ធនាគារពិភពលោកបានព្យាករថា វៀតណាមនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,១% នៅឆ្នាំ២០២៤ និងកើនដល់៦,៥% នៅឆ្នាំ២០២៥ ប៉ុន្តែកំណើននេះនៅមិនទាន់ដល់កម្រិតដែលសម្រេចបាននៅក្នុងឆ្នាំ២០១៩ នៅឡើយទេ ដោយកាលណោះវៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%។
លោក សេបាទ្យាន អេខាត (Sebastian Eckardt ) ប្រធានផ្នែកប្រតិបត្តិរបស់ធនាគារពិភពលោកប្រចាំនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កត់សម្គាល់ឃើញថា នៅឆមាសទី១ឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃតម្រូវការនាំចេញ ប៉ុន្តែដើម្បីរក្សាសន្ទុះកំណើនអាជ្ញាធរគួរតែធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់រចនាសម្ព័ន្ធ បង្កើនការវិនិយោគសាធារណៈ និងបង្កើនការគ្រប់គ្រងដោយប្រុងប្រយ័ត្ននូវហានិភ័យហិរញ្ញវត្ថុដែលកំពុងកើតឡើងផងដែរ។
ដោយឡែកលោកស្រី ដ័រសាទី ម៉ាដានី (Dorsati Madani ) សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅវៀតណាម បានលើកឡើងថា ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពវិជ្ជមានជាមួយហានិភ័យមួយចំនួន។ ក្នុងនោះសេដ្ឋកិច្ចវៀតណាមអាចប្រឈមនឹងហានិភ័យដែលបណ្តាលមកពីកំណើនសេដ្ឋកិច្ចពិភពលោកយឺតជាងការរំពឹងទុក ជាពិសេសក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗដូចជាសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងប្រទេសចិន។ ហើយសម្រាប់បញ្ហាក្នុងស្រុកវិញ វៀតណាមនៅតែប្រឈមនឹងការចុះខ្សោយនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលនឹងបំផ្លាញទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងប៉ះពាល់ដល់ការប្រើប្រាស់ និងការវិនិយោគនានានៅក្នុងស្រុក។
លោកស្រីបានបន្តថា ការងើបឡើងវិញនៃវិស័យអចលនទ្រព្យយឺតជាងការរំពឹងទុក នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការវិនិយោគរបស់វិស័យឯកជន។ លើសពីនេះ ប្រសិនបើគុណភាពទ្រព្យសកម្មរបស់វិស័យហិរញ្ញវត្ថុចុះខ្សោយ នោះសមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ធនាគារអាចប្រឈមនឹងការធ្លាក់ចុះបន្តទៀត៕
ដោយៈ សរ សុជាតិ