រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-សហភាពអឺរ៉ុប ដែលគ្រោងនឹងលុបចោលនូវ ពន្ធនាំចូលជាង ៩៩% ក្នុងរយៈពេល ១០ឆ្នាំនោះ គឺជាឱកាសមាស សម្រាប់អាជីវកម្មជាច្រើន អាចស្វែងរកខ្សែចង្វាក់ផ្គត់ផ្គង់ថ្មីៗ ជំនួសឲ្យ ដៃគូចាស់ៗ ដែលបានបាត់បង់ អំឡុងពេលជួបវិបត្តិកូវីដ១៩។
លើសពីនេះ វៀតណាម នឹងអាចបើកទូលាយទីផ្សារនាំចេញបន្ថែមទៀត និងកាត់បន្ថយការពឹងផ្អែកទៅលើ ទីផ្សារតែមួយក្រុម។តួយ៉ាង សហភាពអឺរ៉ុប មានប្រជាជនជាង ៥០០លាននាក់ និង GDP ជាង ១៥ទ្រីលានដុល្លារអាមេរិក ហើយជាទីផ្សារនាំចេញធំបំផុត លំដាប់ទី២ របស់ប្រទេសវៀតណាមផងដែរ។រដ្ឋាភិបាលវៀតណាម បានព្យាករណ៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងជួយបង្កើន GDP របស់ប្រទេសវៀតណាម ចន្លោះ ២% ទៅដល់ ៣% នៅក្នុងរយៈពេល ៥ឆ្នាំដំបូង និងបន្តកើនឡើងជាបន្តបន្ទាប់ទៀត។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបន្តថា តាមការប៉ាន់ស្មាន ការនាំចេញទំនិញវៀតណាម ទៅកាន់សហភាពអឺរ៉ុប នឹងកើនឡើង ៤៣% ក្នុងឆ្នាំ ២០២៥ និងកើន ៤៤% បន្ថែមទៀត ក្នុងឆ្នាំ ២០៣០ តាមរយៈការលក់ ផលិតផលកសិកម្ម វាយនភណ្ឌ និងសម្លៀកបំពាក់ និងសេវាកម្ម ដូចជា អាកាសចរណ៍ និងធានារ៉ាប់រ៉ងជាដើម។
ដោយឡែក ការនាំទំនិញចូលពី សហភាពអឹរ៉ុប មកកាន់វៀតណាម វិញ ក៏មានការកើនឡើងដូចគ្នា ពោលគឺកើន ៣៣% ក្នុងឆ្នាំ ២០២៥ និង ៣៦% ក្នុងឆ្នាំ ២០៣០ ហើយកត្តានេះ ក៏អាចទាក់ទាញទីផ្សារផ្សេងៗ មិនមែនសហភាពអឺរ៉ុប ឲ្យពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគជាមួយ វៀតណាមថែមទៀតផង។
ទោះយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ មិនមែនផ្តល់តែ ឱកាស រហូតនោះទេ គឺមានភ្ជាប់មកជាមួយនូវ បញ្ហាប្រឈមជាច្រើនផងដែរ ពោលគឺ សហគ្រាស អាជីវកម្មក្នុងស្រុក ត្រូវពង្រឹងសមត្ថភាពប្រកួតប្រជែងជាមួយនឹង លំហូរចូលនូវ ទំនិញ និងសេវាកម្មអឺរ៉ុប។
លើសពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ អឺរ៉ុប គឹមានបទបញ្ញត្តិ និងគោលការណ៍តឹងរឹង ចំពោះការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងពន្ធគយ ដែលតម្រូវឲ្យ វៀតណាម បំពេញបន្ថែមនូវ ស្ថាប័នសេដ្ឋកិច្ចទីផ្សារ និងអនុវត្តកំណែទម្រង់រដ្ឋបាល។
គួរបញ្ជាក់ដែរថា សភាអឺរ៉ុប បានបោះឆ្នោតគាំទ្ររួចហើយ កាលពីខែកុម្ភៈកន្លងទៅ ហើយកិច្ចព្រមព្រៀងនេះ នឹងមានប្រសិទ្ធភាព ក្នុងរយៈពេល ១ខែបន្ទាប់ពី សមាជិកសភាវៀតណាម សម្រេចផ្តល់សច្ចាប័ន ហើយ កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-អឺរ៉ុប នឹងក្លាយជាកិច្ចព្រមព្រៀងទី ២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពី កិច្ចព្រមព្រៀងទី ១ បានធ្វើឡើងជាមួយ ប្រទេសសិង្ហបុរីរួចមក៕