      លោក ង្វៀន ត្រាក់ តន់ អគ្គកុងស៊ុលវៀតណាម ប្រចាំនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ បានគូសបញ្ជាក់ថា ពលរដ្ឋវៀតណាមជាង ២លាននាក់ កំពុងតែរស់នៅក្នុងប្រទេសអាមេរិក និងធ្វើអាជីវកម្មនៅក្នុងគ្រប់វិស័យទាំងអស់ ហើយពួកគេចង់ចាប់ដៃគូជាមួយនឹង ក្រុមហ៊ុនវៀតណាម ដើម្បីនាំយកមកនូវផលិតផលជាច្រើនប្រភេទ មកចែកចាយនៅក្នុងទីផ្សារអាមេរិក។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក បានបន្ថែមថា អាមេរិក បានចាប់ផ្តើមត្រូវការទំនិញរបស់វៀតណាម ជាបន្តបន្ទាប់ ជាពិសេសការកម្ម៉ង់ទិញផលិតផលសាច់ និងផលិតផលកសិកម្មពីប្រទេសវៀតណាម។
បើតាមរបាយការណ៍ពី គយវៀតណាម គិតត្រឹម ៣ត្រីមាស ដើមឆ្នាំ២០២០នេះ អាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេបង្អស់របស់វៀតណាម ដែលមានទំហំជួញដូរជាង ៥៤ពាន់លានដុល្លារអាមេរិក កើនឡើង ២២% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ជនជាតិអាមេរិក ក៏ត្រូវការដៃគូពាណិជ្ជកម្មរយៈពេលវែង ដែលអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ និងស្វែងយល់ពីច្បាប់ និងបទប្បញ្ញត្តិរបស់អាមេរិក បានច្បាស់លាស់ ហើយវាជាបញ្ហាប្រឈមសម្រាប់វៀតណាមផងដែរ ជាពិសេសគឺ ស្តង់ដារគុណភាព ការវេចខ្ចប់ ការបញ្ជាក់ប្រភពដើម ការធានាលើកម្លាំងពលកម្ម និងផលប៉ះពាល់បរិស្ថានជាដើម។
គួរជម្រាបដែរថា រដ្ឋាភិបាលវៀតណាម ក៏បានរម្លឹកដែរថា ក្រុមហ៊ុនវៀតណាមទាំងអស់ ត្រូវតែអប់រំខ្លួនឯង នៅក្នុងវិស័យឧស្សាហកម្មទំនើប ជាពិសេសចាត់ទុក ស្តង់ដារគុណភាព ជាអាទិភាពទី ១ ដែលអាចជួយឲ្យពួកគេ អាចប្រកបរបររកស៊ី ក្នុងរយៈពេលវែងបាន៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              