សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច បានមានប្រសាសន៍ថា ការប្រមូលផលជិតដាច់ឆ្នាំ រឿងដែលត្រូវគិតគឺនៅក្នុងឆ្នាំនេះកម្រិតទឹកបានធ្លាក់លឿនជ្រុលពេក ដែលនេះជាក្តីកង្វល់មួយផងដែររបស់រដ្ឋាភិបាលកម្ពុជា។
សម្តេចបានមានប្រសាសន៍បញ្ជាក់ទៀតថា ជានិច្ចកាលលោកតែងតែផ្តល់អនុសាសន៍ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសិក្សាបែងចែកតំបន់ដំាដុះទៅតាមប្រភេទដំណាំ ជាពិសេសគឺតំបន់ដែលតែងតែខ្វះខាតទឹកគប្បីកែប្រែដំានូវដំណាំអ្វីដែលទទួលផលបានខ្ពស់ និងប្រើប្រាស់ទឹកតិចបំផុត។
តាមការរាយការណ៍របស់ក្រសួងកសិកម្មផ្ទៃដីប្រមូលផលស្រូវឆ្នាំនេះសម្រេចបានជាង ២លានហិកតាហើយ លើផ្ទៃដីដែលធ្វើបាន ២,៧ លានហិកតា ដូច្នេះសង្ឃឹមថា ស្រូវវស្សាមិនមានផលប៉ះពាល់ចំពោះការខ្វះទឹកនោះទេ ប៉ុន្តែស្រូវប្រាំងនៅតំបន់មួយចំនួនកំពុងខ្វះទឹក ដូច្នេះ តាមការអំពាវនាវរបស់សម្តេច ប្រជាកសិករគួរធ្វើស្រូវប្រាំងតែ ១ដងបានហើយ ក្រៅពីនោះរកវិធីដាំដុះដំណាំផ្សេងដែលមានតម្រូវការប្រើប្រាស់ទឹកតិចជំនួសវិញ។
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាឯកឧត្តម វែង សាខុន បានអះអាងបញ្ជក់ប្រមុខរាជរដ្ឋាភិបាលនៅក្នុងអង្គពិធីថា ផ្ទៃដីដាំដំណាំស្រូវមានទំហំប្រហាក់ប្រហែលនឹងឆ្នាំមុនៗដែរ ប៉ុន្តែទិន្នផលស្រូវទទួលផលបានច្រើនលើសមុន ដែលមួយហិកតាអាចប្រមូលផលបានជាង ៣តោន។
យ៉ាងណាប្រមុខរដ្ឋាភិបាលកម្ពុជានៅតែអះអាងថា អតិរេកស្រូវរបស់កម្ពុជាក្នុងឆ្នាំ២០១៩ នេះមានបរិមាណជាង ៦លានតោន ដែលនោះ ហើយត្រូវតែជំរុញការនាំចេញបន្ថែម។ តួយ៉ាងនៅក្នុងឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករប្រមាណ ៥៨ម៉ឺនតោន។ ទន្ទឹមពេលជាមួយគ្នានេះ ក៏បាននាំចេញស្រូវទៅវៀតណាមក្រៅផ្លូវការមានចំនួន ២,២៥ លានតោន។
សម្តេចបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាមមិនស្ថិតនៅក្រោម ៥ពាន់លានដុល្លារនោះទេ ពោលគឺស្ថិតនៅលើស ៥ពាន់លាន ដោយសារគ្រាន់ការនាំចេញទៅវៀតណាមផ្លូវការដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករមានចំនួនតែ ៣០ម៉ឺនតោនប៉ុណ្ណោះ ប៉ុន្តែក្រៅផ្លូវការវិញ គឺបាននាំចេញស្រូវពីកម្ពុជារហូតជាង ២លានតោនស្រូវឯណោះ។
ជាមួយគ្នានេះសម្តេចប្រមុខរាជរដ្ឋាភិបាលក៏បានអំពាវនាវ និងលើកទឹកចិត្តឲ្យវិនិយោគិនបរទេសគាំទ្រ និងបន្តការវិនិយោគរបស់ខ្លួនលើឧស្សាហកម្មកែច្នៃនៅក្នុងប្រទេសកម្ពុជា ដើម្បីសម្រេចគោលដៅនាំចេញនៅឆ្នាំក្រោយៗទៀត។
ប្រមុខរាជរដ្ឋាភិបាលបានបន្ថែមទៀតថា គោលនយោបាយដែលបានដាក់ចេញជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករឲ្យបាន១លានតោន គឺសម្រេចបានតែគោលដៅជំរុញផលិតកម្មស្រូវប៉ុណ្ណោះ ដែលកម្ពុជាអាចធ្វើបានតាមផែនការប្រមាណ ៦លានតោនស្រូវ ប៉ុន្តែការនាំចេញអង្ករវិញ គឺមិនទាន់អាចសម្រេចបាននៅឡើយទេពេលនេះ។
សម្តេចបញ្ជាក់ថា ការនាំចេញអង្ករមិនសម្រេចបានតាមផែនការ ក៏ប៉ុន្តែស្រូវដែលនៅសល់បានលក់ចេញ ទៅវៀតណាម ៧០% និង៣០% ទៀត គឺលក់ឲ្យទៅប្រទេសថៃ៕