នាយករដ្ឋមន្ត្រីវៀតណាមជួបសមភាគីចិន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ

តើនាយករដ្ឋមន្ត្រីវៀតណាមស្កាត់ជួបសមភាគីចិនដល់ផ្ទះ បានពិភាក្សាគ្នាអំពីបញ្ហាក្ដៅៗអ្វីខ្លះ?


ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជីញ និងសមភាគីចិន លោក លី ឈាង កាលពីថ្ងៃចន្ទ ទី ២៦មិថុនា ភាគីចិនបានប្រាប់វៀតណាមថា ប្រទេសកម្មុយនិស្ដទាំងពីរ គួរតែគ្រប់គ្រងជម្លោះសមុទ្រចិនខាងត្បូងតាមរយៈការសន្ទនា និងជំរុញកិច្ចសហប្រតិបត្តិការ។ ជំនួបនេះបានកើតឡើងក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណាមធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងធានជិន នៅថ្ងៃទី ២៧ដល់២៩ខែមិថុនា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
តើនាយករដ្ឋមន្ត្រីវៀតណាមស្កាត់ជួបសមភាគីចិនដល់ផ្ទះ បានពិភាក្សាគ្នាអំពីបញ្ហាក្ដៅៗអ្វីខ្លះ?

នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានប្រាប់សមភាគីវៀតណាម លោក ផាម មិញ ជិញ ថា ប្រទេសចិននិងប្រទេសវៀតណាម គួរតែគ្រប់គ្រងជម្លោះសមុទ្រចិនខាងត្បូងតាមរយៈការសន្ទនា ហើយលើកស្ទួយកិច្ចសហប្រតិបត្តិការ។ មេដឹកនាំទាំងពីរបានជួបគ្នានៅវិមានប្រជាជនចិនកាលពីថ្ងៃចន្ទ ហើយក្នុងជំនួបនោះ មេដឹកនាំចិនបាននិយាយទៀតថា ប្រទេសចិនក៏មានឆន្ទៈពន្លឿនកិច្ចចរចាស្ដីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដែរ។

យោងតាមទូរទស្សន៍រដ្ឋរបស់ចិន CCTV លោក ផាម មិញ ជីញ នាយករដ្ឋមន្ត្រីវៀតណាម បាននិយាយថា វៀតណាមនឹងពង្រឹងការសម្របសម្រួលជាមួយប្រទេសចិននៅក្នុងអង្គការពហុភាគី ដូចជាអង្គការសហប្រជាជាតិជាដើម។

មេដឹកនាំទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន រួមទាំងកិច្ចសហប្រតិបត្តិការលើដែនសមុទ្រផងដែរ។

ដំណើរទស្សនកិច្ចរបស់លោក ផាម មិញ ជីញ នេះ ជាលើកទីមួយរបស់នាយករដ្ឋមន្ត្រីវៀតណាម ក្នុងរយៈពេល៧ឆ្នាំមកនេះ។ លោកដឹកនាំគណៈប្រតិភូរដ្ឋាភិបាលវៀតណាម មកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ ដែលធ្វើឡើងនៅទីក្រុងធាជីន ប្រទេសចិន ពីថ្ងៃទី ២៧ដល់២៩ខែមិថុនា។

នៅក្នុងជំនួបរបស់ពួកគេកាលពីថ្ងៃចន្ទនោះ លោក លី ឈាង បានប្រាប់សមភាគីវៀតណាមថា ប្រទេសចិនចង់បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយផែនយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសវៀតណាម តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិន និងតាមរយៈគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៦។
លោក លី បានបន្ថែមថា ក្នុងចំណោមកិច្ចសហប្រតិបត្តិការធំៗ រួមមានការអនុវត្តច្បាប់និងសន្តិសុខ, ពាណិជ្ជកម្មនិងការវិនិយោគ, វិទ្យាសាស្ត្រ, ការអប់រំ, វប្បធម៌, និងសុខភាព។ លើសពីនេះទៀត ការតភ្ជាប់ផ្លូវរថភ្លើង ការធ្វើឱ្យប្រសើរឡើងកំពង់ផែតាមព្រំដែន ពាណិជ្ជកម្មកសិកម្ម ការវិនិយោគ និងថាមពល ក៏ជាប្រធានបទដែលត្រូវផ្តោតការយកចិត្តទុកដាក់ផងដែរ។

វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបួនរបស់ចិន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃប្រមាណ ១៧៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ពោលគឺស្មើនឹងមួយភាគបួននៃទំហំពាណិជ្ជកម្មសរុបរវាងប្រទេសចិន និងបណ្ដាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

ទោះយ៉ាងណា ប្រទេសក្បែរខាងទាំងពីរក៏មានបញ្ហាចាក់ស្រេះនឹងគ្នាផងដែរ គឺបញ្ហាប្រជុំកោះស្ព្រាតលី និងប៉ារ៉ាសែល នៅក្នុងសមុទ្រចិនខាងត្បូង ដែលទីក្រុងហានូយទាមទារយកកោះនេះទាំងស្រុង ខណៈដែលទីក្រុងប៉េកាំងថាដែនសមុទ្រចិនខាងត្បូងជាដែនទឹកប្រវត្តិសាស្ត្រខ្លួន៕




អត្ថបទបន្ទាប់


លោក ពូទីន ថា លោកបានអនុញ្ញាតឱ្យការបះបោររបស់ក្រុមទាហានវែកន័រ បន្តដំណើរមកទីក្រុងមូស្គូ ដោយសារមិនចង់ឱ្យមានការបង្ហូរឈាមគ្នា

នៅក្នុងការថ្លែងសុន្ទរកថាតាមទូរទស្សន៍កាលពីយប់ថ្ងៃចន្ទ ទី ២៦ មិថុនា បន្ទាប់ពីកើតមានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃសៅរ៍ ទី ២៤, លោក វ៉្លាឌី…

ក្រុមហ៊ុន Smart Axiata ចូលរួមជាមួយសិល្បករ Sai អបអរសាទរគម្រប់់ខួប ១៥ឆ្នាំនៃការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាបានចូលរួមសហការជាមួយសិល្បករចម្រៀងដ៏ល្បីល្បាញគឺលោក Sai ដែលតែងតែចូលរួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ