ព្រឹត្តិការណ៍នេះ មានការទទួលស្វាគមន៍ពីថ្នាក់ដឹកនាំក្រសួងសំខាន់ៗរបស់រដ្ឋាភិបាល ហើយក៏មានការគាំទ្រដោយផ្ទាល់ពីមហាជន និងមានផ្សព្វផ្សាយយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមផងដែរ។ តើព្រឹត្តិការណ៍ Gumball 3000 បានផ្ដល់ផលចំណេញអ្វីខ្លះដល់វិស័យទេសចរណ៍របស់កម្ពុជា?
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានចាត់ទុកព្រឹត្តិការណ៍ Gumball 3000 គឺជាព្រឹត្តិការណ៍ដែលមានផលប្រយោជន៍ធំសម្រាប់កម្ពុជា ខណៈការធ្វើដំណើរពីច្រកទ្វារព្រំដែនម្ខាងទៅម្ខាងទៀតរបស់អ្នកចូលរួមដែលជាក្រុមសេដ្ឋី និងជនល្បីៗមកពីបណ្ដាប្រទេសនានាលើពិភពលោកបានបង្ហាញអំពីគោលដៅទេសចរសុវត្ថិភាពរបស់កម្ពុជា ដែលបណ្ដាប្រទេសមួយចំនួនកំពុងមានការយល់ច្រលំយ៉ាងខ្លាំងនាពេលកន្លងមក។ បើតាមអ្នកជំនាញរូបនេះ ព្រឹត្តិការណ៍ Gumball 3000 នេះ បានបង្ហាញដល់ពិភពលោកអំពីស្នាមញញឹមរបស់ប្រជាជនកម្ពុជា ភាពមានសុខសន្តិភាព និងជាគោលដៅដែលអាចធ្វើដំណើរមកកម្សាន្តប្រកបដោយសុវត្ថិភាព។
ជាមួយគ្នានេះ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានលើកឡើងថា ការយល់ឃើញរបស់ពលរដ្ឋមួយចំនួនអំពីព្រឹត្តិការណ៍ Gumball 3000 ដែលធ្វើឡើងក្នុងស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ គឺមិនមែនជារឿងខុសឆ្គងនោះទេ។ ហើយការរិះគន់នេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា អាចកើតឡើងដោយសារក្រសួងស្ថាប័នពាក់ព័ន្ធមិនបានផ្សព្វផ្សយឱ្យបានច្បាស់ថា រថយន្ត និងសម្ភារទាំងអស់នោះមិនមែនជារបស់រដ្ឋាភិបាល ហើយការចំណាយផ្សេងៗក៏មិនមែនជាបន្ទុករបស់រដ្ឋដូចគ្នា តែជាការឧបត្ថម្ភរបស់ក្រុមហ៊ុនឯកជន។
ដោយឡែកលោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាយល់ឃើញថា ព្រឹត្តិការណ៍ Gumball 3000 ដែលប្រមូលផ្ដុំដោយក្រុមអ្នកមានកេរ្តិ៍ឈ្មោះ និងសេដ្ឋីមកពីបណ្ដាប្រទេសនានា បានផ្ដល់ផលចំណេញយ៉ាងច្រើនដល់កម្ពុជា ខណៈព្រឹត្តិការណ៍នេះមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមល្បីៗយ៉ាងទូលំទូលាយ និងមិនអស់ថវិកា។ តាមរយៈព្រឹត្តិការណ៍នេះ អ្នកជំនាញរូបនេះជឿជាក់ថា វិស័យទេសចរណ៍របស់កម្ពុជានឹងកាន់តែមានល្បីល្បាញមួយកម្រិតទៀត និងអាចស្រូបទាញភ្ញៀវទេសចរពីបណ្តាប្រទេសនានាបានកាន់តែច្រើនថែមទៀត។
ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ត្រូវបានអ្នករៀបចំកម្មវិធីចាត់ទុកថា ជាព្រឹត្តិការណ៍ដែលបង្កើតឡើងក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក និងចូលរួមចំណែកក្នុងសប្បុរសធម៌ទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ព្រមទាំងការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ដែលមានការចូលរួមចតរថយន្តប្រណិតៗច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ