វិស័យពាណិជ្ជកម្ម

តើការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា នៅឆ្នាំ២០២៥ អាចនឹងមានស្ថានភាពយ៉ាងណាដែរ?


ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ បើទោះបីវិបត្តិសេដ្ឋកិច្ចសកល និងបញ្ហាភូមិសាស្រ្តនយោបាយ បន្តស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក៏ដោយ។ ជាក់ស្តែងនៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ មានទំហំសរុបជាង៤៥ពាន់លានដុល្លារ មានការកើនឡើង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ តើក្រសួងពាណិជ្ជកម្ម មានការរំពឹងបែបណាចំពោះការធ្វើពាណិជ្ជកម្មរបស់កម្ពុជា នៅឆ្នាំ២០២៥?
វិស័យពាណិជ្ជកម្ម
ដោយ

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ជឿជាក់ថា ដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា នឹងបន្តមានភាពប្រសើរ ខណៈវិស័យទេសចរណ៍ និងវិស័យសំណង់ ព្រមទាំងវិស័យមួយចំនួនទៀត ចាប់ផ្ដើមមានសកម្មភាពងើបឡើងវិញជាបណ្ដើរៗ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ក្រសួងពាណិជ្ជកម្ម នឹងពង្រឹងការធ្វើពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាដៃគូទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី តាមរយៈការរៀបចំគោលដៅផ្ដោតលើបច្ចេកវិទ្យា លក្ខខណ្ឌទីផ្សារល្អៗ និងជំរុញការធ្វើពិពិធកម្មផលិតផលនៅលើទីផ្សារ។

​ជាមួយគ្នានេះ ឯកឧត្តម ប៉ែន សុវិជាតិ ជឿជាក់ថា ស្ថានការណ៍សេដ្ឋកិច្ចពិភពលោកនៅក្នុងឆ្នាំ២០២៥ នឹងមានភាពប្រសើរជាងមុន បើទោះបីមានបញ្ហាប្រឈមខ្លះនៃភាពមិនច្បាស់លាស់ចំពោះភូមិសាស្រ្តនយោបាយ ដែលជះផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលមកលើទីផ្សារពិភពលោកក៏ដោយ។ ការជឿជាក់បែបនេះធ្វើឡើងក្រោយមន្ត្រីជាន់ខ្ពស់រូបនេះសង្កេតឃើញថា ទីផ្សារសំខាន់ៗដែលកម្ពុជា បាននាំចេញ ដូចជា សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងទីផ្សារ RCEP ជាដើម បានរងផលប៉ះពាល់តិចតួចប៉ុណ្ណោះពីការជះឥទ្ធិពលនៃបញ្ហាភូមិសាស្រ្តនយោបាយ។ បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បញ្ហាតម្លៃប្រេងឡើងខ្ពស់ គឺជាដើមចមធ្វើសេដ្ឋកិច្ចពិភពលោកប្រឈមផលលំបាក ប៉ុន្តែតាមរយៈភាពនឹងនរនៃតម្លៃប្រេងឆៅ ឯកឧត្តមជឿជាក់ថា នឹងធ្វើឱ្យស្ថានការណ៍សេដ្ឋកិច្ចពិភពលោកមានភាពប្រសើរជាងមុន។

​គួរបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិមានទំហំសរុបជាង៤៥ពាន់លានដុល្លារ មានការកើនឡើង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ប្រទេសចិនជាដៃគូដោះដូរពាណិជ្ជកម្មធំជាងរបស់កម្ពុជា ជាមួយទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារមានការកើនឡើងជាង២៣% បន្ទាប់មក គឺទីផ្សារសហរដ្ឋអាម៉េរិកជាមួយទំហំទឹកប្រាក់ជាង៨ពាន់លានដុល្លារ កើនឡើងជាង៩% តាមពីក្រោយដោយទីផ្សារវៀតណាម ជាមួយទំហំពាណិជ្ជកម្មជាង៦ពាន់លានដុល្លារ កើនឡើងជាង២១% និងមានទីផ្សារសំខាន់ៗផ្សេងទៀតផងដែរ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet បន្ថែមយន្តហោះថ្មីនៅចុងខែនៃឆ្នាំ ២០២៤ ដើម្បីពង្រីកកងនាវាអាកាសចរដ៏ទំនើបរបស់ខ្លួន

ភ្នំពេញ ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ - សមាជិកថ្មីបំផុតរបស់កងនាវាអាកាសចរ Vietjet ដែលជាយន្តហោះ Airbus A321neo ACF (Airbus Cabin Flex) …

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុន វីរៈប៊ុនថាំ ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនៅកម្ពុជា ចាប់អារម្មណ៍វិនិយោគលើការដាំដុះបន្លែ?

ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ និងវិនិយោគលើវិស័យទេសចរណ៍ដ៏ធំមួយនៅកម្ពុជា បានបង្ហាញបំណងចង់វិនិយោគក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ