
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានសុទិដ្ឋិនិយមខ្ពស់ និងជឿជាក់ថា ប្រសិនបើគ្មានករណីប្រធានស័ក្តិណាមួយកើតឡើងទេ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តព្រះសីហនុនឹងទទួលបានកំណើនភ្ញៀវទេសចរចូលទៅលេងកម្សាន្តច្រើនជាងឆ្នាំមុនៗ ខណៈមកទល់ពេលនេះ បន្ទប់ស្នាក់នៅតាមសណ្ឋាគារ រីសត បឹងកាឡូ និងនៅតាមបណ្តាកោះនានា ទទួលបានការកក់ច្រើនស្ទើរតែពេញអស់ហើយ។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្ត ក៏បានផ្សព្វផ្សាយឱ្យប្រតិបត្តិការទេសចរណ៍ពង្រឹងសេវាកម្ម និងការបដិសណ្ឋារកិច្ចរបស់ខ្លួននៅក្នុងឱកាសនេះផងដែរ។ ជាមួយគ្នានេះ ខេត្តព្រះសីហនុ ក៏មានការរៀបចំកម្មវិធីសង្រ្កាន្ត និងការចំតុបតែងសោភណភាពនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរផងដែរ។
ជាមួយគ្នានេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានគូសបញ្ជាក់ថា ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរចូលមកកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ អាជ្ញាធរខេត្តបានរៀបចំព្រឹត្តិការណ៍កំពតសង្រ្កាន្ត ការប្រគំតន្រ្តី កន្លែងលេងល្បែងប្រជាប្រិយ និងកន្លែងកម្សាន្តជាច្រើនទៀត និងបានចុះណែនាំដល់អាជីវករ និងប្រតិបត្តិករទេសចរឱ្យរក្សាសេវាកម្មប្រកបដោយគុណភាព និងមានតម្លៃសមរម្យផងដែរ។ យ៉ាងណាមិញប្រធានមន្ទីរទេសចរណ៍ខេត្តកំពត រូបនេះ រំពឹងថា ខេត្តកំពតនឹងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តច្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ។
ជាមួយគ្នានេះ លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងថា មកទល់ពេលនេះស្ថានភាពនៃការកក់បន្ទប់ស្នាក់នៅរបស់ភ្ញៀវទេសចរនៅតាមសណ្ឋាគារនានា ក្នុងខេត្តកែប មានប្រមាណ៥០%ហើយ នឹងរំពឹងទទួលបានពេញទាំងស្រុងតែម្តងនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឈានចូលមកដល់។ លោកជឿជាក់ថា ចំនួនភ្ញៀវទេសចរមកដើរលេងកម្សាន្តនៅខេត្តកែបនឹងមានការកើនឡើងខ្ពស់នៅឆ្នាំនេះ ខណៈអាជ្ញាធរខេត្តបានត្រៀមខ្លួនរួចហើយក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
គួរជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥៕