
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកអង្គសន្និបាតនេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយយ៉ាងសំខាន់ ដែលគ្រប់តួអង្គពាក់ព័ន្ធបានជួបជុំគ្នា ធ្វើការវាយតម្លៃអំពីសមិទ្ធផលលើគ្រប់វិស័យ ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេចបានកន្លងទៅ ជាពិសេសក្នុងឆ្នាំ២០២៣ ព្រមទាំងពិនិត្យបញ្ហាប្រឈម កំណត់រកដំណោះស្រាយ និងចាប់យកកាលានុវត្តភាពនានា ដើម្បីបន្តជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
ឯកឧត្តម វង្សី វិស្សុត បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត, ក្រុង-ស្រុក, ឃុំ-សង្កាត់ គ្រប់លំដាប់ថ្នាក់ ដោយរួមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការសាមគ្គីរួមគ្នាជាធ្លុងមួយបានយ៉ាងល្អ ដោយប្រើអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី នៅក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តកំពង់ឆ្នាំង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានលើកឡើងថា រាជរដ្ឋាភិបាលបានអនុវត្តប្រកបដោយជោគជ័យនូវ យុទ្ធសាស្រ្តតី្រកោណ និងយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល, ដោយសម្រេចបាននូវសមិទ្ធផលធំៗ លើគ្រប់វិស័យ, ទាំងនយោបាយ, សង្គម, និងសេដ្ឋកិច្ច, ដែលនាំឱ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត, ហើយយើងទាំងអស់នៅទីនេះជាសាក្សីរស់ ក្នុងដំណាក់កាលមួយនៃការកសាងជាតិ ដោយផ្តោតជាសំខាន់លើការស្តារ និង ការកសាងប្រទេស ដែលទើបងើបចេញពីសង្រ្គាម, ការរក្សាសុខសន្តិភាព និង សណ្តាប់ធ្នាប់សង្គម, ការធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងសកល, ការអភិវឌ្ឍ និងការរក្សាស្ថិរភាពសង្គម សេដ្ឋកិច្ច, និងការលើកម្ពស់ជីវភាពប្រជាជន។ ជារួម, ជោគជ័យដ៏ធំធេង និងត្រចះត្រចង់ខាងលើ បានមកពីកិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានប្រសាសន៍បន្តទៀតថា ជាទស្សនវិស័យនៃការអភិវឌ្ឍ ដំណើរការកសាងជាតិកម្ពុជាបានឈានដល់ដំណាក់កាលថ្មីមួយនៅក្នុងបរិការណ៍នៃពិភពលោក ដែលកាន់តែប្រែប្រួល លំបាក និងមិនប្រាកដប្រជា។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈធានាបាននូវប្រសិទ្ធភាពសមិទ្ធកម្ម។ ទន្ទឹមនេះ គោលដៅចម្បងនៃយុទ្ធសាស្រ្តនេះរួមមាន, ម៉្យាងរក្សាចលនការនៃសុខសន្តិភាព, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងម៉្យាងទៀតកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់នៃវិស័យទាំង៥ រួមមាន៖ ភាពធន់នៃវិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្ស និងសង្គម, និងភាពធន់នៃវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។









