
ក្រោយមើលឃើញពីសក្តានុពល និងភាពរីកចម្រើនរបស់វិស័យកសិកម្ម ជាពិសេសលើការដាំដុះបន្លែ បានជំរុញឱ្យអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងបញ្ញើទំនិញក្នុងស្រុកដ៏ធំមួយ ចង់បោះទុនវិនិយោគលើការដាំដុះបន្លែសរីរាង្គ និងបន្លែសុវត្ថិភាពនៅក្នុងគម្រោងសហគមន៍កសិកម្មទំនើប។ បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា សួរ វីរៈ គម្រោងវិនិយោគលើការដាំបន្លែនេះ ក្រុមហ៊ុន វីរៈប៊ុនថាំ នឹងផ្តល់ទុនជូនកសិករក្នុងសហគមន៍ សម្រាប់សាងសង់ផ្ទះសំណាញ់ និងផ្គត់ផ្គត់វត្ថុធាតុដើមសម្រាប់ដាំដុះ ក៏ដូចជាគាំទ្រនូវផ្នែកបច្ចេកទេសដាំដុះ និងការរៀបចំផែនការផ្សេងៗ។


លើសពីនេះ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា នឹងជួយស្វែងរកទីផ្សារ និងទទួលទិញបន្លែពីកសិករ ជាមួយការផ្តល់សេវាដឹកជញ្ជូនក្នុងតម្លៃសមរម្យ និងមានគុណភាព ពោលគឺក្រុមហ៊ុន នឹងសាងសង់ឃ្លាំងត្រជាក់សម្រាប់ស្តុកបន្លែទុក ដើម្បីរក្សាគុណភាពបន្លែ មុននឹងដឹកជញ្ជូនបន្លែទាំងនោះតាមរយៈរថយន្តត្រជាក់ដើម្បីចែកចាយនៅលើទីផ្សារ។ ថ្នាក់ដឹកនាំរូបនេះ ជឿជាក់ថា តាមរយៈការវិយោគលើផលិតកម្មបន្លែក្នុងសហគន៍នេះ នឹងអាចរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់កសិករ និងសេដ្ឋកិច្ចជាតិ ពិសេសអាចធ្វើឱ្យទីផ្សារបន្លែរបស់កម្ពុជា កាន់តែមានភាពប្រកួតប្រជែងទាំងគុណភាព និងបរិមាណ ផងដែរ។

ពាក់ព័ន្ធវិសាលភាពនៃការវិនិយោគ ត្រូវបានអ្នកឧកញ៉ា សួរ វីរៈ អះអាងថា ការវិនិយោគរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ទំនងជាអាចធ្វើឡើងគ្រប់រាជធានី-ខេត្ត ពោលគឺទីតាំងណាដែលមានសក្តានុពលក្នុងការដាំដុះបន្លែ និងអាចចងក្រងជាសហគមន៍កសិកម្មទំនើបបាន ក្រុមហ៊ុននឹងគិតគូរលើការវិនិយោគនៅក្នុងទីតាំងនោះ។ តែយ៉ាងណាអ្នកឧកញ៉ា សួរ វីរៈ មិនទាន់អាចបញ្ជាក់ពីទំហំទុនវិនិយោគបាននៅឡើយទេ ដ្បិតថា ការវិនិយោគវាអាស្រ័យលើទំហំសហគមន៍ជាក់ស្តែងនីមួយៗ។ បើតាមការលើកឡើងរបស់អ្នកឧកញ៉ា សួរ វីរៈ ក្រៅពីគម្រោងវិនិយោគខាងលើ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានបោះទុនវិនិយោគជាង១លានដុល្លារលើការដាំដុះបន្លែផ្សេងៗក្នុងផ្ទះសំណាញ់ជាង១០០ផ្ទះ លើផ្ទៃដីជាង១០ហិកតា នៅលើភ្នំគិរីរម្យរួចហើយដែរ។


គួរជម្រាបថា ក្រៅពីគម្រោងវិនិយោគលើផលិតកម្មបន្លែ ក្រុមហ៊ុន វីរៈប៊ុនថាំ ហាក់មិនមានបំណងវិនិយោគលើវិស័យផ្សេងៗនៅក្នុងវិស័យកសិកម្មនៅកម្ពុជា នោះទេ។ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងបញ្ញើទំនិញក្នុងស្រុកដ៏ធំមួយ ហើយក៏ជាក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ ផងដែរ៕

