ការងារបែបប្រពៃណី គឺសម្ដៅលើការងារដាំដុះមិនមានកម្រៃជាលក្ខណៈគ្រួសារ និងការងារសហគ្រាសគ្រួសារ មិនមែនដាំដុះ។ រីឯការងារ ទំនើបគឺជាការងារមានប្រាក់ឈ្នួល នៅក្នុងឧស្សាហកម្មមិនមែនដាំដុះ។
របាយការណ៍របស់ធនាគារពិភពលោក ក្រោមចំណងជើងថា «អនាគតការងារនៅប្រទេសកម្ពុជា៖ តំណភ្ជាប់ជាមួយសេដ្ឋកិច្ច នាពេលខាងមុខ» ដែលបានចេញផ្សាយថ្មីៗនេះ បានឲ្យដឹងថា បច្ចុប្បន្ន មានការងារចំនួន៨លាន ២សែន ការងារ នៅកម្ពុជា ហើយពលករថ្មីៗចំនួន ១៦ម៉ឺននាក់ បានចូលទៅក្នុងកម្លាំងពលកម្មរាល់រាល់ឆ្នាំ។
របាយការណ៍ បានកត់សម្គាល់ឃើញទៀតថា ដ្បិតតែការងារទំនើបៗជាច្រើនត្រូវបានបង្កើតឡើងក៏ពិតមែន ប៉ុន្ដែ ភាគច្រើននៅតែមានក្នុងវិស័យប្រពៃណីដដែល។ តួយ៉ាង គិតត្រឹមឆ្នាំ ២០១៥ នៅក្នុងរៀងរាល់ការងារចំនួន ១០ មានការងារចំនួន ៤ គឺជាការងារមិនមែនដាំដុះ មានប្រាក់ឈ្នួលនៅតាមផ្នែកសាធារណៈ និងឯកជន ហើយ៦ផ្សេងទៀត ជាការងារដាំដុះលក្ខណៈគ្រួសារ ពលកម្មស៊ីឈ្នួលដាំដុះ និងការងារនៅតាមសហគ្រាសគ្រួសារមិនមែនដាំដុះ។
លោកស្រី អ៊ិន ហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ភាពចម្រុះ និងគុណភាពនៃការងារក្នុងប្រទេសកម្ពុជា ត្រូវបានកែលម្អឲ្យប្រសើរឡើងជាបណ្ដើរៗហើយ។ ប៉ុន្ដែ និន្នាការសកល មានដូចជាការកើនឡើងនូវចំនួនរបស់វណ្ណៈកណ្ដាលក្នុងតំបន់អាស៊ី បម្រែបម្រួលលំនាំ ក្នុងការធ្វើពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្ម តម្រូវឲ្យកម្ពុជាគិតគូរឡើងវិញអំពីយុទ្ធសាស្ត្រការងាររបស់ខ្លួន ខណៈដែលកម្ពុជាកំពុងឈានឆ្ពោះទៅកាន់ដំណាក់កាលមួយទៀតនៃការអភិវឌ្ឍផ្អែកលើការនាំចេញ។
លោក ភួង វិសិទ្ធ អនុប្រធាននាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងដែរថា ដើម្បីជំរុញឲ្យផលិតភាពការងារ មានគុណភាព និងប្រកបដោយជំនាញ រដ្ឋាភិបាលតែឯង មិនអាចធ្វើទៅបានជោគជ័យនោះទេ វាត្រូវការចូលរួមពីវិស័យឯកជន និងដៃគូពាក់ព័ន្ធទាំងអស់តាមរយៈផ្ដល់ឱកាសបណ្ដុះបណ្ដាលក៏ដូចជាការអភិវឌ្ឍខ្លួនរបស់អ្នកប្រកបការងារ។
ធនាគារពិភពលោក បានគូសបញ្ជាក់ដែរថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការងាររួមចំណែកបង្កើតការងារមានគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា។ តួយ៉ាង របាយការណ៍ថ្មីនេះ បានបង្ហាញថាមាន១ភាគ៣ នៃការងារមានប្រាក់ឈ្នួលនៅកម្ពុជា គឺស្ថិតនៅក្នុងក្រុមហ៊ុនគ្រប់គ្រងដោយជនបរទេស។ ក្នុងនោះ ឧស្សាហកម្មកាត់ដេរ គឺជាវិស័យមុខរបរដែលមានការរីកលូតលាស់លឿនបំផុត ដោយបង្កើនចំណែករបស់ខ្លួនក្នុងការបង្កើតការងារបាន១,១% ក្នុងមួយឆ្នាំ។
ធនាគារពិភពលោក បានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុនក្នុងស្រុកមានចំនួនច្រើនជាងក្រុមហ៊ុនគ្រប់គ្រងដោយបរទេស ប៉ុន្ដែពួកគេមិនបានចូលរួមចំណែកបង្កើតការងារបានច្រើននោះទេ។ ជាក់ស្ដែង ក្រុមហ៊ុនក្នុងស្រុកជួលកម្មករជាមធ្យម៨នាក់ ក្នុងមួយក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនគ្រប់គ្រងដោយបរទេសជួលកម្មករជាមធ្យម១២៤នាក់ក្នុងមួយក្រុមហ៊ុន។
បន្ថែមពីនេះទៀត ធនាគារពិភពលោកក៏បានផ្ដល់ជាអនុសាសន៍ផងដែរថា កម្ពុជាចាំបាច់ត្រូវធ្វើការកែទម្រង់ជាក់លាក់ច្រើន ដើម្បីធានាឲ្យមានការងារកាន់តែច្រើន កាន់តែល្អ និងកាន់តែបរិយាប័ន្ន សម្រាប់អនាគតវែងឆ្ងាយទៅមុខទៀត។ ជាមូលដ្ឋាន កម្ពុជាចាំបាច់ត្រូវធ្វើឲ្យផ្នែកទាំងពីរនៃសេដ្ឋកិច្ច កាន់តែមានភាពប្រសើរ និងកាន់តែធ្វើសមាហរណកម្មគ្នា ឲ្យបានខ្លាំងក្លាថែមទៀត។ ផ្នែកទាំងពីរនោះ មានវិស័យនាំចេញ ដែលជាមូលដ្ឋានក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស (FDI) និងវិស័យក្នុងស្រុក ដែលផ្គុំឡើងដោយសហគ្រាសគ្រួសារ និងសហគ្រាសខ្នាតតូច និងមធ្យម។ ទន្ទឹមនឹងនេះ ពលករកម្ពុជាចាំបាច់ត្រូវខិតខំបង្កើតជំនាញ និងសមត្ថភាព របស់ខ្លួនថែមទៀត ដើម្បីតាមទាន់ចាប់យកឱកាសនានា ដែលអាចនឹងកើតមានឡើង នៅពេលដែលវិស័យទាំងពីរនេះ នៃសេដ្ឋកិច្ច មានភាពប្រកួតប្រជែងកាន់តែខ្លាំងក្លាថែមទៀត៕