
ការិយាល័យភូតគាមអនាម័យនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានអះអាងថា ផលិតផលកសិកម្ម និងស្បៀងអាហាររបស់វៀតណាម អាចរងការបំផ្លាញចោល រឹបអូស និងបញ្ជូនត្រឡប់មកវិញប្រសិនបើមិនអនុលោមតាមបទប្បញ្ញត្តិដ៏តឹងរឹងរបស់សហភាពអឺរ៉ុបទេនោះ។ ជាក់ស្តែងនៅអាល្លឺម៉ង់ និងអូទ្រីស ដែលបានរកឃើញផលិតផលមួយចំនួន ដែលមានគ្រាប់ជីស្ងួតនៅក្នុងទំនិញទាំងនោះ ក៏ត្រូវបានបញ្ជាឲ្យដកចេញពីទីផ្សារ និងបញ្ជូនត្រឡប់មកវិញ។ ជាមួយគ្នានេះ ពពួកសាច់ខ្យង និងគ្រឿងសមុទ្របង្កកមួយចំនួន ដែលផ្ទុកសារធាតុដែលអឺរ៉ុបមិនផ្តល់អាជ្ញាបណ្ណ ក៏ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ នៃផលិតផលហាមឃាត់ផងដែរ។
អ្នកជំនាញវៀតណាម បានអះអាងថា ចំណាត់ការដ៏តឹងរ៉ឹងនេះ កំពុងគំរាមកំហែង និងជះឥទ្ធិពលអវិជ្ជមានដល់សហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងប្រទេសវៀតណាម ប៉ុន្តែសម្រាប់ក្រុមហ៊ុនបណ្តាក់ទុនបរទេសធំៗ គឺមិនសូវប៉ះពាល់នោះទេ ដោយសារពួកគេបានដឹង និងរៀបចំត្រឹមត្រូវទៅតាមតម្រូវការនៃទីផ្សារនៅប្រទេសទាំងនោះ។
ក្រៅពីផលិតផលសម្រេច សូម្បីតែបន្លែ និងផ្លែឈើស្រស់របស់វៀតណាម ក៏កំពុងរងសម្ពាធពីវិធានការរឹតបន្តឹងនេះផងដែរ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News សហភាពអឺរ៉ុប ក៏បានបង្កើនអត្រាអធិការកិច្ច និងពង្រឹងការត្រួតពិនិត្យរកសារធាតុសំណល់គីមីកសិកម្មហាមឃាត់នៅក្នុងផលិតផលបន្លែ និងផ្លែឈើស្រស់របស់ប្រទេសជាច្រើនរួមទាំងវៀតណាម ផងដែរ។ កាលពីឆ្នាំ២០២៤ កន្លងទៅ ទំហំពាណិជ្ជកម្មសរុបរវាងវៀតណាម និងសហភាបអឺរ៉ុប មានរហូតដល់ជិត៦៩ពាន់លានដុល្លារកើនឡើងជាង១១%៕
ដោយ: សរ សុជាតិ