ក្រុមហ៊ុនវៀតណាម VinFast ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup JSC បានពង្រីកខ្លួនទៅក្នុងទីផ្សារអាមេរិក កាលពីពេលថ្មីៗនេះ ដែលក្រុមហ៊ុនមានក្ដីរំពឹងថា នឹងអាចប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតរថយន្ដផ្សេងៗទៀតដែលកំពុងមានវត្តមានស្រាប់នៅក្នុងទីផ្សារដ៏ធំមួយនេះ។
បើទោះបីជាមានផែនការកាត់បន្ថយបុគ្គលិកពិតមែន ប៉ុន្ដែ អ្នកនាំពាក្យរបស់ក្រុមហ៊ុន VinFast បានអះអាងថា នឹងមិនប៉ះពាល់ដល់ការងារបុគ្គលិកនៅក្នុងរោងចក្រនៅក្នុងប្រទេសវៀតណាមនោះឡើយ ពោលគឺមានការកាត់បន្ថយតែការងារបុគ្គលិករបស់ក្រុមហ៊ុនដែលមានប្រតិបត្តិការនៅអាមេរិកតែប៉ុណ្ណោះ។ ទោះយ៉ាងណា ក្រុមហ៊ុនវៀតណាមមួយនេះ មិនទាន់បានបង្ហើបឲ្យដឹងថា តើនឹងមានបុគ្គលិកចំនួនប៉ុន្មាននឹងត្រូវប៉ះពាល់ដោយសាររកាត់បន្ថយការងារនោះទេ។
យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុន VinFast បានអះអាងថា សម្រាប់ទីផ្សារនៅក្រៅប្រទេស ក្រុមហ៊ុនបានជួលបុគ្គលិកប្រមាណ ១៥០នាក់ ភាគច្រើន គឺជាបុគ្គលិកបម្រើការនៅក្នុងផ្នែកលក់ គាំទ្រ និងចែកចាយ។
ការកាត់បន្ថយការងារបុគ្គលិករបស់ក្រុមហ៊ុន VinFast នៅអាមេរិក គឺធ្វើឡើងចំពេលដែលក្រុមហ៊ុនគ្រាក់ៗរប់អាមេរិកជាច្រើនទៀត ក៏មានផែនការកាត់បន្ថយការងារបុគ្គលិករបស់ខ្លួនរាប់រយ រាប់ពាន់ផងដែរ ដូចជា Google, Spotify, Amazon, Appleជាដើម។
ក្រុមហ៊ុន VinFast ដែលបានចាប់ផ្ដើមប្រតិបត្តិការកាលពីឆ្នាំ២០១៩នោះ បាននិយាយកាលពីសប្ដាហ៍មុននេះដែរថា ខ្លួននឹងពន្យារពេលប្រគល់ជូនរថយន្ដជាលើកដំបូងទៅឲ្យអតិថិជននៅទីផ្សារអាមេរិករហូតដល់អំឡុងពេល២សប្ដាហ៍ចុងក្រោយនៃខែកុម្ភៈនេះ។
មែនទែនទៅ ក្រុមហ៊ុន VinFast បានដឹកជញ្ជូនរថយន្ដអគ្គិសនីជាលើកដំបូងក្នុងចំនួន ៩៩៩គ្រឿង ទៅកាន់ទីផ្សារអាមេរិកកាលពីខែវិច្ឆិកា ហើយធ្លាប់សន្យាថា នឹងប្រគល់ជូនរថយន្ដទាំងនោះទៅឲ្យអ្នកទិញនៅទីផ្សារអាមេរិកនៅក្នុងខែធ្នូ។ ប៉ុន្ដែ រថយន្ដដែលបានដឹកជញ្ជូនទៅទាំងអស់នោះ ពេលនេះកំពុងជាប់នៅកំពង់ផែ West Coast របស់អាមេរិក ខណៈដែលក្រុមហ៊ុនកំពុងធ្វើការងារ អាប់ដេតប្រព័ន្ធ Software របស់រថយន្ដ។ នេះបើតាមការគូសបញ្ជាក់ពីក្រុមហ៊ុន VinFast។
ក្រុមហ៊ុនវៀតណាមមួយនេះ ក៏កំពុងរង់ចាំការអនុម័តច្បាប់ ដើម្បីចាប់ផ្ដើមសាងសង់រោងចក្រផ្គុំ ដំឡើងរថយន្ដតម្លៃ ៤ពាន់លានដុល្លារអាមេរិកនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាខាងជើងផងដែរ ដោយក្រុមហ៊ុននេះ មានផែនការនឹងចាប់ផ្ដើមផលិតកម្មនៅ៣ឆ្នាំខាងមុខ។ ប៉ុន្ដែ ការងារសាងសង់រោងចក្រនេះ ក៏មិនអាចដំណើរការទៅបានរលូនដែរ ប្រសិនបើការបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុន VinFast មិនទទួលបានជោគជ័យ ខណៈដែល បច្ចុប្បន្នក្រុមហ៊ុនក៏បានបំពេញនីតិវិធីរួចរាល់ហើយដែរ សម្រាប់ការត្រៀមបោះផ្សាយលក់មូលបត្រ នៅក្នុងផ្សារភាគហ៊ុនអាមេរិក ណាសដាក (Nasdaq)៕