លោក បាលីល ឡាហាដាលៀ (Bahlil Lahadalia) រដ្ឋមន្រ្តីក្រសួងបណ្តាក់ទុន របស់ឥណ្ឌូនេស៊ី បានអះអាងប្រាប់ កាសែត the Jakarta Post ថា នេះគឺជាកិច្ចសន្យាវិនិយោគទុន ដែលទទួលបានពីក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ របស់ លោក ចូកូវី នៅក្នុងប្រទេសចិន នៅក្នុងទីក្រុង ឆេងឌូ (Chengdu) ប្រទេសចិន កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៣ ។
លោកបានអះអាងថា ការប្តេជ្ញាចិត្តលើការវិនិយោគដែលមានតម្លៃសរុប ១១,៥ ពាន់លានដុល្លារនេះ គឺបានមកពីក្រុមហ៊ុនផលិតកញ្ចក់ដ៏ធំបំផុតមួយរបស់ពិភពលោក គឺក្រុមហ៊ុន ស៊ីនយី ( Xinyi ) ដើម្បីធ្វើការអភិវឌ្ឍរោងចក្រផលិតកញ្ចក់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅក្នុងទឹកដីនៃប្រទេសឥណ្ឌូនេស៊ី។
លោកបានអះអាងថា ក្រុមហ៊ុន ស៊ីនយី បានប្តេជ្ញាចិត្តថា នឹងសាងសង់រោងចក្រផលិតកញ្ចក់នៅកោះ រ៉េមប៉ាង ( Rempang) នាតំបន់ បាតាំ ( Batam ) ហើយនៅពេលដែលរោងចក្រនេះដំណើរការ នោះ ឥណ្ឌូនេស៊ីនឹងក្លាយជាទីកន្លែងផលិតកញ្ចក់ធំជាងគេទីពីរនៅលើពិភពលោកបន្ទាប់ពីប្រទេសចិន ។
លោកបានបន្តទៀតថា គោលដៅដែលក្រុមហ៊ុន ស៊ីនយី ចាប់អារម្មណ៍នឹងគម្រោងនៅកោះ រ៉េមប៉ាង គឺដោយសារតែ ទីនោះសំបូរធនធានរ៉ែខ្សាច់ដែលមានគុណតម្លៃដល់ឧស្សាហកម្មកញ្ចក់ និង វត្ថុធាតុដើមរួមផ្សំល្អៗផ្សេងទៀត ។
លោកបានបន្តទៀតថា នៅពេលដែលរោងចក្រនេះដំណើរការនោះ៩៥ភាគរយនៃផលិតផលសម្រេចនឹងត្រូវនាំចេញទៅកាន់ទីផ្សាបរទេស ហើយរំពឹងថា នឹងអាចស្រូបយកការងារធ្វើជូន ពលករសរុប ៣ម៉ឺន៥ពាន់នាក់ ។
លោកបានបន្តទៀតថា ក្រៅពីសំបូរធនធាន និងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកញ្ចក់ នៅកោះដែលក្រុមហ៊ុន ស៊ីនយីបោះទីតាំងផលិតនេះ ក៏សំបូរវត្ថុធាតុដើមសម្រាប់ផលិតបន្ទះសូឡាផងដែរ ។
ក្រុមហ៊ុនស៊ីនយី មិនមែនជាក្រុមហ៊ុនថ្មីដែលនឹងមកបោះទុនវិនិយោគនៅឥណ្ឌូនេស៊ីនោះឡើយ ក្រុមហ៊ុននេះបានបណ្តាក់ទុនតម្លៃ ៧០០ លានដុល្លាររួចហើយ នៅក្នុងការសាងសង់រោងចក្រនៅខាងកើតកោះហ្សាវ៉ា ។
មកដល់ពេលនេះ គេដឹងថា ឥណ្ឌូនេស៊ីមានធនធានរ៉ែខ្សាច់ថ្មខៀវ ដែលជាវត្ថុធាតុដើមសម្រាប់ផលិតកញ្ចក់ និងបន្ទះសូឡារហូតដល់ទៅ ២៥ ពាន់តោន ជាមួយនឹងទុនបម្រុងផ្សេងទៀតមានបរិមាណសរុប ដល់ទៅ ៣៣០ លានតោន ខណៈដែលចិន ត្រូវបានគេដឹងថា គឺជាប្រទេស ដែលផលិតកញ្ចប់ និងបន្ទះសូឡាបានច្រើនបំផុត ។
គួររំលឹកថា នៅក្នុងដំណើរទស្សនកិច្ចនៅចិនលើកនេះ លោក ចូកូវី ក៏បានជួបពិភាក្សាទ្វេភាគីជាមួយនឹងសមភាគីចិន គឺលោក ស៊ី ជិនភីង ប្រធានាធិបតីចិនផងដែរ ដោយនៅក្នុងអំឡុងពេល នៃកិច្ចពិភាក្សានេះ ភាគីទាំងពីរ កំពុងតែសម្លឹងទៅរកការពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តបន្ថែមទៀត៕
ដោយៈ សរ សុជាតិ