ក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាមបានប្រកាសថា សេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមនឹងការលំបាកដោយសារវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើន ដែលមិនទាន់មានសញ្ញានៃការងើបឡើងវិញ ហើយបញ្ហានេះក៏ជះឥទ្ធិពលដល់វៀតណាម ដោយមកដល់ចុងខែកក្កដា កន្លងទៅ វិស័យឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍របស់ ប្រទេសក៏មានបញ្ហាធ្លាក់ចុះដែរ ។
ប្រភពដដែលបានបន្តថា វិស័យឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍វៀតណាម អាចរកចំណូលបានត្រឹមតែជិត ៧៣ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះជាង ៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការធ្លាក់ចុះចំណូលនេះ គឺដោយសារតែការនាំចេញផលិតផលអេឡិចត្រូនិច និង hardwareធ្លាក់ចុះ ជាបន្តបន្ទាប់ ដោយនៅខែមីនា ធ្លាក់ចុះ ជិត ២៣ ភាគរយ ខែ មេសាធ្លាក់ចុះ ជាង២២ ភាគរយ និង ខែ ឧសភា ធ្លាក់ចុះជាង ១៦ភាគរយ ។
ការធ្លាក់ចុះការនាំចេញផលិតផលអេឡិចត្រូនិច និង hardware នេះ បានជះឥទ្ធិពលដោយផ្ទាល់ដល់ទីផ្សារនាំចេញទំនិញ និងសេវាកម្មរបស់វៀតណាម រួមទាំងផលិតផល និងសេវាកម្ម លើឧស្សាហកម្មនេះ ដែលនាំឱ្យមានការថយចុះនូវការបញ្ជាទិញនាំចេញរបស់ប្រទេស។
ស្ថិតិបានបង្ហាញថា ប្រាក់ចំណូលពីឧស្សាហកម្មផលិតផលអេឡិចត្រូនិច និង hardware នៅក្នុងរយៈពេល ៧ ខែ នៃឆ្នាំ២០២៣ គឺមានតម្លៃតែ ជិត ៦៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៧ ភាគរយ ខណៈដែល តម្លៃនៃការនាំចេញការនាំចេញផលិតផលអេឡិចត្រូនិច និង hardware មានតម្លៃត្រឹមជិត ៦១ ពាន់លានដុល្លារ ធ្លាក់ចុះ ជិត ១១ ភាគរយ ។
អគ្គនាយកដ្ឋានគយបាននិយាយថា តម្លៃនៃការនាំចេញកុំព្យូទ័រ និងគ្រឿងបន្លាស់ត្រូវបានប៉ាន់ប្រមាណថាមានជាង ៣០ ពាន់លានដុល្លារគិតត្រឹមដំណាច់ខែកក្កដា ធ្លាក់ចុះជិត ៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយតម្លៃនៃការនាំចេញទូរសព្ទ និងគ្រឿងបន្លាស់ត្រូវបានប៉ាន់ប្រមាណថាមានជិត ២៨ ពាន់លានដុល្លាធ្លាក់ចុះ ជិត ១៤ ភាគរយ៕
ដោយៈ សរ សុជាតិ