
បើតាមអ្នកគ្រប់គ្រងគម្រោង តំបន់ទេសចរណ៍ថ្មី WB Arena បានអះអាងប្រាប់ខេមបូណូមីសថា តំបន់ដែលកំពុងសាងសង់ឡើងនេះ មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ចម្ងាយប្រមាណតែជាង ២គីឡូម៉ែត្រប៉ុណ្ណោះ ពីស្ពានអាកាសព្រះមុនីវង្ស។
លក្ខណៈពិសេសរបស់តំបន់ទេសចរណ៍ប្លែកភ្នែក WB Arena នេះ គឺមានបរិយាកាសស្រស់ស្រាយ បែបធម្មជាតិពិតៗទាំងអាហារដែលដាក់លក់ដូរនៅទីនោះ និងដំណើរកម្សាន្ដបែបជិះទូកតាមដងទន្លេគយគន់សម្រស់រាជធានីភ្នំពេញ។

បើតាមការប្រកាសរបស់ក្រុមហ៊ុនម្ចាស់គម្រោងតំបន់ទេសចរណ៍នេះ
បានឲ្យដឹងថា ពាណិជ្ជករ ក៏ដូចជាអាជីវករ អាចធ្វើការបើកអាជីវកម្មនៅទីនេះ ដូចជា ភោជនីយដ្ឋានជាប់មាត់ទន្លេ
ហាងអាហារដ្ឋានបែបខ្មែរ កន្លែងម៉ាស្សា និង ស៉្បា ឬអាចជួលហាងក្នុងផ្សារដែលមានចំនួន
៩០ស្តង់ និងផ្សេងៗទៀត ដើម្បីលក់ទំនិញ ឬផលិតផលនានាផងដែរ។

WB Arena គឺជាកន្លែងថ្មី ទីតាំងស្អាត បរិយាកាសល្អបរិសុទ្ធ និងមានអាហារដ្ឋានបែបទំនៀមទម្លាប់ខ្មែរ ចិន អឺរ៉ុប និងអាហារជាច្រើនប្រភេទទៀត។ បន្ថែមពីនេះ WB Arena ក៏មានកន្លែងកម្សាន្ដផ្សេងៗទៀត រួមមាន ក្រុមរបាំ ការប្រគុំតន្រ្តី និងអ្នកសម្ដែងប្រចាំតំបន់ផងដែរ។

តំបន់ទេសចរណ៍ដ៏ពិសេស និងថ្មីសន្លាងមួយនេះ នឹងក្លាយជាទីដ៏សែនមនោរម្យមួយ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ អាចមកលំហែកាយពេលសម្រាកពីការងារ។ នេះបើតាមការអះអាងពីអ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍មួយនេះ។
ផ្លូវដើរតាមមាត់ទន្លេ សម្រាប់ភ្ញៀវទេសចរដើរកម្សាន្ដ មានទំហំរហូតដល់ ៣ពាន់ម៉ែត្រការ៉េ ដែលមានដើមត្នោតជាជួរតុបតែងភ្លើងលម្អ និងរចនាបទគួរឲ្យទាក់ទាញ នៅតាមបណ្តោយទន្លេបាសាក់។
តាមអ្វីដែលជាផែនការ ក៏មានសាលមហោស្រពធំមួយទៀត នៅទីនោះផងដែរ ដែលមានកន្លែងអង្គុយចំនួន ៤០០កៅអី មានការសម្តែងរៀងរាល់ថ្ងៃ ពីអ្នកសម្ដែងក្នុងស្រុក និងអន្តរជាតិ ព្រមទាំងមាន ការប្រគំតន្ត្រី ព្រឹត្តិការណ៍កីឡា និងកម្មវិធីសម្ដែងវប្បធម៌ប្រពៃណីខ្មែរជាដើម។