តំបន់អឺរ៉ុបនាំចូលសព្វាវុធ

តើមានហេតុផលអី្វខ្លះធ្វើឲ្យតំបន់អឺរ៉ុបនាំចូលសព្វាវុធកើនឡើងច្រើនជាងគេក្នុង៥ឆ្នាំចុងក្រោយនេះ?


នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយ អឺរ៉ុបត្រូវបានគេកត់សម្គាល់ឃើញថា ជាតំបន់ដែលបាននាំចូលអាវុធយុទ្ធភណ្ឌកើនឡើងច្រើនជាងគេបង្អស់ ច្រើនជាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលជាមហាអំណាចយោធាលេខ១ និងលេខ២ពិភពលោកទៅទៀត។តើមានហេតុអី្វខ្លះធ្វើឲ្យតំបន់អឺរ៉ុបនាំចូលសព្វាវុធកើនឡើងច្រើនជាងគេក្នុង៥ឆ្នាំចុងក្រោយនេះ? នេះបើតាមរបាយការណ៍ស្រាវជា្រវថ្មីមួយពីអ្នកជំនាញផ្នែកសព្វាវុធ ចេញផ្សាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
តើមានហេតុផលអី្វខ្លះធ្វើឲ្យតំបន់អឺរ៉ុបនាំចូលសព្វាវុធកើនឡើងច្រើនជាងគេក្នុង៥ឆ្នាំចុងក្រោយនេះ?

ការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុង Stockholm បង្ហាញថា ការនាំចូលសព្វាវុធក្នុងក្របខណ្ឌទូទាំងពិភពលោកបានធ្លាក់ចុះជិត៥% ក្នុងឆ្នាំ២០១៧ដល់ឆ្នាំ២០២១ និងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពី៥ឆ្នាំមុន។ ក្នុងរយៈពេលដូចគ្នានេះ ទ្វីបអឺរ៉ុបនិយាយដោយឡែក ដែលបានរងការបោកបក់ពីរលកឆ្លងកូវីដ១៩ចាប់ពីឆ្នាំ២០២០ផង នោះ ប៉ុន្តែនិន្នាការនាំចូលអាវុធយុទ្ធភណ្ឌមិនមានការស្រុតចុះនោះទេ។ ផ្ទុយទៅវិញ វាបានកើនឡើងដល់ទៅជិត២០%ឯណោះ។ 

លោក ស៊ីម៉ុន វ៉ីស៍មែន(Siemon Wezeman) អ្នកស្រាវជ្រាវជាន់ខ្ពស់របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុង Stockholm បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា អឺរ៉ុបបានក្លាយជាទីតាំងនាំចូលអាវុធដ៏សកម្មថ្មីមួយរបស់ពិភពលោកហើយ។

អ្នកជំនាញរូបនេះអះអាងថា អឺរ៉ុបនឹងបង្កើនការចំណាយខាងយោធារបស់ខ្លួន មិនមែនតែបន្តិចបន្តួចប៉ុណ្ណោះទេ ប៉ុន្តែក្នុងកំរិតមួយដ៏ច្រើន។ អឺរ៉ុបត្រូវការសព្វាវុធថ្មី ហើយភាគច្រើនអាវុធទាំងនោះ បានមកពីការនាំចូលជាជាងផលិតដោយខ្លួនឯង។ ភាគច្រើននៃការដោះដូរគ្រឿងសព្វាវុធក្នុងតំបន់អឺរ៉ុប គឺបាននាំចូលទៅវិញទៅមករវាងប្រទេសអឺរ៉ុបដូចគ្នា និងមួយចំនួនធំទៀតនាំចូលពីសហរដ្ឋអាមេរិក។ 

ជាក់ស្តែង អាល្លឺម៉ង់ ដែលជាបងធំរបស់អឺរ៉ុប ទើបបានប្រកាសពីការពង្រីកថវិកាយោធាបន្ថែមសម្រាប់ឆ្នាំ២០២២នេះ ស្របពេលដែលដាណាម៉ាក និងស៊ុយអែតបានបង្កើនការចំណាយតាំងតែពីឆ្នាំមុនមកម្ល៉េះ។ នេះជាលើកទីមួយហើយ ដែលអាល្លឺម៉ង់បានបង្កើនថវិកាការពារជាតិរបស់ខ្លួនក្នុងចំនួនច្រើន ចាប់តាំងពីការបង្រួបបង្រួមអាល្លឺម៉ង់ខាងលិច និងខាងកើតទាំងពីក្នុងឆ្នាំ ១៩៩០មក ដែលវាបានកត់សម្គាល់ការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយការពារជាតិរបស់អាល្លឺម៉ង់ ស្របពេលដែលបច្ចុប្បន្នកំពុងមានអស្ថិរភាពរបស់ពិភពលោក។ 

បន្ថែមពីលើនេះ របាយការណ៍ស្រាវជ្រាវបានគូសបញ្ជាក់ដែរថា បណ្តាប្រទេសនៅអ៊ឺរ៉ុបដែលកំពុងភិតភ័យ ពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងបង្កើនកម្លាំងយោធារបស់ពួកគេ ជាមួយនឹងការបញ្ជាទិញសព្វាវុធពីសហរដ្ឋអាមេរិក មានដូចជាយន្តហោះចម្បាំងដ៏ទំនើប F-35 កាំជ្រួចកាពារដែនអាកាស មីស៊ីល កាំភ្លើងធំ និងអាវុធធុនធ្ងន់ផ្សេងទៀត។

ជាក់ស្តែង ប្រភពពីសភាជាតិអាល្លឺម៉ងបានបង្ហើបឲ្យដឹងកាលពីថ្ងៃចន្ទទី១៤ខែមីនាថា អាល្លឺម៉ង់មានបំណងទិញយន្តហោះចម្បាំង F-35ពីអាមេរិកចំនួន៣៥គ្រឿង ដើម្បីជំនួសយន្តហោះម៉ូដែលចាស់ៗរបស់ខ្លួន។ 

សូមជម្រាបថា សម្រាប់ប្រទេសនៅតំបន់អឺរ៉ុប ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជាការគំរាមកំហែងមួយ ដែលគេមិនអាចមើលរំលងបាន។ ប្រទេសនៅអឺរ៉ុបខ្លះផ្តើមពង្រឹងនិងពង្រីកវិស័យការពារជាតិរបស់ខ្លួន តាមរយៈការបង្កើនការចំណាយ ខ្លះស្នើសុំចូលជាសមាជិកអង្គការតំបន់ដូចជាសហភាពអឺរ៉ុប ដើម្បីមានខ្នងបង្អែក ខ្លះទៀតស្នើសុំអាមេរិកដែលជាមហាអំណាចយោធាពិភពលោក អោយដាក់ទ័ពអចន្ត្រៃយ៍ក្នុងប្រទេសរបស់ខ្លួនជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការប្រមូលចំណូលពន្ធដារនៅពីរខែដំបូងឆ្នាំនេះកើនជាង២២%

ព័ត៌មាន
នៅរយៈពេល ២ខែដំបូង ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានប្រមាណជាង ៥០០លានដុល្លារ ដែលមានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នា…

តើសង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែនអាចនឹងបិទបញ្ចប់ពេលណា?

ព័ត៌មាន
លោកទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន លោក អូលេកស្គី អារ៉េសស្តូវិច(Oleksiy Arestovich) បានធ្វើការវាយតម្លៃថា សង្រ្គាមឈ្លានពានរុស្ស៊ីទៅលើ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ