លោក យ៉ាង វ័យម៊ីន អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងនយោបាយ របស់បក្សកុម្មុយនិស្តចិន បានណែនាំថា អ្នករៀបចំគោលនយោបាយរបស់រដ្ឋាភិបាលប៉េកាំង គួរតែបង្កើតគោលនយោបាយគាំទ្រឲ្យបានច្រើនសម្រាប់ឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹង ការធ្លាក់ចុះនៃសេដ្ឋកិច្ច និង ការកើនឡើងនៃបញ្ហាប្រឈមផ្នែកខាងក្រៅ។
ជាងនេះទៅទៀត លោកបាននាំណែថា ដើម្បីរក្សាសន្ទុះនៃការងើបឡើងវិញនៅឆ្នាំក្រោយ ក្រុងប៉េកាំង គួរតែខិតខំប្រឹងប្រែងឲ្យបានខ្លាំង ដើម្បីរក្សាស្ថិរភាពអត្រាកំណើន ព្រោះថា ការអភិវឌ្ឍដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់ចាំបាច់ ត្រូវមានកំណើនសេដ្ឋកិច្ចថេរ ឬក្នុងអត្រាសមហេតុសមផលមួយ ជៀសវាងការងើបឡើងនិងធ្លាក់ចុះ គ្មានលំនឹងច្បាស់លាស់។
ទន្ទឹមនឹងការណែនាំនេះ លោក យ៉ាង វ័យម៊ីន ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលចិនរូបនេះ ក៏បានព្រមានថា កំណើនសេដ្ឋកិច្ចចិននៅឆ្នាំក្រោយអាចជាបញ្ហាប្រឈមធំបំផុតមួយរបស់រដ្ឋាភិបាលលោកស៊ី ជីនពីង។ លោកអះអាងយ៉ាងដូច្នេះ ក៏ដោយសារតែលោកបានសង្កេតឃើញពីកំណើនយឺតជាងការរំពឹងទុករបស់សេដ្ឋកិច្ចចិនក្នុងឆ្នាំ ២០២១។
គួរជម្រាបថា សេដ្ឋកិច្ចចិននៅត្រីមាសទី៣ឆ្នាំនេះ បានធ្លាក់ចុះច្រើនមែនទែន បើធៀបនឹងត្រីមាសដំបូង។ ពោលសេដ្ឋកិច្ចចិនមានកំណើនរហូតដល់ជាង ១៨% ក្នុងរយៈពេលបីខែដំបូងឆ្នាំ ២០២១ ប៉ុន្តែបានធ្លាក់ចុះមកនៅត្រឹមកំណើន តែជិត៥%ប៉ុណ្ណោះក្នុងត្រីមាសទី៣ឆ្នាំនេះ ខណៈត្រីមាសចុងក្រោយសេដ្ឋកិច្ចចិន ត្រូវបានគេរំពឹងថា នឹងបន្តមានកំណើនយឺតជាងនេះទៀត។
ធនាគារចិន Bank of China ដែលជាធនាគារធំ១ ក្នុងចំណោមធនាគារធំៗទាំង៤ដែលគ្រប់គ្រងដោយរដ្ឋចិន កាលពីសប្តាហ៍មុនបានព្យាករសេដ្ឋកិច្ចចិននៅឆ្នាំក្រោយ ថានឹងមានកំណើនប្រមាណ៥%ប៉ុណ្ណោះ តិចជាងការព្យាកររបស់ IMF ដែលប៉ាន់ស្មានថា ចិននឹងមានកំណើនសេដ្ឋកិច្ច ៥,៥%នៅឆ្នាំ២០២២។
សូមជម្រាបថា ចិនជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីរ របស់ពិភពលោក កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន រាប់ចាប់តាំងពីកូវីដ១៩បំប្លែងខ្លួនថ្មីអូមីក្រុង ហានិភ័យហិរញ្ញវត្ថុ ដែលបណ្តាលមកពីបញ្ហាបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំ Evergrande និងទំនាក់ទំនងពាណិជ្ជកម្មមិនល្អជាមួយរដ្ឋបាលលោក ចូ បៃឌិនជាដើម៕