នៅក្នុងលិខិតផ្ញើជូនទៅកាន់ប្រធានាធិបតីអាមេរិក ប្រធានក្រុមហ៊ុន និង នាយកប្រតិបត្តិក្រុមហ៊ុនធំៗដូចជា Adidas, ខច (Coach), ហ្គែប (Gap), (ហេនស៍ប្រេន) Hanesbrand, និង ណៃគី (Nike) ជាដើម បានលើកឡើងថា វៀតណាមគឺជាប្រទេសដៃគូសេដ្ឋកិច្ច និង ខ្សែចង្វាក់ផ្គត់ផ្គង់ដ៏សំខាន់របស់អាមេរិក។
ក្រុមហ៊ុនធំៗរបស់អាមេរិកទាំងអស់នោះ បានបញ្ជាក់ទៀតថា វៀតណាមគឺជាអ្នកផ្គត់ផ្គង់ធំបំផុតទី២ សម្រាប់ទីផ្សារអាមេរិកទាក់ទងនឹងផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារសម្រាប់ការធ្វើដំណើរជាដើម។ ទំនាក់ទំនងខ្សែចង្វាក់ផ្គត់ផ្គង់រវាងអាមេរិក និងវៀតណាម ក៏មានជាប់ទាក់ទងនឹងការងារប្រមាណ៣លាននាក់នៅអាមេរិកដែរ។ ក្នុងន័យនេះ ប្រសិនបើខ្សែចង្វាក់ផ្គត់ផ្គង់ជួបបញ្ហា នោះមិនត្រឹមតែវៀតណាមទេដែលប៉ះពាល់ អាមេរិកក៏ត្រូវប៉ះពាល់ដូចតែគ្នាដែរ។
ក្រុមនាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់អាមេរិកដែលរកស៊ីនៅវៀតណាម បានស្នើទៅលោកប្រធានាធិបតី ចូបៃឌិន ឲ្យពន្លឿនការបរិច្ចាគវ៉ាក់សាំង និង សម្ភារផ្សេងៗទៀត ដើម្បីជួយឲ្យវៀតណាមមានជំហរក្នុងការស្ដារស្ថានការឲ្យប្រសើរឡើងវិញ កាន់តែឆាប់កាន់តែល្អ។
កាលពីខែមុននេះ សមាគមវាយនភណ្ឌ និងស្បែកជើងរបស់អាមេរិក ក៏បានស្នើទៅរដ្ឋាភិបាល អាមេរិក និង វៀតណាម ឲ្យពន្លឿនការបែងចែកវ៉ាក់សាំងដើម្បីចាក់ជូនដល់កម្មករនៅក្នុងរោងចក្រក្រុមហ៊ុនធំៗ ដូចជា Adidas, Gap និង ក្រុមហ៊ុនម៉ាកល្បីៗផ្សេងៗទៀតផងដែរ។
សូមបញ្ជាក់ថា មកទល់ពេលនេះ អាមេរិកបានផ្ដល់វ៉ាក់សាំង Moderna ចំនួន ៥លានដូសហើយទៅឲ្យវៀតណាម តាមរយៈយន្ដការសកលកូវ៉ាក់ ។ ខណៈមកទល់ពេលនេះ វៀតណាមទទួលបានវ៉ាក់សាំងសរុបទាំងអស់ ១៩លានដូស ដែលបានមកពីយន្ដការកូវ៉ាក់របស់អង្គការសុខភាពពិភពលោកផង និង ការគាំទ្រពីប្រទេសដៃគូរផ្សេងៗទៀត។
គិតមកទល់ពេលនេះ វៀតណាម មានអ្នកបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស មានជាង១២លាន៥សែននាក់ ខណៈដែល អ្នកបានចាក់ពីរដូសវិញ មានជាង១លាន៣សែននាក់ប៉ុណ្ណោះ។ ដោយឡែក ស្ថានការឆ្លងរីករាលដាលនៅវៀតណាមនៅមួយរយៈចុងក្រោយនេះ ក្នុងមួយថ្ងៃវៀតណាមមានករណីឆ្លងថ្មី ប្រមាណជិត១ម៉ឺននាក់៕