ប្រទេសចិន

តើលោកស៊ី ជីនពីង រុះរើក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗណាខ្លះ ដើម្បីបន្ដទៅកាន់អំណាចសម្រាប់អាណត្តិទី៣?


ក្រោយធ្វើឡើងអស់ពេលជិតមួយសប្តាហ៍ មហាសន្និបាតលើកទី២០នៃគណបក្សកុម្មុយនិស្តចិនដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យទី១៦តុលាត្រូវបិទបញ្ចប់ហើយកាលពីថ្ងៃសៅរ៍ទី២២តុលាសប្តាហ៍មុន។ សមាជបក្សលើកនេះត្រូវបានបិទបញ្ចប់ជាមួយនឹងការបោះឆ្នោតជាឯកច្ឆ័ន្ទ តែងតាំងសមាជិកថ្មី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ដោយក្នុងន័យនេះលោកស៊ី ជីនពីង នឹងបន្តដំណែងរបស់លោកសម្រាប់អាណត្តិទី៣ជាផ្លូវការ។
ដូចការរំពឹងទុកលោកស៊ី ជីនពីងបន្តកាន់អំណាចសម្រាប់អាណត្តិទី៣!

លោក ស៊ី ជីនពីង បានទទួលការពង្រឹងអំណាចកាន់តែខ្លាំងឡើង ជាមួយនឹងការបន្តអង្គុយកៅអីប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ ដែលជារឿងមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តចិន ស្របពេលដែលប្រធានាធិបតីមុនៗមានសិទ្ធិបន្តអំណាចត្រឹម២អាណត្តិ។

ក្រៅពីនោះ លោកស៊ី ជីនពីងក៏បានរុះរើក្បាលម៉ាស៊ីនដឹកនាំថ្មី របស់បក្សកុម្មុយនីស្តផងដែរ។ ក្នុងចំណោមសមាជិកបក្សទាំង២៣០០នាក់ដែលមានវត្តមាន បានបោះឆ្នោតជាឯកច្ឆ័ន្ទតែងតែងគណៈកម្មាធិការមជ្ឈិមបក្សថ្មី ដែលមានសមាជិកសរុបទាំងអស់២០៥នាក់។

ប៉ុន្តែយោងតាមតារាងឈ្មោះដែលទីភ្នាក់ងារព័ត៌មានចិនបានចុះផ្សាយ គឺឥស្សរៈជន៤នាក់ ដែលលែងមានឈ្មោះជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សតទៅទៀត។ ក្នុងនោះក៏មានដែរលោក លី ខឺឈាំងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ហើយដែលត្រូវលាឈប់ព្រោះដល់អាយុចូលនិវត្តន៍ និងដល់អាណត្តិរបស់លោក។

ក្រៅពីនោះ គេឃើញមានបុគ្គលសំខាន់ៗមួយចំនួនទៀតដែលលែងមានឈ្មោះ ដូចជា លោក Li Zhanshu ប្រធានសភាប្រជាមានិតចិន លោកឧបនាយករដ្ឋមន្ត្រីបច្ចុប្បន្ន Han Zheng និងលោក Wang Yang ប្រធានក្រុមប្រឹក្សានយោបាយប្រជាមានិតចិន។ លោក Wang Yang នេះ ត្រូវបានគេស្គាល់ថាជាមនុស្សមានទំនោរសេរីនិយមខ្លាំងជាគេ ក្នុងចំណោមសមាជិកធំៗរបស់បក្សកុម្មុយនីស្តចិន។ កន្លងមកបុរសរូបនេះ ធ្លាប់ត្រូវគេរំពឹងថា ប្រហែលជាអាចឡើងមកធ្វើជានាយករដ្ឋមន្ត្រីអាណត្តិថ្មីជំនួសលោកលី ខឺឈាំង តែពេលនេះ គឺត្រូវគេដកឈ្មោះបាត់ទៅហើយ។

ដោយឡែក កាលពីព្រឹកថ្ងៃអាទិត្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សថ្មីទាំង២០៥នាក់ បាន ប្រជុំបោះឆ្នោតបន្ត ដើម្បីជ្រើសរើសគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយបក្ស ដែលមានសមាជិកចំនួន៧រូប។ ជាលទ្ធផល ស្ថាប័នគ្រប់គ្រងកំពូលរបស់ប្រទេសចិនទាំង៧រូបនេះរួមមាន លោកស៊ី ជីនពីងខ្លួនឯង លោក លីឈាំង(Li Qiang) ដែលទំនងជានាយករដ្ឋមន្ត្រីថ្មីចូលជំនួសលោកលី ខឺឈាំងនៅខែមីនា លោកចៅ ឡីជី(Zhao Leji) និង វ៉ាង ហ៊ុននីង(Wang Huning) ដែលជាសមាជិកចាស់ដដែល និងសមាជិកថ្មីបីរូបទៀតគឺលោក ខៃ ឈី(Cai Qi), ឌីង សៀវស៊ែង(Ding Xuexiang) និងលោក លី ស៊ី (Li Xi)។ គួរជម្រាបថា អ្នកទាំងអស់នេះត្រូវបានគេមើលឃើញថា មានភក្តីភាព និងជិតស្និទ្ធណាស់នឹងលោកស៊ី ជីនពីង។

សូមបញ្ជាក់ថា នៅក្នុងសុន្ទរកថា ចុងក្រោយនៃអង្គមហាសន្និបាត លោកស៊ី ជីនពីង បានប្រកាសការប្ដេជ្ញាចិត្តធ្វើឱ្យខ្លាំងក្លាដើម្បីបំពេញគោលដៅកំណត់ដោយបក្ស និងបានថ្លែងយ៉ាងមោះមុតថា «ត្រូវតែហ៊ានប្រយុទ្ធ ដើម្បីជ័យជំនះ»។ លោកស៊ី ជីនពីងប្តេជ្ញាបន្តអនុវត្តផែនការនយោបាយ របស់លោកតទៅទៀត ក្នុងនេះន័យ អាណត្តិទី៣របស់លោក គឺចិននឹងបន្តអនុវត្តយុទ្ធសាស្ត្រកូវីដ១៩ស្មើសូន្យតទៅទៀត បើទោះបីជាសេដ្ឋកិច្ចចិន ត្រូវទទួលរងនូវការលំបាកកម្រិតណាក៏ដោយ៕




អត្ថបទបន្ទាប់


មីយ៉ាន់ម៉ាត្រូវបានដាក់បញ្ចូលបញ្ជីខ្មៅហិរញ្ញប្បទានភេរវកម្ម និងឧក្រិដ្ឋកម្ម

ក្រុមការងារពិសេសនៃសកម្មភាពហិរញ្ញវត្ថុ ដែលជាស្ថាប័នអ្នកឃ្លាំមើលអន្តរជាតិមួយនោះ បានសម្រេចដាក់ប្រទេសមីយ៉ាន់ម៉ានៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ចំពោះ…

សម្តេច ហ៊ុន សែន ជំរុញឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី រកវិធីសាស្ត្រផលិតពូជស្រូវជូនកសិករ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលទើបឡើងមកកាន់តំណែងថ្មី ខិតខំរិះរកវិធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ