លោក ចក្រារ៉ាត់ ភីតតាវ៉ាវ៉ាន់កានន់ (Chakrarat Pittawawanganon) ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបាននិយាយកាលពីថ្ងៃអាទិត្យថា នៅពេលដែលពិធីបុណ្យ សង្ក្រាន ត្រូវបានបញ្ចប់ ចំនួនករណីឆ្លងអាចកើនឡើងពី ២០-៣០ ភាគរយ។ ដូច្នេះ លោកបានជំរុញឱ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនអនុវត្តវិធានការធ្វើការងារពីផ្ទះរយៈពេល ៥ទៅ៧ ថ្ងៃ បន្ថែមពីលើការពិនិត្យអង់ទីហ្សែនជាប្រចាំ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកន្លែងធ្វើការ។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការចាក់ថ្នាំបង្ការរោគចំពោះអ្នកដែលស្ថិតក្នុងក្រុម ដែលមានហានិភ័យខ្ពស់ ដូចជាអ្នកដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ អ្នកដែលមានស្ថានភាពសុខភាពរ៉ាំរ៉ៃ និងស្ត្រីមានផ្ទៃពោះជាដើម។
លោក ចក្រារ៉ាត់ បាននិយាយទៀតថា រហូតមកដល់ពេលនេះ មានប្រជាជនត្រឹមតែ ៣៧ ភាគរយ ប៉ុណ្ណោះ បានចាក់ដូសជំរុញ ដែលទាបជាងគោលដៅរបស់រដ្ឋាភិបាល ៦០%។
ទន្ទឹមនឹងនេះ លោក សូផុត ម៉ាឡានីយុម (Supot Malaniyom) អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងជានាយកមជ្ឈមណ្ឌលប្រតិបត្តិការរបស់រដ្ឋបាលស្ថានភាព កូវីដ-១៩ (Covid-19 (CCSA) )បាននិយាយថា ទីភ្នាក់ងារនឹងជួបប្រជុំគ្នានៅសប្តាហ៍នេះ ដើម្បីវាយតម្លៃការឆ្លងបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យសង្ក្រាន្ដបញ្ចប់។ លោកបាននិយាយបន្តថា កិច្ចប្រជុំនេះនឹងពិភាក្សាអំពីការត្រៀមខ្លួនក្នុងការបើកសាលារៀនឡើងវិញ ក៏ដូចជាកែប្រែការរឹតបន្តឹងការធ្វើដំណើរតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាស។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ( Prayut Chan-o-cha) ក៏បានណែនាំដល់ក្រសួងសុខាភិបាលសាធារណៈ គណៈកម្មាធិការជំងឺឆ្លងតាមខេត្ត ក៏ដូចជារដ្ឋបាលក្រុងបាងកក និងអង្គការរដ្ឋបាលក្នុងតំបន់ បង្កើនការត្រួតពិនិត្យ និងធានាថា កន្លែងធ្វើចត្តាឡីស័កគ្រប់គ្រាន់ពេលមានករណីឆ្លងកើនឡើង។
សូមជម្រាបថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសថៃ រកឃើញអ្នកឆ្លងថ្មីចំនួន ជាង ១ម៉ឺន ករណី។ ខណៈពេលដែលមនុស្ស ជាង២ម៉ឺននាក់ត្រូវបានជាសះស្បើយចាកចេញពីមន្ទីរពេទ្យ។ ដោយឡែក អ្នកជំងឺ ជាង២១ម៉ឺននាក់ កំពុងទទួលការព្យាបាលកូវីដ-១៩ នៅមន្ទីរពេទ្យ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ បាងកក ប៉ុសិ៍ដ៕
អត្ថបទដោយ៖ ម៉ុន សុកែវ